អន្តរជាតិ
ទិញ​៤​ពាន់​លាន​ដុល្លារ ១០​ឆ្នាំ​ក្រោយមក Marvel រកលុយ​ឲ្យ Disney ដល់​ទៅ​១៨​ពាន់​លាន​ដុល្លារ​
22, Jul 2019 , 9:39 pm        
រូបភាព
ប្រធាន Marvel Studios លោក Kevin Feige ប្រកាសសាច់រឿងថ្មីបន្ថែម នៅព្រឹត្តិការណ៍ Comic Con ឆ្នាំ២០១៩ ដែលធ្វើឡើងនៅ រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២១ ខែកក្កដា
ប្រធាន Marvel Studios លោក Kevin Feige ប្រកាសសាច់រឿងថ្មីបន្ថែម នៅព្រឹត្តិការណ៍ Comic Con ឆ្នាំ២០១៩ ដែលធ្វើឡើងនៅ រដ្ឋ California សហរដ្ឋអាមេរិក កាលពីថ្ងៃទី ២១ ខែកក្កដា
ដោយ:
​ភាពយន្ត​ជោគជ័យ​បំផុត​ទីមួយ​របស់​ផលិតកម្ម Marvel Studios មាន​ចំណងជើង​ថា «Iron Man»  ដែល​បាន​ចាក់​បញ្ចាំង​ក្នុង​រោងកុន កាលពី​ឆ្នាំ​២០០៨ ។ គ្រាន់តែ​បើកចាក់​បញ្ចាំង​ក្នុង​សប្តាហ៍​ទីមួយ ភាពយន្ត​ដកស្រង់​ពី​សៀវភៅ​រូប​ត្លុក ដែលមាន​តារា​សម្តែង​អាមេរិក​លោក Robert Downey Jr ដើរតួ​ជា Iron Man រកចំណូលបាន ១០០​លាន​ដុល្លារ មុននឹង​ឈានដល់ ៦០០​លាន​ដុល្លារ ពី​ការលក់​សំបុត្រ​នៅ​ទូទាំង​ពិភពលោក​។

 
​មួយឆ្នាំ​ក្រោយមក ពោលគឺ​ក្នុង​ឆ្នាំ ២០០៩ ក្រុមហ៊ុន​ផលិតភាព​យន្ត Walt Disney Studios បានសម្រេច​ចិត្ត​ទិញ​ផលិតកម្ម Marvel Studios ក្នុង​ទំហំ​ទឹកប្រាក់ ៤​ពាន់​លាន​ដុល្លារ​។ កាលនោះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Disney លោក Robert Iger បាន​បញ្ជាក់ថា ការសម្រេចចិត្ត​នេះ គឺ​ល្អ​បំផុត​សម្រាប់​ទស្សនៈវិស័យ​យុទ្ធសាស្ត្រ ដ្បិតថា តួអង្គ​ច្រើនជាង ៥​ពាន់ ដែលមាន​ក្នុង​សៀវភៅ​ត្លុក​របស់​ចក្រវាល Marvel នឹង​ផ្តល់​សក្តានុពល​ខ្លាំង​បន្ថែម​ដល់​ក្រុមហ៊ុន​លោក​ឲ្យ​ធ្វើ​កាន់តែ​ល្អ​បំផុត​ក្នុង​វិស័យ​ភាពយន្ត​។ 
 
​ការលើកឡើង​របស់លោក Iger ហាក់ដូចជា​ត្រឹមត្រូវ​។  ចាប់តាំងពី​ចាក់​បញ្ចាំងភាពយន្ត​ក្នុង​ចក្រវាល Marvel ដំបូង ដែល​ក្រុមហ៊ុន Disney ជា​អ្នក​ផលិត ក្នុង​ឆ្នាំ​២០១២​មក  បច្ចុប្បន្ន ក្រុមហ៊ុន​នេះ  រកចំណូលបាន​ច្រើនជាង ១៨,២​ពាន់​លាន​ដុល្លារ ពី​ការលក់​សំបុត្រ​នៅ​ទូទាំង​ពិភពលោក​។​
 
​គិត​មក​ត្រឹម​ឆ្នាំ​២០១៩​នេះ Disney ផលិត​បាន​ភាពយន្ត​ចំនួន ១៦​ហើយ ដែល​ក្នុងនោះ ក្រុមហ៊ុន Paramount ជា​តំណែង​ចែកចាយ​រឿង Iron Man, Captain American: The First Avenger, Thor និង Iron Man 2 ។ ចំណែក​ក្រុមហ៊ុន Universal ជា​តំណាង​ចែកចាយ រឿង The Incredible Hulk ដែលជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង នៅពេលដែល Disney ទិញយក Marvel ។ ហើយ​កាលពី​ថ្មីៗ​នេះ ក្រុមហ៊ុន Sony បាន​ផលិត​រឿង Spider-Man ចំនួន ២ រួមមាន Homecoming និង Far From Home ដែល​សហការ​ជាមួយ Disney ។ 
 
