អន្តរជាតិ
ដូចគ្នា​នឹង​វៀតណាម អាមេរិក ព្រួយបារម្ភ​នឹង​សកម្មភាព​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​
22, Jul 2019 , 10:19 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បានបង្ហាញ​ពី​ក្តីបារម្ភ​លើ​សកម្មភាព​ម្តង​ហើយ​ម្តងទៀត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ ក្រុង​វ៉ាស៊ីនតោន​តាមរយៈ​របា​យ​ការណ៍​ចុងក្រោយ​ស្តីពី​ការវិវត្តន៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង បាន​មើលឃើញថា ក្រុង​ប៉េកាំង បាន​បន្តធ្វើ​សកម្មភាព​យ៉ាង​គឃ្លើន ដែល​អាចធ្វើ​ឲ្យ​ស្ថានភាព​ក្នុង​តំបន់​អសន្តិសុខ​។​

 
​បន្ទាប់ពី​ទទួលបាន​របាយការណ៍​មួយ​ស្តីពី​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការរុករក​ប្រេង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​របស់​ចិន អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោកស្រី Morgan Ortagus នៅ​ថ្ងៃទី​២០ ខែកក្កដា បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ដោយបាន​ប្រតិកម្ម និង​តវ៉ា​ដល់​រដ្ឋាភិបាល​ចិន​ឲ្យ​បញ្ឈប់​សកម្មភាព​ឈ្លានពាន​ទាំងនោះ​ជាបន្ទាន់​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The New York Times លោកស្រី​អ្នកនាំពាក្យ បាន​អះអាងថា សកម្មភាព​បង្ករឿង​ដដែលៗ​របស់​ចិន ក្នុង​គោលដៅ​អភិវឌ្ឍ​រោងចក្រ​ហ្កា​ស និង​ប្រេង ក្នុង​តំបន់​ដែល​ប្រទេស​ដទៃ​បានទាមទារ​(​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​) បាន​គំរាមកំហែង​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​រឹតត្បិត​ដល់ទី​ផ្សារសេរី និង​ការបើកចំហរ​របស់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​។ 
 
​លោកស្រី​អ្នកនាំពាក្យ ក៏បាន​ផ្ញើ​សារ​ខ្លី​បន្ថែម ដោយបាន​ទទូច​ឲ្យ​ចិន​បញ្ឈប់​ឥរិយាបថ​ដ៏​គឃ្លើន និង​ជៀសវាង​ធ្វើ​សកម្មភាព​នានា ដែលមាន​លក្ខណៈ​បង្ករឿង និង​អសន្តិសុខ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​អាមេរិក ធ្វើឡើង​ក្រោយ​មួយថ្ងៃ​ប៉ុណ្ណោះ នៃ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​វៀតណាម​លើ​ករណី​តែមួយ​នេះ​។ នៅ​ថ្ងៃទី​១៩ ខែកក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម បាន​អះអាងថា វៀតណាម បាន​ព្យាយាម​ទាក់ទង​ទៅកាន់​ភាគី​ចិន​គ្រប់​មធ្យោបាយ ដោយ​រាប់បញ្ចូល​ទាំង​កំណត់ហេតុ​ការទូត​ដើម្បី​តវ៉ា និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចិន គោរព​អធិបតេយ្យ​វៀតណាម​។​
 
​រដ្ឋាភិបាល​វៀតណាម បាន​លើកឡើងថា សកម្មភាព​របស់​ចិន​ដែល​បញ្ជាក់​ក្នុង​របាយការណ៍​នោះ បាន​បំពាន​ទាំងស្រុង​ទៅក្នុង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ នៃ​សមុទ្រ​ចិន​ខាងត្បូង​របស់ខ្លួន​។ វៀតណាម ហ៊ាន​និយាយ​បែបនេះ ដោយ​សំអាង​លើ​អនុសញ្ញា​ស្តីពី​ច្បាប់​សមុទ្រ​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​ដែល​ទាំង​វៀតណាម និង​ចិន សុទ្ធសឹងតែ​ជា​ភាគី​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ សមុទ្រ​ចិន​ខាងត្បូង គឺជា​តំបន់​មាន​វិវាទ​ដោយផ្ទាល់​រវាង​រដ្ឋ​អាស៊ាន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​នោះទេ​។ ចិន បានទាមទារ​ស្ទើរតែ​ទាំងស្រុង​នៃ​តំបន់​នោះ ដែល​បាន​គ្របដណ្តប់​លើ​តំបន់ ដែល​រដ្ឋ​អាស៊ាន​បានទាមទារ​ដូចគ្នា​៕ 

Tag:
 ចិន​
  វៀតណាម​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com