អន្តរជាតិ
តំណាង​ប៉េកាំង ទាមទារ​ឲ្យ​ដាក់ទោស​បាតុករ​ដែល​អុកឡុក​ការិយាល័យ​ចិន​ប្រចាំ​ហុងកុង​
22, Jul 2019 , 11:39 pm        
រូបភាព
ផ្នែកខាងក្រៅនៃអគារការិយាល័យតំណាងរដ្ឋាភិបាលចិនដែលរងការបំផ្លាញ។ រូបភាព AFP
ផ្នែកខាងក្រៅនៃអគារការិយាល័យតំណាងរដ្ឋាភិបាលចិនដែលរងការបំផ្លាញ។ រូបភាព AFP
​ប្រេសិត​ក្រុង​ប៉េកាំង​ប្រចាំ​ហុងកុង បាន​រិះគន់​ខ្លាំង​បាតុករ​ហុងកុង​ដែល​អុកឡុក​ការិយាល័យ​តំណាង​រដ្ឋាភិបាល​ចិន​អំឡុងពេល​បាតុកម្ម​យប់​ថ្ងៃទី​២១ ខែកក្កដា​។ ខុសពី​អគារ​សភា​ដែល​ត្រូវបាន​បាតុករ​ចូលលុកលុយ​ដល់​ខាងក្នុង អគារ​តំណាង​ក្រុង​ប៉េកាំង មិន​រងគ្រោះ​ធំដុំ​ឡើយ តែ​របង​ខាងក្រៅ និង​ស្លាក​សញ្ញា​តំណាង​រដ្ឋ ត្រូវបាន​បាតុករ​បាញ់ថ្នាំ​ពាសពេញ​។ មន្ត្រី​ចិន​ចាត់ទុក​ទង្វើ​របស់​បាតុករ​ហុងកុង ជាការ​ប្រមាថ​ជនជាតិ​ចិន​ទាំងមូល ហើយ​ដែល​ត្រូវ​ទទួលពិន័យ​ដាច់ខាត​។​

 
​ជា​រឿង​មិន​ធ្លាប់មាន​ពីមុនមក ការិយាល័យ​តំណាង​រដ្ឋាភិបាល​ចិន​ក្នុង​ទីក្រុង​ហុងកុង ក្លាយជា​មុខសញ្ញា​របស់​បាតុករ​ហុងកុង​ដែល​មិន​ពេញ​ចិត្តនឹង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន​។ ក្នុង​បាតុកម្ម​ថ្ងៃទី​២១ ខែកក្កដា បាតុករ​វ័យក្មេង​ហុងកុង​ដែល​ពាក់​ម៉ាស​ផង​នោះ បាន​សម្រុកចូល​បរិវេណ​ខាងមុខ​អគារ​តំណាង​រដ្ឋាភិបាល​ដីគោក គប់​ពង​ដាក់​អគារ និង​បាន​បាញ់​ពណ៌​ដាក់​របង​ការពារ និង​សា្ល​ក​សញ្ញា​ជាតិ​របស់​ប៉េកាំង​នៅខាងមុខ​ផង​។ 
 
​ក្នុង​សេចក្ដីថ្លែងការណ៍​កម្រ​មួយ​នៅ​ថ្ងៃទី​២២ ខែកក្កដា លោក Wang Zhimin ប្រធានការិយាល័យ​តំណាង​រដ្ឋាភិបាល បាន​រិះគន់​បាតុករ​ហុងកុង​ជ្រុលនិយម​ដែល​ធ្វើ​សកម្មភាព​ឡោមព័ទ្ធ​អគារ​ការិយាល័យ ហើយ​មួយ​ខ្លះទៀត​បាន​គប់​ពង សរសេរ​ពាក្យ​ដែលមាន​អត្ថន័យ​មើលងាយ​ប្រទេស និង​បូរណភាព​ជាតិ​។ មន្ត្រីជាន់ខ្ពស់​ចិន​ប្រចាំ​ហុងកុង​រូបនេះ ជឿថា បាតុករ​ដែល​ធ្វើ​ខុស នឹងរង​ការពិន័យ​យ៉ាងធ្ងន់ធ្ងរ​ដោយ​អាជ្ញាធរ​ហុងកុង​។ 

