ពីនេះ ពីនោះ
កាហ្វេ​ថ្មីៗ​៖ យក​រូបថត​របស់​អ្នកដទៃ​មក​កំប្លែង​លេង​នៅ​ទីសាធារណៈ ជា​អំពើ​អសីលធម៌​
22, Jul 2019 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
មួយថ្ងៃ​ពីរ​ថ្ងៃ​ចុង​ក្រោយនេះ អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​បាន​ចែករំលែក​រូបថត​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​ទំនង​កំពុង​ឈរ​សួរ​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់ ដែល​ត្រូវបាន​អះអាងថា​មាន​បញ្ហា​ក្នុងករណី​ចរាចរណ៍​។ ទាំង​មន្ត្រីប៉ូលិស និង​ទាំង​ស្ត្រី បាន​ក្លាយជា​ជនរងគ្រោះ​នៃ​ការប្រមាថ​សើច​លេង​របស់​សាធារណជន​។ សំណាង និង​សុធីរ បង្ហាញ​អារម្មណ៍​ខឹង​ខ្លាំង​នឹង​ទិដ្ឋភាព​បែបនេះ​។​


​សំណាង​៖ អញ​ឆ្ងល់​ណាស់ ហេតុអ្វី​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក មាន​ទាំង​បញ្ញវន្ត និស្សិត មន្ត្រី​ធំៗ ចែករំលែក​រូប​ប៉ូលិស​ចរាចរណ៍​និង​ស្ត្រី​ម្នាក់ ហើយ​នាំគ្នា​អធិប្បាយ​តាមចិត្ត​រៀងៗ​ខ្លួន ចំអក​ឲ្យ​ប៉ូលិស និង​ស្ត្រី​នោះ​? តាមមើលទៅ បង្ហោះ​រូបភាព​បន្ត​គ្នា​នោះ ក៏​មិនដឹងថា​រូបនេះ​ភាព ត្រូវបាន​ថត​នៅពេលណា ហើយ​វា​មានរឿង​អ្វី​ផង​?
 
​សុធីរ​៖ វា​មិនមែន ជា​រឿង​ដែល​ត្រូវ​ដឹង​រឿង​ពិត ឬ​មិន​ពិត​ដែល​បានកើត​ឡើង​មុន ប៉ូលិស និង​ស្ត្រី​នោះ​ជជែក​គ្នា​នោះឡើយ​។ អ្វីដែល​យើង​កំពុងនិយាយ គឺ​ម្នាក់ៗ​យក​រូបភាព ដែល​សន្មត​ថា ប៉ូលិស​សំឡឹង​ដើមទ្រូង​ស្ត្រី ហើយ​នាំគ្នា​សរសេរ​ចំអក​លេងសើច​ចំពោះ​អ្នក​ទាំងពីរ ដែល​មិនដឹង​រឿង​អ្វី​សោះ​។ ទីមួយ រូបថត​មួយ​សន្លឹក វា​មិនមែនជា​សាច់រឿង​មួយ​ទេ​។ ស្ត្រី​ម្នាក់​មាន​រូបរាង​យ៉ាងណា វា​ជា​ជីវិត​របស់គេ ហេតុអ្វី​យើង​យក​រូបគេ​មក​និយាយ​លេងសើច​? ចុះបើ​ស្ត្រី​នោះ ជា​បងស្រី​យើង ប្អូនស្រី​យើង ឬ​ជា​សាច់ញាតិ​យើង ហើយ​ត្រូវ​មហាជន​យកទៅ​ចែករំលែក និយាយ​ចំអក​បែប​កំប្លែង តើ​យើង​ចេះ​ឈឺចាប់​ទេ​?
 
​សំណាង​៖ អ្ហែង​និយាយ​ត្រូវ សំខាន់ អញ​ឃើញ​មនុស្ស​សំខាន់ៗ​ចែករំលែក​រូបនេះ​លេង ដូច​មិនដឹងថា ពួកគេ​កំពុង​រំលោភសិទ្ធិ​ឯកជន និង​ចោទប្រកាន់​មន្ត្រីប៉ូលិស និង​ស្ត្រី​នោះទេ​។ សង្គម​យើង​ហាក់​កាន់តែ​អសីលធម៌​ហើយ​មើលទៅ​។​
 
​សុធីរ​៖ វា​មិនមែន​សង្គម​ទាំងមូល វា​ជា​រឿង​របស់​មនុស្ស​មួយក្រុម​ដែល​ឈ្លក់​លេង​ហ្វេ​ស​ប៊ុ​ក ហើយ​មិនបាន​ចាប់អារម្មណ៍​យល់ដឹង​ពី​សិទ្ធិ​នៃ​ជីវិត​ឯកជន​របស់គេ​ហ្នឹង​ណា​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com