ជាតិ
រថយន្ត
សេដ្ឋកិច្ច
កម្ពុជាបាននាំចូលគ្រឿងបន្លាស់ពីឥណ្ឌូណេស៊ី ជាង៧លានដុល្លារក្នុងឆ្នាំ២០១៨ កម្ពុជា និងឥណ្ឌូណេស៊ី រៀបចំពិព័រណ៌ពាណិជ្ជកម្មនៅសៀមរាប កាលពីថ្ងៃទី១៩ ខែកក្កដា។ រូបថត ក្រសួងព័ត៌មាន
× ភ្នំពេញ៖ ក្នុងឆ្នាំ២០១៨កន្លងមក ឥណ្ឌូណេស៊ីបាននាំផលិតផលសម្រាប់ឧស្សាហកម្មទោចក្រយាន ទំហំ ៧,១៩ លានដុល្លារ។ នេះជាផលិតផលបំណែក និងគ្រឿងបន្លាស់ ដែលមានដូចជា លីប តួ ដៃ ចង្កៀង អំព្រីយ៉ា ជាដើម។ នេះបើតាមតួលេខដែលផ្សព្វផ្សាយលើហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម នាឱកាសដែលប្រទេសទាំងពីររៀបចំពិព័រណ៍ពាណិជ្ជកម្មមិត្តភាពកម្ពុជា-ឥណ្ឌូណេស៊ីឆ្នាំ២០១៩ នៅក្រុងសៀមរាប កាលពីថ្ងៃទី១៩ខែកក្កដា។
ផលិតផលក្នុងឧស្សាហកម្មទោចក្រយានខាងលើនេះ គឺជាប្រភេទទំនិញមួយ ក្នុងចំណោមប្រភេទទំនិញផ្សេងៗ ដែលត្រូវជួញដូរក្នុងទំនាក់ទំនងសកម្មភាពណិជ្ជកម្មទ្វេរភាគីកម្ពុជា-ឥណ្ឌូណេស៊ី។ គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង ៥៥៨ លានដុល្លារ។ ក្នុងនោះ កម្ពុជានាំចូលពីឥណ្ឌូណេស៊ី ៥២៥ លានដុល្លារ កើនឡើង ៦,៧ភាគរយ និងនាំចេញវិញ ៣៣លានដុល្លារ កើនឡើង ១៥,៤ភាគរយ។
ផលិតផលដែលកម្ពុជាទិញពីឥណ្ឌូណេស៊ី រួមមាន ថ្នាំជក់ ប្រេងឥន្ធនៈ ឧស្ម័ន គ្រឿងយន្ត និងគ្រឿងម៉ាស៊ីន ឱសថ ព្រមទាំងម្ហូបអាហារ ជាដើម។ រីឯកម្ពុជាវិញលក់ទំនិញឲ្យឥណ្ឌូណេស៊ី ដូចជា ផលិតផលបំពេញឲ្យការផលិតសម្លៀកបំពាក់ ស្បែកជើង ផលិតផលប្លាស្ទិកជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com