ជាតិ
សេដ្ឋកិច្ច
រដ្ឋទទួលចំណូលពីព្រៃឈើជាង ៥លានដុល្លារ ក្នុងរយៈពេល៦ខែឆ្នាំ២០១៩
× ភ្នំពេញ៖ រដ្ឋាភិបាលបានរកចំណូលពីវិស័យព្រៃឈើចំនួនប្រមាណ ៥លាននិង២សែនដុល្លារ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ ។ នេះបើតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ក្រសួងកសិកម្ម។
ក្រសួងកសិកម្មឲ្យដឹងដូច្នេះថា៖«សម្រាប់ឆមាសទី១ឆ្នាំ២០១៩នេះ ចំណូលពីថ្លៃសួយសារផល អនុផលព្រៃឈើសរុប ២០ ៣២៨ ៥២៣ ៩៦៨ រៀល (ប្រមាណ៥លាននិង២ម៉ឺនដុល្លារ) និង ១០៣១២៧,៦៣ ដុល្លារ»។
បើតាមរបាយការណ៍ខាងលើនេះ ក្រសួងបានផ្ដល់លិខិតបើកផ្លូវដឹកជញ្ជូនផល អនុផលព្រៃឈើជូនក្រុមហ៊ុន និងអតិថិជនចំនួន៧ និងអ្នកស្នើសុំចំនួន៣នាក់ ដែលមានឈើហ៊ុប ២៨៩៩៣ ម៉ែត្រគីប ឈើអារ ៨៤៣ម៉ែត្រគីប ឈើប្រណិត ១០៨ម៉ែត្រគីប ឈើជ្រុង ២៧៩០ម៉ែត្រគីប កូនឈើ ១២៤០៩២ដើម អុស ៣៨៧២៦ស្ទែរ ជន្លង់ម្រេច ៤០៣ដើម សសរ១១ដើម ធ្យូង ១០៨៨០គីឡូក្រាម និងគល់បេង៤០៩គីឡូក្រាម និងជ័រទឹក១៩២តោន។
ចំណូលពីព្រៃឈើឆមាសទី១ឆ្នាំនេះ កើនឡើងច្រើន បើធៀបនឹងតួលេខឆមាសទី១ឆ្នាំ២០១៨ ដែលមានត្រឹមប្រមាណ ៣,២លានដុល្លារ (កើន៦២,៥ភាគរយ)។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាព ប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២២ខែកក្កដានេះថា ចំណូលពីព្រៃឈើនេះ បង្ហាញពីភាពវិជ្ជមានមួយ។ លោកបានបញ្ចេញយោបល់យ៉ាងខ្លី ដូច្នេះថា៖«វាជាចំណុចវិជ្ជមានមួយ បង្ហាញថាការប្រមូលចំណូលនេះប្រសើរឡើងជាងមុន»៕
Tag:
ព្រៃឈើ
ចំណូលព្រៃឈើ
សួយសារ
© រក្សាសិទ្ធិដោយ thmeythmey.com