ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាហារ​អ្វី​ខ្លះទៅ​ដែល​ជួយ​សម្អាត​ថ្លើម​បន្សាប​ជាតិពុល​?
24, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្លើម គឺជា​ប្រព័ន្ធ​មុខងារ​ដ៏​សំខាន់​មួយ​នៃ​រាងកាយ ហើយ​វា​មាន​តួនាទី​ចម្បង​ក្នុងការ​កម្ចាត់​ជាតិពុល និង​សារ​ធាតុគីមី​គ្រោះថ្នាក់​ផ្សេងៗ​ចេញពី​រាងកាយ ក៏ដូចជា​សរីរាង្គ​ដទៃទៀត​។  ការសម្អាត​ថ្លើម គឺ​សំខាន់​ណាស់​ក៏​ព្រោះ​រាងកាយ​បង្កើត​ជាតិពុល​និង​សារធាតុ​បង្ក​ជំងឺមហារីក​ជាច្រើន​ប្រភេទ ដូច្នេះ​ប្រសិនបើ​ថ្លើម​គ្មាន​សុខភាព​ល្អ ឬ​ទទួលបាន​ការសម្អាត​ទេនោះ ថា​តើ​វា​អាច​កម្ចាត់​ជាតិពុល ឬ​សម្អាត​កាកសំណល់​ចេញពី​រាងកាយ​បាន​យ៉ាងម៉េច​ទៅ​។ អ្វីដែល​យើង​ទទួលទាន​ប្រចាំថ្ងៃ គឺមាន​ឥទ្ធិពល​ដោយផ្ទាល់​លើ​សរីរាង្គ​ខាងក្នុង​របស់​យើង ក៏ដូចជា​ថ្លើម​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​នូវ​អាហារ​ដ៏​ល្អៗ​មួយចំនួន​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​ផ្ដល់​សុខភាព​ល្អ​ដល់​ថ្លើម​និង​អាច​សម្អាត​ថ្លើម​បាន​តាមបែប​ធម្មជាតិ ៖
 
១. ក្រូចឆ្មារ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន​C រួមបញ្ចូល​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​កម្ចាត់​បាក់តេរី​ដែល​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ហើយ​សម្លាប់​ពពួក​បាក់​តេ​រី​អាក្រក់ ហើយ​បង្កើន​ចំនួន​បាក់តេរី​ល្អ​ជំនួស​វិញ​ដែល​ជួយ​ឲ្យ​មុខងារ​ថ្លើម​កាន់តែ​ល្អប្រសើរ និង​បង្កើន​ដំណើរការ​នៃ​ការ​បន្សាប​ជាតិពុល​ក្នុង​រាងកាយ​ផងដែរ​។​
 
២. ដំឡូងបារាំង​
 
​បន្លែ​មើម​នេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ glutathione ដែល​ជួយ​លាង​សម្អាត​ថ្លើម​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​ដំឡូងបារាំង​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​សារធាតុ lycopene  ដែលមាន​ប្រសិទ្ធភាព​ទប់ស្កាត់​ជំងឺមហារីក​។​
 
៣. ផ្លែ​បឺ​រ​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ glutathione រួមទាំង​សារធាតុ​ប្រឆាំង​បាក់តេរី​និង​អុកស៊ីតកម្ម​ដែល​ជួយ​សម្អាត​ថ្លើម ក៏ដូចជា​កម្ចាត់​ជាតិពុល​។ ផ្លែ​បឺ​រ​ក៏​ជួយ​ថ្លើម​ក្នុង​ដំណើរការ​បន្សាប​ជាតិពុល ឬ​បញ្ចេញ​ជាតិពុល ក៏ដូចជា​សារធាតុ​គីមី​គ្រោះថ្នាក់​ចេញពី​រាងកាយ​តាមរយៈ​ទឹកនោម​និង​លាមក​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ ចូរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​នេះ​ជាប្រចាំ​។​
 
៤. រមៀត​
 
​រមៀត​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ពិសេស​សារធាតុ Curcumin​ ​ដែល​ជួយ​ក្នុងការ​សម្អាត​ថ្លើម​។ អ្នក​អាច​បន្ថែម​ម្សៅ​រមៀត​ទៅក្នុង​អាហារ​ផ្សេងៗ​ប្រចាំថ្ងៃ ដើម្បី​ទទួលបាន​សុខភាព​ថ្លើម​ល្អ​។​
 
៥. បន្លែ​បៃតង​
 
​ព្យាយាម​ទទួលទាន​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន ក៏​ព្រោះ​បន្លែ​ទាំងនេះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិ​រ៉ែ ក៏ដូចជា​អង់ស៊ីម​ដែល​ល្អ​បំផុត​ចំពោះ​សុខភាព​ថ្លើម​និង​ការ​បន្សាប​ជាតិពុល​។ វា​ក៏​ជួយ​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​និង​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាងកាយ​ផងដែរ​។​
 
៦. តែ​បៃតង​
 
​តែ​បៃតង​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ catechins ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ថ្លើម​ទប់ស្កាត់​បញ្ហា​។​
 
៧. គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​មាន​ប្រយោជន៍​ច្រើន ហើយក៏​ល្អ​ចំពោះ​ការសម្អាត​ថ្លើម​ផងដែរ​។ ពិសេស គឺ​គ្រាប់​វាល់​ណឺ​ត​ដែល​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ សារធាតុ glutathione និង​ធាតុ​ចាំបាច់​ច្រើន​ទៀត ក៏ដូចជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ធ្វើ​ឲ្យ​ថ្លើម​មាន​សុខ​ភាពល្អ​រឹងមាំ​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​លើសពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៨. ក្រូចថ្លុង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ naringenin និង​សារធាតុ naringin ដែល​ជួយ​ការពារ​ថ្លើម​បន្សាប​ជាតិពុល​។ ដូច្នេះ​កុំ​ភ្លេច​បន្ថែម​ក្រូចថ្លុង​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​៕ 
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com