សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ បានស្នើទៅព្រះមេគណតាមខេត្ត និងព្រះអនុគណតាមស្រុក រួមទាំងមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឲ្យពិនិត្យបុគ្គលិកលក្ខណៈ «ឲ្យបានហ្មត់ចត់បំផុត» មុននឹងបំបួសកុលបុត្រណាម្នាក់។
ព្រះតេជគុណ ឃឹម សន ស្នើទៀតថា បើកុលបុត្ររូបណា បានលាចាកសិក្ខាបទ (សឹក) ហើយមានបំណងចង់បួសឡើងវិញ មន្ត្រីសង្ឃ ត្រូវឲ្យកុលបុត្ររូបនោះ សិក្សាធម៌វិន័យឲ្យចេះចាំសមគួរ និងត្រូវលះបង់នូវ «ភាពជាទុព្វចជាតិភិក្ខុ» ហើយត្រូវធានាថាមិនធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ព្រះសង្ឃ និងព្រះពុទ្ធសាសនាជាមុនសិន ចាំអនុញ្ញាតឲ្យសាងផ្នួស។
សំណើរបស់ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងមួយ ស្តីពីករណីរបស់អតីតភិក្ខុ កក្កដា សុភ័ណ្ឌ ដែលត្រូវបានមន្ត្រីសង្ឃភ្នំពេញ ស្នើឲ្យលាចាកសិក្ខបទ កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩។ ព្រះអង្គ ចាត់ទុកអតីតភិក្ខុ កក្កដា សុភ័ណ្ឌ ថាជា «ទុព្វចជាតិភិក្ខុ» ដែលមានន័យថា ភិក្ខុ ដែលគេពិបាកប្រដៅ។
អតីតភិក្ខុ កក្កដា សុភ័ណ្ឌ ត្រូវបានស្នើឲ្យលាចាកសិក្ខបទ បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន ត្រូវបានកូនសិស្ស យកទៅបង្ហោះលើបណ្តាញសង្គម ដោយសរសេរថា «ព្រះអង្គ កក្កដា សុភ័ណ្ឌ ត្រូវគេប្លន់សម្លាប់»។ ក្រោយមហាជន ភ្ញាក់ផ្អើលខ្លាំង ទើបកូនសិស្សរបស់អតីតភិក្ខុ កក្កដា សុភ័ណ្ឌ រួមទាំង អតីតភិក្ខុ កក្កដា សុភ័ណ្ឌ ខ្លួនឯង ចេញមកបកស្រាយថា រូបភាពទាំងនេះ គឺជាការសម្តែងវីដេអូអប់រំទេ។
ទង្វើនេះ បានធ្វើឲ្យមហាជន ហួសចិត្តយ៉ាងខ្លាំង រហូតមានអ្នកខ្លះទាមទារឲ្យថ្នាក់ដឹកនាំសង្ឃ ចាត់វិធានការ ឬក៏ចាប់ផ្សឹកអតីតភក្ខុអង្គនេះ ដោយយល់ថា អតីតភិក្ខុអង្គនេះ ធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ លើសពីនេះ អ្នកខ្លះ ក៏បានរំលើករឿងអាស្រូវផ្សេងៗទៀតរបស់អតីតភិក្ខុអង្គនេះ មកវាយប្រហារ និងរិះគន់ថា មិនសមជាអ្នកបួសឡើយ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការនិងសាសនា បានលើកឡើងថា ក្នុងវិន័យបិដក មានបញ្ញត្តិ២១ប្រការឯណោះ ដែលកុលបុត្រ មិនអាចសាងផ្នួសបាន។ លោក លើកឡើងត្រួសៗថា បុគ្គលដែលមានលក្ខណៈមិនគ្រប់គ្រាន់ ដូចជា ថ្លង់ ខ្វាក់ ឬ ខ្វិន ជាដើម គឺព្រះពុទ្ធ ទ្រង់បញ្ញត្តិមិនឲ្យបួសឡើយ។
អ្នកនាំពាក្យរូបនេះ បន្តថា បុគ្គលដែលមានភេទមិនច្បាស់លាស់ គឺប្រុសមិនចំជាប្រុស ស្រីមិនចំជាស្រី ឬភាសាបច្ចុប្បន្ន ហៅថា ភេទទី៣ ក៏ព្រះពុទ្ធទ្រង់ហាមមិនឲ្យបួសដែរ។ លោក បន្ថែមមួយចំណុចទៀតថា ជនណា ដែលមានទោសជាប់ខ្លួន ក៏ត្រូវហាមមិនឲ្យបួសដូចគ្នា។
