រថយន្ត
អន្តរជាតិ
និន្នាការ​ថ្មី​នៅ​ជប៉ុន មនុស្ស​កាន់តែច្រើន ជួល​រថយន្ត​ដើម្បី​គេង និង​ធ្វើជា​កន្លែង​បរិភោគ​
22, Jul 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​សេវា​ជួល​រថយន្ត កាន់តែ​រីកដុះដាល​ឡើង​ក្នុង​ពិភពលោក ដោយ​អ្នកខ្លះ​ជួល​សម្រាប់​ការងារ​ជំនួញ ឬ​ធ្វើដំណើរ​ទៅ​សម្រាក​វិស្សមកាល និង​កិច្ចការ​ផ្សេងទៀត​។ ប៉ុន្តែ​នៅ​ជប៉ុន មាន​អ្នកខ្លះ​ជួល​សម្រាប់​ករណី​ដែល​មិន​នឹង​ស្មាន​ដល់ ពោលគឺ​ដើម្បី​គេង និង​ញ៉ាំ​បាយ ខណៈ​កន្លងមក មាន​ករណី​ជួល​ដើម្បី​សាក​ថ្ម​ទូរ​សព្ទ​ដៃ​។​

 
​ក្រុមហ៊ុន​សេវាកម្ម​ជួល​រថយន្ត​នៅ​ជប៉ុន ឈ្មោះ Orix និង Times24 Co, បាននាំគ្នា​បើក​ការស៊ើបអង្កេត​អតិថិជន​របស់ខ្លួន ដែល​បាន​ជួល ប៉ុន្តែ​ចម្ងាយ​គីឡូម៉ែត្រ​នៅលើ​កុង​ទ័​រ មិនសូវមាន​ការផ្លាស់​ច្រើន​។ ពួកគេ​មិន​យល់​នោះឡើយ​ចំពោះ​ការប្រើប្រាស់​អតិថិជន​មួយចំនួន​របស់ខ្លួន​។​
 
​ក្រោយ​ការស្រាវជ្រាវ ក្រុមហ៊ុន​ទាំងពីរ​រកឃើញថា ជនជាតិ​ជប៉ុន​កាន់តែ​ច្រើនឡើង បាន​ជួល​រថយន្ត​ដើម្បី​គ្រាន់តែ​សម្រាកកាយ​ប៉ុណ្ណោះ ហើយ​អ្នកខ្លះ​ដើម្បី​យកទៅ​ធ្វើជា​កន្លែង​ញ៉ាំ​អាហារ​។ ជាក់ស្តែង បុរស​អាយុ​៣១​ឆ្នាំ​ដែល​រស់នៅ​ខេត្ត Saitama ក្បែរ​ក្រុង​តូ​ក្យូ បាន​អះអាងថា​៖ «​ខ្ញុំ​បាន​ជួល​រថយន្ត​ដើម្បី​ញ៉ាំ​បាយ​ប្រអប់ ដែល​ខ្ញុំ​បាន​ទិញ​តាមផ្លូវ ពីព្រោះ​ខ្ញុំ​មិនអាច​រក​កន្លែង​ផ្សេងទៀត​ដើម្បី​ញ៉ាំ​បានឡើយ​»​។​
 
​ប៉ុន្តែ​ជាមួយគ្នានេះ​ផងដែរ អតិថិជន​មួយចំនួន បាន​ជួល​រថយន្ត​ដើម្បី​ជួបប្រជុំគ្នា​រឿង​ការងារ និង​កិច្ចការ​ផ្សេងៗ​។ តាម​ការផ្សាយ​របស់ Asahi Shimbun ចាប់​ឆ្នាំ​២០១១ ពោល​ក្រោយ​រញ្ជួយ​ដី និង​ស៊ូណាមិ វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន រថយន្ត​រាប់ពាន់​គ្រឿង​ត្រូវ​ជួល​ដើម្បី​គ្រាន់តែ​សាក​ថ្ម​ទូរ​សព្ទ​ដៃ​ប៉ុណ្ណោះ​។​
 
​បើទោះបីជា នេះ​ក្លាយជា​និន្នាការ​ថ្មី​ក៏ដោយ ក៏​បណ្តា​ក្រុមហ៊ុន​នៅ​ជប៉ុន មិនមាន​គោលការណ៍​ផ្លាស់ប្តូរ​តម្លៃ​សេវា​នោះដែរ​។ តាមពិតទៅ បណ្តា​សេវាកម្ម​ជួល​រថយន្ត​ទាំងនោះ មានតែ​សប្បាយចិត្ត​ទៅវិញ​ទេ ដោយសារ​រថយន្ត​ភាគច្រើន ស្ថិតនៅ​ស្ថានភាព​ល្អប្រសើរ​។​
 
​នៅ​ជប៉ុន សេវា​ជួល​រថយន្ត​មិនមាន​តម្លៃ​ថ្លៃ​នោះឡើយ ដោយ​កន្លះ​ម៉ោង​មានតម្លៃ​តែ​៤០០​យ៉េន [​ក្នុង​រង្វង់​៤​ដុល្លារ​អាមេរិក​] តែប៉ុណ្ណោះ​។ ក្រុមហ៊ុន Times24 Co មាន​ទីតាំង​ចំណត​រហូតដល់​ទៅ​ជាង​១២០០០​កន្លែង​នៅ​ទូទាំងប្រទេស​៕

© រក្សាសិទ្ធិដោយ thmeythmey.com