អន្តរជាតិ
ប្រមុខដឹកនាំឥណ្ឌូណេស៊ី និងម៉ាឡេស៊ី គ្រោងជួបពិភាក្សាគ្នាដោះស្រាយបញ្ហាព្រំដែន ក្រោយចរចាគ្នាអស់១៣ឆ្នាំ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ និងប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ ។ រូបភាព Antara
× រដ្ឋាភិបាលក្រុងហ្សាការតា និងរដ្ឋាភិបាលក្រុងគួឡាឡាំពួ កំពុងរៀបចំផែនការសម្រាប់ជំនួបប្រចាំឆ្នាំមួយដើម្បីពិភាក្សា និងពិគ្រោះយោបល់លើបញ្ហាពាក់ព័ន្ធទ្វេភាគី រួមបញ្ចូលទាំងការកំណត់ព្រំដែននៃប្រទេសទាំងពីរផងដែរ។ ជំនួបដោះស្រាយបញ្ហានេះព្រំដែនរវាងប្រទេសទាំងពីរ ធ្វើឡើងក្នុងកាលៈទេសៈ ដែលបណ្តាប្រទេសអាស៊ានដូចគ្នា នៅមិនទាន់ដាច់ស្រេចលើការកំណត់ព្រំប្រទល់ប្រទេស។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី មហា ធៀ មហាម៉ាត់ និងលោកប្រធានាធិបតី ចូកូ វីដូដូ កំពុងតែជ្រើសរើសកាលបរិច្ឆេទសម្រាប់ជំនួបប្រចាំឆ្នាំដើម្បីពិភាក្សាលើបញ្ហាធំពីររួមមានការពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងស្តីពីពលករ និងកំណត់ព្រំដែនសមុទ្រមួយចំនួនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Jakarta Post នៅថ្ងៃ២១ កក្កដា។
តាមប្រភពព័ត៌មានដដែលនោះ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី នៅមិនទាន់បានពិភាក្សាគ្នាលើកិច្ចព្រមព្រៀងស្តីពីការការពារពលករក្នុងស្រុក ដែលបានផុតសុពលភាពតាំងពីឆ្នាំ២០១៦នោះទេ ខណៈដែលជាញឹកញាប់មានករណី នៃពលករឥណ្ឌូណេស៊ី ត្រូវបានបំពារបំពានៅម៉ាឡេស៊ី។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ ដោយសារតែបញ្ហា ប្រទេសទាំងពីរ បានឈានទៅដល់ភាពតានតឹង និងល្អក់កករ នៃទំនាក់ទំនងការទូតទៀតផងកន្លងមក ជាពិសេសនោះលើករណីនៃការកាត់ទោសប្រទេសជីវិតលើពលរដ្ឋរបស់ប្រទេសជិតខាង ដោយពុំទាន់បានបញ្ចប់ការពិភាក្សា និងចរចាចប់នៅឡើយនោះ។
សម្រាប់បញ្ហាកំណត់ព្រំដែន ដែលក៏ជាបញ្ហាដ៏ចម្រូងចម្រាស់មួយរបស់ប្រទេសក្នុងតំបន់អាស៊ាននោះ តាមលោករដ្ឋមន្ត្រី ពីមុនមកប្រទេសទាំងពីរ បានប្រកាសឯកភាពគ្នាលើមូលដ្ឋានបច្ចេកទេស និងគតិយុត្តសម្រាប់សំណើកំណត់ខណ្ឌសីមានៅក្នុងសមុទ្រ Sulawesi និងភាគខាងត្បូងនៃច្រក Malacca បន្ទាប់ពីបានចរចាគ្នាអស់រយៈពេល១៣ឆ្នាំហើយនោះ។ លោករដ្ឋមន្ត្រី អះអាងទៀតថា សម្រាប់ជំនួបខាងមុខនេះ មេដឹកនាំទាំងពីរ គ្រោងនឹងសម្រេចចុងក្រោយលើការកំណត់ព្រំដែនតំបន់មួយចំនួនឲ្យបានត្រឹមបំណាច់ឆ្នាំ២០១៩នេះ៕
Tag:
ម៉ាឡេស៊ី
ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com