ជាតិ
សាសនា / ធម៌
គណៈសង្ឃ​នាយក ស្នើ​ឲ្យ​ពិនិត្យ​បុគ្គលិកលក្ខណៈ «​ហ្មត់ចត់​បំផុត​» មុន​បំបួស​កុលបុត្រ​
22, Jul 2019 , 4:12 pm        
រូបភាព
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន (គង់នៅមុខគេ)។ រូបពីលេខាធិការដ្ឋានគណៈសង្ឃនាយក
សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន (គង់នៅមុខគេ)។ រូបពីលេខាធិការដ្ឋានគណៈសង្ឃនាយក
ដោយ: ថ្មីៗ
​សម្តេចព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​កម្ពុជា និង​ជា​ព្រះ​មេគណ​រាជធានី​ភ្នំពេញ បានស្នើ​ទៅ​ព្រះ​មេគណ​តាម​ខេត្ត និង​ព្រះ​អនុគណ​តាម​ស្រុក រួមទាំង​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ឲ្យ​ពិនិត្យ​បុគ្គលិកលក្ខណៈ «​ឲ្យ​បាន​ហ្មត់ចត់​បំផុត​» មុននឹង​បំបួស​កុលបុត្រ​ណា​ម្នាក់​។


 
​ព្រះ​តេជគុណ ឃឹម សន ស្នើ​ទៀតថា បើ​កុលបុត្រ​រូប​ណា បាន​លាចាក​សិក្ខាបទ (​សឹក​) ហើយ​មានបំណង​ចង់​បួស​ឡើងវិញ មន្ត្រី​សង្ឃ ត្រូវ​ឲ្យ​កុលបុត្រ​រូបនោះ សិក្សា​ធម៌​វិន័យ​ឲ្យ​ចេះ​ចាំ​សមគួរ និង​ត្រូវ​លះបង់​នូវ «​ភាពជា​ទុ​ព្វ​ច​ជាតិ​ភិក្ខុ​» ហើយ​ត្រូវ​ធានាថា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេចក្តីថ្លៃថ្នូរ​របស់​ព្រះសង្ឃ និង​ព្រះពុទ្ធសាសនា​ជាមុនសិន ចាំ​អនុញ្ញាត​ឲ្យ​សាង​ផ្នួស​។

អត្ថបទទាក់ទង




សំណើ​របស់​ព្រះប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក ធ្វើឡើង​តាមរយៈ​សេចក្តីជូនដំណឹង​មួយ ស្តីពី​ករណី​របស់​អតីត​ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ ដែល​ត្រូវបាន​មន្ត្រី​សង្ឃ​ភ្នំពេញ ស្នើ​ឲ្យ​លាចាក​សិក្ខ​បទ កាលពី​យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៩​។ ព្រះអង្គ ចាត់ទុក​អតីត​ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ ថា​ជា «​ទុ​ព្វ​ច​ជាតិ​ភិក្ខុ​» ដែល​មានន័យថា ភិក្ខុ ដែល​គេ​ពិបាក​ប្រដៅ​។​
 
​អតីត​ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ ត្រូវបាន​ស្នើ​ឲ្យ​លាចាក​សិក្ខ​បទ បន្ទាប់ពី​រូបភាព​ប៉ុន្មាន​សន្លឹក​របស់ខ្លួន ត្រូវបាន​កូនសិស្ស យកទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម ដោយ​សរសេរថា «​ព្រះអង្គ កក្កដា សុ​ភ័​ណ្ឌ ត្រូវគេ​ប្លន់​សម្លាប់​»​។ ក្រោយ​មហាជន ភ្ញាក់ផ្អើល​ខ្លាំង ទើប​កូនសិស្ស​របស់​អតីត​ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ រួមទាំង អតីត​ភិក្ខុ កក្កដា សុ​ភ័​ណ្ឌ ខ្លួនឯង ចេញមក​បកស្រាយ​ថា រូបភាព​ទាំងនេះ គឺជា​ការសម្តែង​វីដេអូ​អប់រំ​ទេ​។ 
 
​ទង្វើ​នេះ បានធ្វើ​ឲ្យ​មហាជន ហួសចិត្ត​យ៉ាងខ្លាំង រហូត​មាន​អ្នកខ្លះ​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​សង្ឃ ចាត់វិធានការ ឬក៏​ចាប់​ផ្សឹក​អតីត​ភ​ក្ខុ​អង្គ​នេះ ដោយ​យល់ថា អតីត​ភិក្ខុ​អង្គ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធសាសនា​។ លើសពីនេះ អ្នកខ្លះ ក៏បាន​រំលើក​រឿងអាស្រូវ​ផ្សេងៗ​ទៀត​របស់​អតីត​ភិក្ខុ​អង្គ​នេះ មក​វាយប្រហារ និង​រិះគន់ថា មិន​សមជា​អ្នកបួស​ឡើយ​។ 
 