លោក Wang Zhimin ប្រធានការិយាល័យតំណាងរដ្ឋាភិបាលចិនប្រចាំហុងកុង។ រូបភាព China Daily
 
«​បាតុកម្ម​ថ្មីៗ​នេះ​នៅ​ហុងកុង បាន​ដើរ​ហួស​ពី​ការតវ៉ា​ដោយ​សន្តិភាព​។ បាតុករ​ខ្លះ បាន​បង្ករឿង​ដោយ​ចំហ​ដោយ​ប្រឆាំង​នីតិរដ្ឋ រដ្ឋធម្មនុញ្ញ និង​ច្បាប់​មូលដ្ឋាន​នៅ​ហុងកុង ដូចជា​សិទ្ធិអំណាច​របស់​រដ្ឋាភិបាល​មជ្ឈិម អធិបតេយ្យ និង​សន្តិសុខ​ជាតិ​ផង​។​» នេះ​ជាការ​បញ្ជាក់​របស់លោក Wang ដែល​ផ្សាយ​កាសែត​ហុងកុង South China Morning Post មុននឹង​បន្តថា សកម្មភាព​ទាំងនេះ បាន​បំផ្លាញ​ព្រលឹង​នីតិរដ្ឋ​នៅ​ហុងកុង ប្រយោជន៍​ប្រជាជន និង​អារម្មណ៍​ពលរដ្ឋ​ចិន​ទាំងអស់​។​
 
​ទីក្រុង​ប៉េកាំង​ឯណោះ ក៏​ថ្កោលទោស​ទង្វើ​របស់​បាតុករ​ហុងកុង​ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua អ្នកនាំពាក្យ​ការិយាល័យ​កិច្ចការ​ហុងកុង និង​ម៉ា​កាវ​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន​ដែលជា​អង្គភាព​ទទួលបន្ទុក​កិច្ចការ​តំបន់​រដ្ឋបាល​ពិសេស​ទាំងពីរ​នេះ បានប្រកាស​គាំទ្រ​រដ្ឋាភិបាល​តំបន់​ស្វយ័ត​ហុងកុង​ក្នុងការ​ចាត់វិធានការ​ចាំបាច់​តាមច្បាប់​ដើម្បី​ធានា​ពី​សុវត្ថិភាព​របស់​ស្ថាប័ន​របស់​រដ្ឋាភិបាល​ប៉េកាំង​មាន​មូលដ្ឋាន​នៅ​ហុងកុង​, ការពារ​នីតិរដ្ឋ​ហុងកុង និង​ដាក់ទោស​ឧក្រិដ្ឋជន​។  
 
​សូមបញ្ជាក់ថា ការិយាល័យ​កិច្ចការ​ប្រចាំ​ហុងកុង​នេះ ជា​ស្ថាប័ន​តំណាង​ឲ្យ​រដ្ឋាភិបាល​ចិន​ក្នុងការ​សម្របសម្រួលរ​វាង​ប៉េកាំង និង​ទីក្រុង​រដ្ឋបាល​ពិសេស​មួយ​នេះ​ដែល​ត្រូវបាន​អង់គ្លេស​ផ្ទេរសិទ្ធិ​គ្រប់គ្រង​នៅ​ឆ្នាំ​១៩៩៧ ។ ការិយាល័យ​នេះ ក៏​ជា​ភ្នែក​ច្រមុះ​របស់​ក្រុង​ប៉េកាំង​ក្នុងការ​តាមដាន​សកម្ម​ភាព​នានា​នៅ​ទីក្រុង​ហិរញ្ញវត្ថុ​ដ៏​ធំ​នេះ​ផងដែរ​។ ដូចនេះ ការឡោមព័ទ្ធ​អគារ​ការិយាល័យ​នេះ ជា​ទង្វើ​ក្លាហាន​មួយ​របស់​យុវជន​ហុងកុង​ដែល​កំពុង​មិន​សប្បាយ​ចិត្តនឹង​ការ​លូកដៃ​របស់​ដីគោក​នោះ​៕

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com