កីឡាអន្តរជាតិ
អន្តរជាតិ
De Ligt៖ «​លោក Sarri តែ​ម្នាក់​គត់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេចយក Juventus»
23, Jul 2019 , 11:24 am        
រូបភាព
​ខ្សែការពារ Matthijs de Ligt បាន​ចេញមុខ​អះអាងថា​អ្នកចាត់ការ​ទូទៅ​លោក Maurizio Sarri ជា​បុគ្គល​សំខាន់​ដំបូង​គេ​ដែល​ផ្តល់​ហេតុផល​សមរម្យ​បំផុត​ក្នុងការ​ទាក់ចិត្ត​ឲ្យ​រូបគេ​ចោល​ក្លិប​ផ្សេង​ហើយ​ជ្រើស​យក Juventus​។​


 
De Ligt ក្នុងនាម​ជា​ប្រធាន​ក្រុម​វ័យក្មេង​ជាងគេ​បាន​ផ្លាស់​ពី Ajax ទៅ​ចូលរួម​ជាមួយ​ក្រុម​រហ​ស្សនាម​សេះបង្កង់ ក្នុងតម្លៃ​ផ្ទេរ ៨៤​លាន​ដុល្លារ​អាមេរិក កាលពី​សប្តាហ៍​មុន​។ មុន​សម្រេច​ទៅ​ទឹកដី​អ៊ីតាលី ខ្សែការពារ​សញ្ជាតិ​ហូ​ឡង់ វ័យ​១៩​ឆ្នាំ រូបនេះ ធ្លាប់មាន​ទំនាក់ទំនង​យ៉ាងខ្លាំង​ទៅនឹង​ការផ្លាស់​ទៅ Manchester United, Barcelona និង Paris-St Germain ផងដែរ ក្រោយ​បង្ហាញខ្លួន​បានល្អ​តាមរយៈ​ការនាំ Ajax ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League រដូវ​កាល​មុន​។​


 
​យ៉ាងណាក៏ដោយ De Ligt នៅតែ​ជ្រើស​យក Juventus ហើយ​មូលហេតុ​ចម្បង​ដែល​នាំ​រូបគេ​សម្រេចចិត្ត​បែបនេះ​ក៏​ព្រោះតែ​លោក Maurizio Sarri ដែរ​។ អ្នកចាត់ការ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​ទើបតែ​ចូលកាន់​តំណែង​ដឹកនាំ​ម្ចាស់​ជើងឯក Serie A រដូវ​កាល​នេះ បន្ទាប់ពី​ចាកចេញ​ពី Chelsea ទាំង​នៅ​កិច្ចសន្យា​២​ឆ្នាំ​។​
 
«​គាត់ [Sarri] ជា​មូលហេតុ​ចម្បង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​ចូលរួម​នៅទីនេះ​។ ខ្ញុំ​បាន​និយាយ​ជាមួយ Sarri តាម​ទូរស័ព្ទ​មុនពេល​ខ្ញុំ​ធ្វើដំណើរ​ទៅ​ទីក្រុង Turin ដើម្បី​ជួបគ្នា​។ ខ្ញុំ​បានលឺ​រឿង​ល្អៗ​ជាច្រើន​ពី​គាត់ ហើយ​ខ្ញុំ​ចូលចិត្ត​ទស្សន និង​របៀប​នៃ​ការដឹកនាំ​របស់គាត់ ជាពិសេស​គឺ​ការរៀបចំ​តំបន់​ការពារ​របស់គាត់​តែម្តង​»​។ De Ligt រៀបរាប់​ពី​អតីត​អ្នកចាត់ការ Napoli យ៉ាង​ដូច្នេះ​។​
De Ligt ជា​កីឡា​ករទី​៤ ដែល Juventus នាំចូល​សម្រាប់​រដូវ​កាល​ថ្មី​នេះ បន្ទាប់ពី​ពួកគេ​ទទួលបាន​កីឡាករ​៣​រូប​រួច​ហើយដោយ​គ្មាន​តម្លៃ​ផ្ទេរ ដែល​រួមមាន អ្នកចាំទី Gianluigi Buffon ដែល​ត្រឡប់​ពី PSG វិញ រូប​ជាមួយ​ខ្សែបម្រើ Adrien Rabiot ពី PSG ដូចគ្នា និង Aaron Ramsey ដែល​ទើប​ចាក​ចេញពី Arsenal នៅក្រោយ​បញ្ចប់​រដូវ​កាល​កន្លងទៅ​។​
 
​ខ្សែការពារ​វ័យក្មេង​រូបនេះ បានបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​លោក Sarri លើកដំបូង ខណៈដែល Juvetus ចាញ់ Tottenham Hotspur ៣-២ នា​ជំនួប​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី (Preseason Tour) នៅ​ទឹកដី​សិង្ហ​បុរី​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ De Ligt ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ដែលមាន​សមាសភាព​កីឡាករ​ល្អៗ​ជាច្រើន​ដូចជា Cristiano Ronaldo, Paulo Dybala, Douglas Costa, Miralem Pjanic ជាដើម ដើម្បី​ប្រជែង​ពាន​លំដាប់​កំពូលៗ​នៅ​រដូវ​កាល​ថ្មី ២០១៩-២០ នេះ​៕



Tag:
 Matthijs de Ligt
  Maurizio Sarri
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com