​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បាន​លើកឡើងថា ក្នុង​វិន័យ​បិដក មាន​បញ្ញត្តិ​២១​ប្រការ​ឯណោះ ដែល​កុលបុត្រ មិនអាច​សាង​ផ្នួស​បាន​។ លោក លើកឡើង​ត្រួសៗ​ថា បុគ្គល​ដែលមាន​លក្ខណៈ​មិន​គ្រប់គ្រាន់ ដូចជា ថ្លង់ ខ្វាក់ ឬ ខ្វិន ជាដើម គឺ​ព្រះពុទ្ធ ទ្រង់​បញ្ញត្តិ​មិន​ឲ្យ​បួស​ឡើយ​។ 
 
​អ្នកនាំពាក្យ​រូបនេះ បន្តថា បុគ្គល​ដែលមាន​ភេទ​មិន​ច្បាស់លាស់ គឺ​ប្រុស​មិនចំជាប្រុស ស្រី​មិនចំជា​ស្រី ឬភាសាបច្ចុប្បន្ន ហៅថា ភេទទី៣ ក៏​ព្រះពុទ្ធ​ទ្រង់​ហាម​មិន​ឲ្យ​បួស​ដែរ​។ លោក បន្ថែម​មួយ​ចំណុច​ទៀតថា ជន​ណា ដែលមាន​ទោស​ជាប់​ខ្លួន ក៏ត្រូវ​ហាម​មិន​ឲ្យ​បួស​ដូចគ្នា​។ 
 
​ក្រៅពី​ពន្យល់​វិន័យ​ក្នុង​ព្រះពុទ្ធសាសនា មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ធម្មការ​ខាងលើ បាន​លើក​ពី​ទិដ្ឋភាព​សង្គម​កម្ពុជា​ថា ចំពោះ​អ្នក​ដែល​សេព​គ្រឿងញៀន ក៏​មិនត្រូវ​ឲ្យ​បួស​ដែរ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ លោក បញ្ជាក់​ហេតុផល​ដូច្នេះថា​៖«​បើ​ឲ្យ​បុគ្គល​ទាំងនេះ​បួស គឺ​គេ មិន​ជ្រះថ្លា​»​។​
 
​ក្នុង​ព្រះពុទ្ធសាសនា អ្នកបួស មាន​ឋានានុក្រម​តែ​ពីរ​ប៉ុណ្ណោះ គឺ​សាមណេរ និង ភិក្ខុ​។ ជាទូទៅ កុលបុត្រ ដែល​ចូល​សាង​ផ្នួស​ជា​សាមណេរ គឺមាន​អាយុ​ចាប់​៧​ឆ្នាំ​ឡើង​។ រីឯ ការ​បួស​ជា​ភិក្ខុ កុលបុត្រ ត្រូវមាន​អាយុ​ចាប់ពី​២១​ឆ្នាំ​ឡើង​។ សាមណេរ​អង្គណា ដែលមាន​ព្រះជន្ម​ដល់​២១​ព្រះវស្សា អាចបំពេញ​ជា​ភិក្ខុ​បាន តែបើ​មិន​ចង់​ទេ សាមណេរ​អង្គ​នោះ អាច​នៅ​ជា​សាមណេរ​តទៅទៀត ក៏បាន​ដែរ​។ 
 
​កាលពី​សម័យ​ពុទ្ធកាល អ្នកបួស​មាន​ទាំង​បុរស​និង​ស្ត្រី ដែល​ហៅថា សាមណេរ សាមណេរី ភិក្ខុ ភិក្ខុនី​។ តែ​សម័យ​បច្ចុប្បន្ន សាមណេរី និង ភិក្ខុនី លែងមាន​ហើយ​។ 
 
