ជាតិ
សង្គមជាតិ
ក្រុម​ស្ត្រី LBT ជាង​៨០​ភាគរយ រង​អំពើហិង្សា​ផ្លូវចិត្ត​តាំងពី​វ័យក្មេង​
23, Jul 2019 , 10:56 am        
រូបភាព
​ភ្នំពេញ​៖ ក្រុម​ស្ត្រី LBT ដែលមាន ស្ត្រី​ស្រលាញ់​ស្ត្រី ស្ត្រី​ស្រលាញ់​ភេទ​ទាំងពីរ និង​ស្ត្រី​ប្ដូរ​យេនឌ័រ​ជា​បុរស ភាគច្រើន​ទទួលរង​អំពើហិង្សា​ពី​គ្រួសារ តាំងពី​វ័យក្មេង​។ អំពើហិង្សា​ដែល​ក្រុម​នេះ ទទួលរង​ពី​គ្រួសារ មាន​អំពើហិង្សា​ផ្លូវចិត្ត ផ្លូវភេទ និង​ផ្នែក​សេដ្ឋកិច្ច​។  នេះ​យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​សហគម​ន៍​ឥន្ទធនូ​កម្ពុជា ដែល​បានបង្ហាញ​កាលពី​ថ្ងៃទី​១៧​កក្កដា ឆ្នាំ​២០១៩​។​

 
​សហគមន៍​ឥន្ទធនូ​កម្ពុជា បាន​សិក្សា​ស្រាវជ្រាវ​លើ​ក្រុម​ស្ត្រី​LBT ចំនួន​៦១​នាក់ មកពី​ខេត្ត​ចំនួន​៨​នៅ​កម្ពុជា ក្នុងនោះ​មាន​៣១​នាក់ ដែលមាន​អាយុ​ក្រោម​៣៥​ឆ្នាំ បាន​ទទួលរង​អំពើហិង្សា​ពី​គ្រួសារ​តាំងពី​នៅ​វ័យក្មេង​ម្ល៉េះ​។ ក្រុម​ស្ត្រី LBT អាយុ​ក្រោម​៣៥​ឆ្នាំ​នោះ មាន​ចំនួន​៨១​ភាគរយ ជួបប្រទះ​អំពើហិង្សា​ផ្លូវចិត្ត មាន​១០​ភាគរយ ទទួលរង​នូវ​អំពើហិង្សា​ផ្លូវភេទ និង​ចំនួន​៣៥​ភាគរយ​ទៀត គឺជា​ក្រុម​ដែល​ធ្លាប់​គិត​ចង់​សម្លាប់ខ្លួន ឬក៏​ធ្លាប់​សម្លាប់ខ្លួន​ហើយ​តែ​មិនបាន​សម្រេច​។​
 
​ក្រុម​ស្ត្រី​ដែល​ទទួលរង​អំពើហិង្សា​លើផ្លូវ​ចិត្ត​ពី​គ្រួសារ ព្រោះតែ​នៅក្នុង​ស្ថានភាព​គ្រួសារ ស្ត្រី​ទាំងនោះ​រមែង​ទទួលបាន​ការរើសអើង និង​មិន​ទទួល​បានការ​រាប់រក​ពី​សមាជិកគ្រួសារ​ទេ នេះ​គឺ​កើតឡើង​នៅពេលដែល​ពួកគាត់​បង្ហាញ​ពី​អត្តសញ្ញាណ​យេនឌ័រ​របស់ខ្លួន​។ 
 
​ឯ​អំពើហិង្សា​លើផ្លូវ​ភេទ​វិញ គឺ​កើតឡើង​នៅពេល​ក្រុម​ស្ត្រី LBT ត្រូវបាន​សមាជិក​ក្រុមគ្រួសារ​របស់​ពួកគាត់​បង្ខំ​ឱ្យ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ដែល​ពួកគាត់​មិន​ស្រលាញ់​។ ក្រៅពី​អំពើហិង្សា​លើផ្លូវ​ចិត្ត និង​ផ្លូវភេទ​នោះ ក៏មាន​អំពើហិង្សា​លើផ្លូវ​កាយ ដែល​ក្រុម​ស្ត្រី​ទាំងនោះ​ទទួលរង​ការវាយដំ​ពី​សមាជិកគ្រួសារ ក៏ដូចជា​អំពើហិង្សា​លើ​សេដ្ឋកិច្ច ដែល​ក្រុម​ស្ត្រី​ទាំងនោះ ត្រូវបាន​ឪពុកម្ដាយ ដកហូត​ទ្រព្យសម្បត្តិ​មិនឱ្យ​ប្រើប្រាស់ ឬ​ចាយវាយ​ជាដើម​។ នេះ​បើ​របាយការណ៍​ដដែល​បាន​រៀបរាប់​ពី​ស្ថានភាព​ហិង្សា​លើ​ក្រុម​ស្ត្រី​LBT​។​
 
​ការរើសអើង មើលងាយ ស្អប់ខ្ពើម​ដែល​ចេញ​មកពី​គ្រួសារ​ទាំងនេះ ការស្រាវជ្រាវ​បាន​បញ្ជាក់ថា ជាទូទៅ​ក្រុម​ស្ត្រី LBT រមែងតែ​ទទួលបាន​ការបាក់​ទឹកចិត្ត​លើ​ខ្លួនឯង​។​
 
​របាយការណ៍​នេះ បាន​សង្កត់ធ្ងន់ថា ក្នុងសង្គម​កម្ពុជា មាន​រាជរដ្ឋាភិបាល ក៏ដូចជា​ប្រជាជន​ទូទៅ​អះអាងថា ពួកគេ​ទទួលស្គាល់​ដោយ​មើលឃើញ​ពី​ស្ថានភាព​នៃ​ការរើសអើង​ក្រុម​ស្ត្រី LBT មានការ​ថយចុះ និង​មាន​លក្ខណៈ​ល្អប្រសើរ​ច្រើន ប៉ុន្តែ​ធាតុពិត​ទៅ ក្រុម​ស្ត្រី LBT ផ្ទាល់​គឺ​មិនបាន​មើលឃើញ​យ៉ាង​ដូច្នេះ​ទេ​។ ផ្ទុយទៅវិញ ពួកគាត់​មើលឃើញថា សង្គម​គឺ​នៅតែ​បន្ត​រើសអើង មើលងាយ និង​ស្អប់ខ្ពើម​ពួកគាត់​ដដែល​៕
 

Tag:
 LBT
 ​ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com