អន្តរជាតិ
កូរ៉េខាងត្បូង កៀងគរ​ការគាំទ្រ​ពី​អន្តរជាតិ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន
22, Jul 2019 , 3:30 pm        
រូបភាព
ស្លាកសញ្ញាបង្ហាញពីការធ្វើពហិការទំនិញជប៉ុនក្នុងផ្សារមួយនៅកូរ៉េខាងត្បូង។ រូបភាព AFP
ស្លាកសញ្ញាបង្ហាញពីការធ្វើពហិការទំនិញជប៉ុនក្នុងផ្សារមួយនៅកូរ៉េខាងត្បូង។ រូបភាព AFP
​កូរ៉េខាងត្បូង នឹង​បញ្ជូនទៅ​ប្រតិភូ​មួយក្រុម​ទៅកាន់​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​ដើម្បី​កៀងគរ​ការគាំទ្រ ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន​។ គោលដៅ​នៃ​ដំណើរ​របស់​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ម្នាក់​របស់​កូរ៉េខាងត្បូង គឺ​ទៅប្រាប់​ប្រទេស​នានា​ពី​សកម្មភាព​បំពាន​ច្បាប់​របស់​ជប៉ុន​ដែល​រឹតត្បិត​ការនាំចេញ​សារធាតុ​គីមី​ទៅ​កូរ៉េខាងត្បូង​។ ទោះ​មិនមាន​ចំណាត់ការ​តប​វិញ កូរ៉េខាងត្បូង ធ្លាប់​ព្រលយ​ថា ខ្លួ​នឹង​ប្ដឹង​ជប៉ុន​ទៅ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ​។​

 
​អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទទួលបន្ទុក​កិច្ចការ​ពហុភាគី និង​ច្បាប់ Kim Seung-ho នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្ស​ទូទៅ​នៃ​អង្គការ​ពាណិជ្ជកម្ម​អន្តរជាតិ (WTO) នៅ​ថ្ងៃទី​២៣ ខែកក្កដា ។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួង​ពាណិជ​កម្ម​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២២ ខែកក្កដា​។ បេសកកម្ម​សំខាន់​របស់លោក Kim គឺ​ការ​ប្រាប់​សមាជិក​អង្គការ WTO ពី​សកម្មភាព​បំពាន​របស់​ជប៉ុន​ជុំវិញ​ការ​រឹតត្បិត​ការនាំចេញ​សារធាតុ​គីមី​ដែល​ចាំបាច់​ក្នុង​ផលិតកម្ម​បន្ទះ​ឈី​ប និង​ទូរ​សព្ទ​ឆ្លាត​វៃ​។​
 
​ដោយមាន​សំណើ​ពី​កូរ៉េខាងត្បូង ជំនួប​ក្រុមប្រឹក្សា​ទូទៅ​របស់ WTO ដែល​ធ្វើ​នៅ​ទីក្រុង​ហ្សឺ​ណែវ ក៏បាន​បញ្ចូល​ការសម្រេចចិត្ត​រឹតត្បិត​ពាណិជ្ជកម្ម​រប​ស់ជ​ប៉ុន​ជា​របៀបវារៈ​របស់ខ្លួន​ផងដែរ​។ ក្រុមប្រឹក្សា​ទូទៅ​នេះ ជា​ស្ថាប័ន​ដែលមាន​សិទ្ធិ​សម្រេចចិត្ត​លំដាប់​ទី​ពីរ​បន្ទាប់ពី​ជំនួប​ថ្នាក់​រដ្ឋមន្ត្រី​។ 
 
​ក្រសួងពាណិជ្ជកម្ម​កូរ៉េខាងត្បូង បញ្ជាក់ថា លោក Kim នឹង​បង្ហាញ​ពី​ទង្វើ​រំលោភ​ព​បំពាន​គោលការណ៍ WTO របស់​ក្រុង​តូ​ក្យូ ហើយ​ស្នើ​ឲ្យ​ប្រទេស​ផ្សេងៗ​ចូលរួម​ក្នុងការ​ទាមទារ​ឲ្យ​ក្រុង​តូ​ក្យូ​ដក​វិធានការ​របស់ខ្លួន​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សង្វាក់​ផលិតកម្ម​ជុំវិញ​ពិភពលោក​វិញ​។ ក្នុង​បេសកកម្ម​លើក​នេះ មន្ត្រីជាន់ខ្ពស់​រូបនេះ រំពឹងថា នឹង​ទទួលបាន​ការគាំទ្រ​ពី​អន្តរជាតិ​ក្នុងការ​ប្រឈមមុខ​ជាមួយ​អ្នកជិតខាង​របស់ខ្លួន​។ 
 