ក្រៅពីពន្យល់វិន័យក្នុងព្រះពុទ្ធសាសនា មន្ត្រីជាន់ខ្ពស់នៃក្រសួងធម្មការខាងលើ បានលើកពីទិដ្ឋភាពសង្គមកម្ពុជាថា ចំពោះអ្នកដែលសេពគ្រឿងញៀន ក៏មិនត្រូវឲ្យបួសដែរ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទ លោក បញ្ជាក់ហេតុផលដូច្នេះថា៖«បើឲ្យបុគ្គលទាំងនេះបួស គឺគេ មិនជ្រះថ្លា»។
ក្នុងព្រះពុទ្ធសាសនា អ្នកបួស មានឋានានុក្រមតែពីរប៉ុណ្ណោះ គឺសាមណេរ និង ភិក្ខុ។ ជាទូទៅ កុលបុត្រ ដែលចូលសាងផ្នួសជាសាមណេរ គឺមានអាយុចាប់៧ឆ្នាំឡើង។ រីឯ ការបួសជាភិក្ខុ កុលបុត្រ ត្រូវមានអាយុចាប់ពី២១ឆ្នាំឡើង។ សាមណេរអង្គណា ដែលមានព្រះជន្មដល់២១ព្រះវស្សា អាចបំពេញជាភិក្ខុបាន តែបើមិនចង់ទេ សាមណេរអង្គនោះ អាចនៅជាសាមណេរតទៅទៀត ក៏បានដែរ។
កាលពីសម័យពុទ្ធកាល អ្នកបួសមានទាំងបុរសនិងស្ត្រី ដែលហៅថា សាមណេរ សាមណេរី ភិក្ខុ ភិក្ខុនី។ តែសម័យបច្ចុប្បន្ន សាមណេរី និង ភិក្ខុនី លែងមានហើយ។
អ្នកបួសក្នុងព្រះពុទ្ធសាសនា មានភារកិច្ចពីរយ៉ាង គឺ វិបស្សនាធុរៈ និងគន្ថធុរៈ។ វិបស្សនាធុរៈ គឺការបំពេញនូវវិបស្សនា ការធ្វើសមាធិ ដើម្បីដុតកម្លោចនូវកិលេស ពោលគឺការកម្ចាត់ឲ្យអស់ទៅនូវ លោភៈ ទោសៈ មោហៈ ដែលស្ថិតនៅក្នុងខន្ធសន្តាន។ ជាទូទៅ វិបស្សនាធុរៈនេះ គឺជាកាតព្វកិច្ចរបស់ព្រះសង្ឃ ដែលមានព្រះជន្មច្រើន កម្លាំងពលំចុះខ្សោយ បញ្ញាអន់ថយ មិនអាចសិក្សារៀនសូត្រឲ្យចេះចាំនិងស្ទាត់ជំនាញ នូវព្រះពុទ្ធោវាទ ឲ្យដូចព្រះសង្ឃក្មេងៗឡើយ។
ចំណែកឯ គន្ថធុរៈ ជាការបំពេញនូវព្រះបរិយត្តិ ពោលគឺជាការសិក្សារៀនសូត្រនូវ ព្រះត្រៃបិដក ធម៌វិន័យ ភាសាបាលី-សំស្ក្រឹត និងវិទ្យាផ្សេងៗ ដើម្បីយកទៅផ្សព្វផ្សាយដល់ប្រជាពុទ្ធបរិស័ទ ឲ្យយល់ពីព្រះពុទ្ធឱវាទ និងខ្លឹមសារជីវិត ដែលជាហេតុនាំឲ្យពួកគេដើរតាមគន្លងផ្លូវសុចរិត ឆ្ពោះទៅកាន់សុខសុភមង្គល។ គន្ថធុរៈនេះ គឺសម្រាប់ព្រះសង្ឃវ័យក្មេង ហើយបញ្ញា និងកម្លាំងកាយ ក៏នៅខ្លាំងក្លា ដែលអាចតស៊ូនឹងភាពលំបាកក្នុងការស្វែងរកចំណេះវិទ្យា យកទៅអប់រំនិងដឹកនាំមនុស្ស ឲ្យប្រព្រឹត្តតែអំពើល្អ។
យ៉ាងណាក៏ដោយ ព្រះពុទ្ធ មិនបានបែងចែកថា ព្រះសង្ឃមានវ័យចាស់ ត្រូវតែធ្វើវិបស្សនា ហើយព្រះសង្ឃមានវ័យក្មេងត្រូវតែរៀនសូត្រនោះទេ។ ប្រសិនបើព្រះសង្ឃអាចបំពេញកាតព្វកិច្ចទាំងពីរផ្នែកនេះបាន គឺរឹតតែល្អប្រសើរ គ្រាន់តែថា ប្រសិនបើព្រះសង្ឃអង្គណាមានវ័យច្រើន មិនអាចសិក្សាឲ្យចេះចាំទេ គប្បីនិមន្តទៅធ្វើវិបស្សនា ទើបប្រសើរជាង រីឯព្រះសង្ឃក្មេងៗ ដែលការចងចាំនៅល្អ ហើយកម្លាំងក៏នៅមាន គួរគប្បីសិក្សារៀនសូត្រយកចំណេះដឹងទៅស្រោចស្រង់មនុស្សឲ្យផុតទុក្ខ ទើបប្រពៃ។
សូមបញ្ជាក់ សព្វថ្ងៃ កម្ពុជា មានព្រះសង្ឃប្រមាណ៧ម៉ឺនអង្គ និងវត្តអារាមប្រមាណ៥ពាន់៕