អន្តរជាតិ
ទំនប់​វា​រី​អគ្គិសនី​នៅ​ឡាវ កំពុង​ជះ​ផលប៉ះពាល់​ដល់​បណ្តា​ប្រទេស​តាម​ដង​ទន្លេមេគង្គ​
22, Jul 2019 , 1:41 pm        
រូបភាព
ដោយ:
​អាជ្ញាធរ​ថៃ បានស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ ផ្អាក​ការសាកល្បង​ដំណើរការ​ទំនប់​វា​រី​អគ្គិសនី Xayaburi ដើម្បី​ទប់ស្កាត់​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ ដែល​កំពុង​ប៉ះពាល់​ដល់​បណ្តា​ខេត្ត តាម​ដងផ្លូវ​ទន្លេមេគង្គ​។  ការទាមទាររបស់​ក្រុងបាងកក ធ្វើឡើង​ក្រោយពី​មាន​របាយការណ៍​មួយ​បាន​ចុះផ្សាយ​ថា កម្រិត​ទឹកទន្លេ​មេគង្គ ធ្លាក់ចុះ​ទាប​បំផុត ក្នុង​រយៈពេល​២៨​ឆ្នាំ​ចុង​ក្រោយនេះ  ដែល​គំរាមកំហែង​ដល់​ប្រជាជន និង​ជីវិត​សត្វ​នៅក្បែរ​តំបន់​នោះ​។​

 
​នៅ​ថ្ងៃទី ១៩ ខែកក្កដា ការិយាល័យ​ធនធានទឹក​ជាតិ​ថៃ (ONWR) បាន​បង្ហាញថា ខ្លួន​បាន​ទាក់ទង​ទៅ​រដ្ឋាភិបាល​ឡាវ ដោយ​ស្នើសុំ​ឲ្យ​ផ្អាក​ដំណើរការ​សាកល្បង​ទំនប់​វា​រី​អគ្គិសនី Xayaburi ដែល​ស្ថិតនៅ​ទន្លេមេគង្គ​ក្រោម​។ តាម​ការគ្រោងទុក រដ្ឋាភិបាល​ឡាវ នឹង​ប្រតិបត្តិការ​ទំនប់​វា​រី​អគ្គិសនី​នេះ នា​ខែតុលា ឆ្នាំ​២០១៩​ខាងមុខ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ លោក Somkiat Prajamwong អគ្គនាយក​នៃ ONWR បាន​លើកឡើងថា ប្រជាជន ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ទទួលរង​ឥទ្ធិពល​អវិជ្ជមាន ព្រោះតែ​កម្រិត​ទឹកទន្លេ​ង​មេគង្គ បាន​ធ្លាក់ចុះ​ទាប ប្រមាណ​ជម្រៅ​ជាង ១​ម៉ែត្រ​។ ដូច្នេះ ការិយាល័យ​លោក បាន​ទាក់ទង​ទៅកាន់​រដ្ឋាភិបាល​ឡាវ និង​បាន​ផ្ញើ​សំបុត្រ​ផ្លូវការ​មួយ​ទៅកាន់​គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ដោយ​ទាមទារ​ឲ្យ​ផ្អាក​ប្រតិបត្តិ​ការសាកល្បង​ទំនប់​វា​រី​អគ្គិសនី​នោះ​សម្រាប់​រយៈពេល ២ ឬ ៣​ថ្ងៃ​សិន​។ 
 
​ការ​ដំណើរការ​សាកល្បង​ទំនប់​វា​រី​អគ្គិសនី Xayaburi របស់​ឡាវ បានចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា កន្លងទៅ ហើយ​គ្រោង​បន្តធ្វើ​រហូតដល់​ថ្ងៃទី​២៩ ខែកក្កដា​នេះ​តែម្តង​។ គោលបំណង​នៃ​ការសាកល្បង​នេះ គឺ​ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការបើក​ប្រតិបត្តិការ​ជា​ផ្លូវការ ដែល​នឹង​ធ្វើឡើង​នា​ខែតុលា ឆ្នាំ​២០១៩​ខាងមុខ ពោលគឺ​នៅសល់តែ ៣​ខែ​ទៀត​ប៉ុណ្ណោះ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះដែរ លោក Somkiat Khuenchiangsa ប្រធាន​នៃ​បណ្តាញ​កិច្ចសន្ទនា​មេគង្គ​ប្រចាំ​ភាគ​ខាងជើង ប្រទេស​ថៃ បានបញ្ជាក់​ឲ្យ​ដឹងថា អង្គភាព​លោក នឹង​បញ្ជូន​សំបុត្រ​ទៅកាន់​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា និង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​ថៃ ដោយ​ទាមទារ​ឲ្យ​បង្កើត​ជំនួប​បន្ទាន់​មួយ​រវាង​បណ្តា​ប្រទេស​ក្នុង​ទន្លេមេគង្គ ដើម្បី​ដោះស្រាយ​បញ្ហា​កម្រិត​ទឹកធ្លាក់​ចុះ​នៅ​ទន្លេមេគង្គ​នេះ​។​
 
​តាម​បាងកក​ប៉ុស្តិ៍ លោក Somkiat បញ្ហា​ខ្វះខាត​ទឹក​នេះ នឹង​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ត្រី​ក្នុង​ទន្លេមេគង្គ​។ ត្រង់ចំណុច​នេះ លោក បកស្រាយ​ថា កម្រិត​ទឹកទន្លេ​ទាប​ខ្លាំង​អំឡុង​រដូវវស្សា មានន័យថា សត្វ​ត្រី​ដែលជា​ធម្មតា​ហែល​ទៅកាន់​ទន្លេមេគង្គ​ដើម្បី​ពង​កូន ពុំ​អាច​ហែល​ចូលទៅ​កាន់​ទីនោះ​បាន​ទៀតឡើយ ហើយ​ពួកវា ក៏​លែង​អាចបង្កើត​ពង​ក្នុង​ទន្លេមេគង្គ​ដូច​ពីមុន​បាន​ទៀតផង​ដែរ​។ 
 
​របាយការណ៍​ចុងក្រោយបង្អស់​របស់​គណៈ​កម្ម​ការ​ទន្លេមេគង្គ (MRC) បង្ហាញថា គម្រោង​ទំនប់​វា​រី​អគ្គិសនី​លើ​ដង​ទន្លេមេគង្គ នឹង​កាត់បន្ថយ​ជីវិត​សត្វ​ក្នុង​ទឹក​ប្រមាណ ៤០​ភាគរយ ត្រឹម​ឆ្នាំ ២០២០ ហើយ​ប៉ាន់​ស្មានថា ប្រភព​ត្រី​ប្រមាណ ៨០​ភាគរយ នឹងត្រូវ​បាត់បង់ ត្រឹម​ឆ្នាំ ២០៤០​។ ក្នុងនោះ ប្រទេស​ថៃ នឹង​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ ខណៈ​បរិមាណ​ត្រី​របស់ខ្លួន​ក្នុង​ទន្លេមេគង្គ នឹងត្រូវ​បាត់បង់​ប្រមាណ ៥៥​ភាគរយ​។ ចំណែក​ស្តុក​ត្រី​នៅ​ឡាវ នឹងត្រូវ​បាត់បង់ ប្រមាណ​៥០​ភាគរយ​, កម្ពុជា ៣៥​ភាគរយ និង​វៀតណាម ៣០​ភាគរយ​៕

Tag:
 ឡាវ​
  ថៃ​
  កម្ពុជា​
  ទន្លេមេគង្គ​
  ទំនប់​វា​រី​អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com