​ជប៉ុន បានប្រកាស​ពី​វិធានការ​រឹតត្បិត​របស់ខ្លួន​នៅ​ដើមខែ​កក្កដា​នេះ ដែល​បាន​ចាក់​ចំ​ចំណុច​សំខាន់​របស់​ឧស្សាហកម្ម​ផលិតផល​អេឡិចត្រូនិក​របស់​កូរ៉េខាងត្បូង​តែម្ដង​។ វិធានការ​នេះ កើតឡើង​ក្រោយ​តុលាការ​កូរ៉េខាងត្បូង បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សងលុយ​ជំងឺ​ចិត្ត​ដល់ក​ម្មករ​កូរ៉េខាងត្បូង​ដែល​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់​ក្នុងសម័យ​សង្គ្រាម ទោះ​ជប៉ុន​អះអាងថា បញ្ហា​នេះ​ត្រូវបាន​ដោះស្រាយ​ជា​យូរ​ក្ដី​។ សេ​អ៊ូ​ល​ចាត់ទុក​ចំណាត់ការ​បែប​សងសឹក​នេះ ជា​រឿង​នយោបាយ ហើយ​បំពាន​គោលការណ៍​អន្តរជាតិ​។​
 
​ខណៈដែល​ជម្លោះ​រក​ផ្លូវ​ចេញ​មិនទាន់​ឃើញ​នោះ គេ​ក៏​បារម្ភ​ថា ជម្លោះ​នេះ​អាច​រាល​ដល់​វិស័យ​ផ្សេងទៀត​មិន​ខាន ពិសេស​ខាង​ជប៉ុន​ដែល​គេ​ជឿថា កំពុង​គិតគូរ​រឹត​ត្បិ​ការនាំចេញ​ដទៃ​ទៀតផង​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ក្រុង​តូ​ក្យូ បាន​គំរាម​ដក​សេ​អ៊ូ​ល​ចេញពី​បញ្ជី​អ្នក​នាំចូល​ដ៏​គួរ​ឲ្យ​ទុកចិត្ត​របស់ខ្លួន ដែល​ការណ៍​នេះ នឹង​ប៉ះពាល់​ខ្លាំង​ដល់​ដល់​វិស័យ​ជាច្រើន​របស់​កូរ៉េខាងត្បូង​ដែលជា​មហា​សេដ្ឋកិច្ច​ទី​បួន​នៅ​អាស៊ី​នោះ​។ 
 
​ក្រៅពី​វេទិកា WTO កូរ៉េខាងត្បូង​ក៏​ពឹងពាក់​អាមេរិក​ឲ្យ​ជួយ​ដែរ​។ ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ គឺ​លោក ច​ន ប៊ូល​តុ​ន នឹង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​ដើម្បី​រក​ដំណោះស្រាយ​ក្នុង​វិបត្តិ​រវាង​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​ទាំងពីរ​នៅ​អាស៊ី​។ លោក ប៊ូល​តុ​ន នឹង​ទៅដល់​ទៅ​សេ​អ៊ូ​ល​នៅ​ថ្ងៃទី​២៣ ខែកក្កដា ។ ក្រៅពី​កូរ៉េខាងត្បូង មន្ត្រី​អាមេរិក​រូបនេះ​ក៏​ទៅ​ជប៉ុន​ដែរ​។ អាមេរិក ពិតជា​បារម្ភ​នឹង​ការទាស់ទែង​រវាង​មិត្តភក្តិ​ទាំងពីរ ព្រោះ​អាច​ប៉ះពាល់​ដល់​បញ្ហា​ផ្សេង ពិសេស​ការចរចា​ដើម្បី​រំសាយ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕ 

Tag:
 កូរ៉េខាងត្បូង​
  ជប៉ុន​
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com