​សរុបមក ខ្សែភាពយន្ត​ទាំងអស់ ក្នុង​ចក្រវាល Marvel ដែល​ផលិត​ចេញពី​សៀវភៅ​រូប​ថ្លុក​របស់លោក Stan Lee និង​អ្នកនិពន្ធ​ល្បីៗ​ផ្សេងទៀត  រកចំណូលបាន​ជាង ២២​ពាន់​លាន​ដុល្លារ​ពី​ការលក់​សំបុត្រ​នៅ​ទូទាំង​ពិភពលោក​។ យ៉ាងណាមិញ ចំណូល​ទាំងនេះ ពុំ​បានគិត​បញ្ចូល ថ្លៃ​ចំណាយ​ផលិត ឬ​ថ្លៃ​ទីផ្សារ​នោះទេ​។ ហើយ វា ក៏​មិន​រាប់បញ្ចូល​ថ្លៃ​ចំណាយ​លើ​ការផ្សព្វផ្សាយ​នានា ដែល​ក្រុមហ៊ុន Disney បាន​ចំណាយ​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​ផងដែរ​។ 

​រឿង Avengers: Endgame ទម្លាក់ Avatar ពី​តំណែង​លេខ​មួយ​
 
​សប្តាហ៍​ដំបូង​នៃ​ការចាក់​បញ្ចាំង រឿង Avengers: Endgame របស់ Marvel រកចំណូលបាន ៣៥៧​លាន​ដុល្លារ ក្នុង​សហរដ្ឋអាមេរិក និង​១,២​ពាន់​លាន​ដុល្លារ ពី​ការលក់​សំបុត្រ​នៅ​ទូទាំង​ពិភពលោក​។ អ្នកវិភាគ​ក្នុង​ខ្សែភាពយន្ត​មួយចំនួន បានគិត​ទុក​ថា រឿងនេះ អាច​បំបែក​កំណត់​របស់ Avatar ។​
 
៨៧​ថ្ងៃ​ក្រោយមក ពោលគឺ​នៅ​ថ្ងៃអាទិត្យ​ទី ២១ កក្កដា Avenger: Endgame របស់​ចក្រវាល Marvel បាន​ក្លាយជា​ភាពយន្ត​រកចំណូលបាន​ច្រើន​បំផុត ដោយ​រកបាន ២,៧៩​ពាន់​លាន​ដុល្លារ ខណៈ​កំណត់ត្រា​របស់ Avatar ស្មើនឹង ២,៧៨៩៧​ពាន់​លាន​ដុល្លារ​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ខាងក្រោម​នេះ គឺជា​ចំណាត់ថ្នាក់​នៃ​ភាពយន្ត​កំពូល​ទាំង ១០ ដែល​រកចំណូលបាន​ច្រើន​បំផុត​៖ 
 
​ទី​១៖ Avenger: Endgame (​ឆ្នាំ​២០១៩) រកចំណូលបាន ២,៧៩​ពាន់​លាន​ដុល្លារ​, 
​ទី​២៖ Avatar (២០០៩) រកចំណូលបាន ២,៧៨៩៧​ពាន់​លាន​ដុល្លារ​, 
​ទី​៣៖ Titanic (១៩៩៧) រកចំណូលបាន ២,១៩​ពាន់​លាន​ដុល្លារ​, 
​ទី​៤៖ Star Wars: The Force Awakens (២០១៥) រកចំណូលបាន ២,០៧​ពាន់​លាន​ដុល្លារ​, 
​ទី​៥៖ Avengers: Infinity War (២០១៨) រកចំណូលបាន ២,០៥​ពាន់​លាន​ដុល្លារ​, 
​ទី​៦៖ Jurassic World (២០១៥) រកចំណូលបាន ១,៦៧​ពាន់​លាន​ដុល្លារ​, 
​ទី​៧៖ The Avengers (២០១២) រកចំណូលបាន ១,៥១​ពាន់​លាន​ដុល្លារ​,
​ទី​៨៖ Fast & Furious 7 (២០១៥) រកចំណូលបាន ១,៥១​ពាន់​លាន​ដុល្លារ​, 
​ទី​៩៖ Avengers: Age of Ultron (២០១៥) រកចំណូលបាន ១,៤០​ពាន់​លាន​ដុល្លារ​,
​ទី​១០៖ Black Panther (២០១៨) រកចំណូលបាន ១,៣៥​ពាន់​លាន​ដុល្លារ​៕

Tag:
 Disney
  Marvel
  កម្សាន្ត​
  ភាពយន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com