ជាតិ
ប្រធាន​សមាគម​៖ ករណី​ក្រឡាប់​ឡាន​នៅ​ភ្នំ​គូលែន​គឺ​ភ្ញៀវ​ទៅ​ខ្លួនឯង​ហើយក៏​គ្មាន​មគ្គុទ្ទេសក៍​ទៅជា​មួយ​ដែរ​
22, Jul 2019 , 6:38 pm        
រូបភាព
​សៀមរាប​៖ ហេតុការណ៍​ក្រឡាប់​រថយន្ត​ប្រភេទ SAANG YONG មួយគ្រឿង​នៅ​ភ្នំ​គូលែន បាន​បង្ក​ជាការ​ភ្ញាក់ផ្អើល និង​មាន​ភ្ញៀវទេសចរ​ចំនួន​២​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ដ៏​អាក្រក់​នេះ​។ តាម​អាជ្ញាធរ​មូលដ្ឋាន ក្រោយ​ហេតុការណ៍​នេះ ថៅ​កុង​ឡាន​រួម​និង​មគ្គុទ្ទេសក៍​បាន​រត់គេច​ពី​ការទទួលខុសត្រូវ ដោយ​បន្សល់ទុក​នូវ​ជនរងគ្រោះ​ជា​ទេសចរ​ចិន​ចំនួន​១៣​នាក់ រងរបួស​ដេក​រាយប៉ាយ​នៅ​កន្លែងកើតហេតុ​។ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន បាន​ចេញមុខ​ពន្យល់ថា ករណីនេះ​ពុំមាន​មគ្គុទ្ទេសក៍​នាំ​ផ្លូវ​នោះទេ​។​

 
​លោក ទៀ គី​យូ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​ចិន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​២២ កក្កដា​ថា ទេសចរ​ដែល​ជួប​ឧ​ប​ទ្ទេវ​ហេតុ​ក្រឡាប់​រថយន្ត​នៅ​ភ្នំ​គូលែន​នោះ គឺ​បាន​ទៅ​កម្សាន្ត​ដោយ​ពុំមាន​មគ្គុទ្ទេសក៍​ឬ​ក្រុមហ៊ុន​ឡើយ​។ លោក​ពន្យល់ថា​៖« ថ្ងៃ​ដែល​ពួកគេ​ទៅនោះ គឺជា​ថ្ងៃ​ទំនេរ​គ្មាន​ក្នុង​កម្មវិធី​កម្សាន្ត​នោះទេ តែ​ក្រុមហ៊ុន​បាន​ណែនាំ​កញ្ចប់​សម្រាប់​ទៅ​ភ្នំ​គូលែន​ដែរ តែ​ចុងក្រោយ​ពួកគេ​សម្រេច​ទៅ​ខ្លួនឯង ដោយ​ជួល​តែ​ឡាន​មួយគ្រឿង​មាន​អ្នកបើកបរ​ម្នាក់ ដោយ​គិតថា​វិធី​នេះ​អស់​ថោក​ជាង​ទៅ​តាមរយៈ​ក្រុមហ៊ុន​យើង​ក៏​មិនដឹង ហើយ​គ្មាន​មគ្គុទ្ទេសក៍​ដូច​សារព័ត៌មាន​ជាតិ​-​អន្ដរជាតិ​ចុះផ្សាយ​ទេ​»​។​
 
​លោក ទៀ គី​យូ មិនបាន​បង្ហើប​ពី​ឈ្មោះ​ក្រុមហ៊ុន​ឬ​មគ្គុទ្ទេសក៍​ដែល​នាំ​ក្រុម​ទេសចរ​នេះ​នោះទេ ដោយ​លោក​គ្រាន់តែ​ព្យាយាម​ពន្យល់​បន្ថែមថា ក្រុមហ៊ុន​មិនជា​ប់​ពាក់ព័ន្ធ​ឬ​ទទួលខុសត្រូវ​ករណី​នេះ​ទេ ព្រោះ​មុននឹង​ទៅ​កម្សាន្ត​ជា​លក្ខណៈ​ឯកជន​នេះ ភាគី​ក្រុមហ៊ុន​បានឱ្យ​ភ្ញៀវទេសចរ​ទាំងនោះ​បំពេញបែបបទ​រួចហើយ គឺ​រាល់​ហេតុការណ៍​កើតឡើង​ទាំងអស់ ទេសចរ​ទាំងនោះ​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​
 
​ប្រធាន​សមាគម​រូបនេះ មិនដឹង​ច្បាស់​ថា គេ​មាន​ដំណោះស្រាយ​បែបណា​ទៅលើ​ករណី​ភ្ញៀវ​ស្លាប់​ក្នុង​ហេតុការណ៍​នេះ តែ​សម្រាប់​ជនរងគ្រោះ​ផ្សេងទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រស្មី​អង្គរ ហើយ​ខាង​ក្រុមហ៊ុន​ជំរុញ​ឱ្យ​អាជ្ញាធរ​តាមរក​អ្នកបើកបរ​ឱ្យមក​ទទួលខុសត្រូវ​ក្នុង​ហេតុការណ៍​ធ្វេសប្រហែស​នេះ​។ 
 
​ក្នុងនាម​ជា​មគ្គុទ្ទេសក៍​មួយរូប លោក ទៀ គី​យូ មានការ​សោកស្ដាយ​ចំពោះ​ហេតុការណ៍​គ្រោះថ្នាក់​កាលពី​ថ្ងៃទី​២១ កក្កដា​នោះ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​វិស័យ​ទេសចរណ៍​កម្ពុជា​។ លោក​ក៏​សំណូមពរ​ដល់​ភ្ញៀវទេសចរ​ទាំងអស់ មុននឹង​សម្រេច​ទៅ​កម្សាន្ត​កន្លែង​ណាមួយ​គឺ​ត្រូវ​ទៅតាម​ក្រុមហ៊ុន​ឬ​មគ្គុទ្ទេសក៍​ដែលមាន​ការរៀបចំ​ត្រឹមត្រូវ ច្បាស់លាស់ និង​មាន​សុវត្ថិភាព​ខ្ពស់ កុំ​គិត​លើ​តម្លៃ​ដែល​ខុសគ្នា​បន្ដិចបន្ដួច តែ​ត្រូវ​គិត​លើ​សុវត្ថិភាព​និង​ភាព​ទំនួល​ខុសត្រូវ​។​
 
​គួរ​បញ្ជាក់ថា ភ្ញៀវទេសចរ​ជនជាតិ​ចិន​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​នេះ គឺមាន​ប្រុស​ម្នាក់​ស្រី​ម្នាក់ ខណៈពេល​អាជ្ញាធរ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្វាយ​លើ​។ ចំណែក​ជនរងគ្រោះ​១១​នាក់​ទៀត មាន​ស្ដ្រី​ចំនួន​៦​នាក់ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ឯកជន​ក្នុង​ក្រុង​សៀមរាប​៕

Tag:
 ក្រឡាប់​ឡាន​នៅ​ភ្នំ​គូលែន​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com