​អ្នកបួស​ក្នុង​ព្រះពុទ្ធសាសនា មាន​ភារកិច្ច​ពីរ​យ៉ាង គឺ វិបស្សនាធុរៈ និង​គន្ថធុរៈ​។ វិបស្សនាធុរៈ គឺ​ការបំពេញ​នូវ​វិបស្សនា ការធ្វើ​សមាធិ ដើម្បី​ដុត​កម្លោច​នូវ​កិលេស ពោលគឺ​ការ​កម្ចាត់​ឲ្យ​អស់​ទៅ​នូវ លោភៈ ទោសៈ មោហៈ ដែល​ស្ថិតនៅក្នុង​ខន្ធ​សន្តាន​។ ជាទូទៅ វិបស្សនាធុរៈ​នេះ គឺជា​កាតព្វកិច្ច​របស់​ព្រះសង្ឃ ដែលមាន​ព្រះជន្ម​ច្រើន កម្លាំង​ពលំ​ចុះខ្សោយ បញ្ញា​អន់ថយ មិនអាច​សិក្សា​រៀនសូត្រ​ឲ្យ​ចេះ​ចាំ​និង​ស្ទាត់ជំនាញ នូវ​ព្រះ​ពុទ្ធោវាទ ឲ្យ​ដូច​ព្រះសង្ឃ​ក្មេងៗ​ឡើយ​។  
 
​ចំណែកឯ គន្ថធុរៈ ជាការ​បំពេញ​នូវ​ព្រះ​បរិយត្តិ ពោលគឺ​ជាការ​សិក្សា​រៀនសូត្រ​នូវ ព្រះ​ត្រៃបិដក ធម៌​វិន័យ ភាសាបាលី​-​សំស្ក្រឹត និង​វិទ្យា​ផ្សេងៗ ដើម្បី​យកទៅ​ផ្សព្វផ្សាយ​ដល់​ប្រជា​ពុទ្ធបរិស័ទ ឲ្យ​យល់​ពី​ព្រះពុទ្ធ​ឱវាទ និង​ខ្លឹមសារ​ជីវិត ដែលជា​ហេតុ​នាំ​ឲ្យ​ពួកគេ​ដើរ​តាម​គន្លង​ផ្លូវ​សុចរិត ឆ្ពោះទៅកាន់​សុខ​សុភមង្គល​។ គន្ថធុរៈ​នេះ គឺ​សម្រាប់​ព្រះសង្ឃ​វ័យក្មេង ហើយ​បញ្ញា និង​កម្លាំងកាយ ក៏​នៅ​ខ្លាំងក្លា ដែល​អាច​តស៊ូ​នឹង​ភាពលំបាក​ក្នុងការ​ស្វែងរក​ចំណេះ​វិទ្យា យកទៅ​អប់រំ​និង​ដឹកនាំ​មនុស្ស ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ​។​
 
​យ៉ាងណាក៏ដោយ ព្រះពុទ្ធ មិនបាន​បែងចែក​ថា ព្រះសង្ឃ​មាន​វ័យចាស់ ត្រូវតែ​ធ្វើ​វិបស្សនា ហើយ​ព្រះសង្ឃ​មាន​វ័យក្មេង​ត្រូវតែ​រៀនសូត្រ​នោះទេ​។ ប្រសិនបើ​ព្រះសង្ឃ​អាចបំពេញ​កាតព្វកិច្ច​ទាំងពីរ​ផ្នែក​នេះ​បាន គឺ​រឹតតែ​ល្អប្រសើរ គ្រាន់តែ​ថា ប្រសិនបើ​ព្រះសង្ឃ​អង្គណា​មាន​វ័យ​ច្រើន មិនអាច​សិក្សា​ឲ្យ​ចេះ​ចាំ​ទេ គប្បី​និមន្ត​ទៅធ្វើ​វិបស្សនា ទើប​ប្រសើរ​ជាង រីឯ​ព្រះសង្ឃ​ក្មេងៗ ដែល​ការចងចាំ​នៅ​ល្អ ហើយ​កម្លាំង​ក៏​នៅមាន គួរ​គប្បី​សិក្សា​រៀនសូត្រ​យកចំណេះ​ដឹង​ទៅ​ស្រោចស្រង់​មនុស្ស​ឲ្យ​ផុត​ទុក្ខ ទើប​ប្រពៃ​។ 

សូមបញ្ជាក់ សព្វថ្ងៃ កម្ពុជា មាន​ព្រះសង្ឃ​ប្រមាណ​៧​ម៉ឺន​អង្គ និង​វត្ត​អារាម​ប្រមាណ​៥​ពាន់​៕  
 

Tag:
 ឃឹម សន​
  សេង សុ​មុនី​
  ព្រះពុទ្ធសាសនា​
  ព្រះ​វិន័យ​
  បំបួស
© រក្សាសិទ្ធិដោយ thmeythmey.com