កីឡាជាតិ
ជាតិ
វីដេអូ
​ឧ​ត្ត​ម​សេនីយ៍​ត្រី កែ ឡេង​! ឋានន្តរសក្តិ​បាន​ដោយសារ​សមត្ថភាព​ខ្ពស់​ផ្នែក​កីឡា​ប៉េតង់​
23, Jul 2019 , 11:37 am        
រូបភាព
ដោយ:
​ភ្នំពេញ៖ វីរ​កីឡាការិនី កែ ឡេង ទទួលបាន​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ បន្ទាប់ពី​បាន​សាង​ស្នាដៃ​ជា​បន្តបន្ទាប់​នៅលើ​ឆាក​អន្តរជាតិ​លើ​វិស័យ​កីឡា​ប៉េតង់​។ តួនាទី​នេះ ទទួលបាន​ក្រោយ​កីឡាការិនី​រូបនេះ​រួមជាមួយ​កីឡាការិនី អ៊ុក ស្រីមុំ ដណ្តើមបាន​ពាន​មួយ​នៅ​ប្រទេស​បារាំង កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨​។ ក្រោយ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​តាំងពី​ឆ្នាំ​១៩៩៧ កីឡាការិនី​រូបនេះ ដណ្តើមបាន​មេដាយ​លើ​ឆាក​អន្តរជាតិ​សរុប​ចំនួន​៥៥​មេដាយ​។​


 
 
​ក្រោយ​សាង​ស្នាដៃ​ល្អៗ​ជាច្រើន​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​មាតុភូមិ វីរ​កីឡាការិនី​ប៉េតង់ កែ ឡេង ត្រូវបាន​រាជរដ្ឋាភិបាល​ផ្តល់​តួនាទី​ឲ្យ​បម្រើ​ការងារ​ជា​កងកម្លាំង​ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១៨ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ដំឡើង​តួនាទី​វីរ​កីឡាការិនី កែ ឡេង ពី​វរសេនីយ៍ឯក​ទៅជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​។ 
 
​ការប្រទាន​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​នេះ បន្ទាប់ពី​កីឡាការិនី​រូបនេះ ចាប់ដៃគ្នា​ជាមួយ​កីឡាការិនី អ៊ុក ស្រីមុំ បាន​ក្លាយជា​ម្ចាស់​ជើងឯក​លើ​វិញ្ញាសា​វាយ​គូ​នារី នា​ការប្រកួត​ពានរង្វាន់ Trophée L’Équipe ដែល​រៀបចំ​ដោយសារ​ព័ត៌មាន​កីឡា​ដ៏​ល្បី​របស់​បារាំង L’Equipe​។ ការប្រកួត​នេះ ប្រព្រឹត្តទៅ​ចន្លោះ​ពីថ្ងៃ​ទី​៩ ដល់​ថ្ងៃទី​១៤ ខែតុលា នៅ​ទីលាន Boulodrom de Tours ដេ​ប៉ា​តឺ​ម៉​ង់ Indre-et-Loire ប្រទេស​បារាំង​។​


 
​ឆ្លើយ​សំនួរ​ជាមួយ​សារព័ត៌មាន​ថ្មីៗ ដែល​សួរថា តើ​ការទទួលបាន​ក្របខណ្ឌ​នៅ​ក្រសួងការពារជាតិ​តាមរយៈ​វិស័យ​កីឡា​ប៉េតង់ ឬ​យ៉ាងណា​? អ្នកស្រី កែ ឡេង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ចាស​!​ពិតជា​ត្រឹមត្រូវ ខ្ញុំ​មានមុខ​មាន​មាត់​និង​មាន​កិត្តិយស​ដល់​ថ្ងៃនេះ គឺ​តាមរយៈ​សាង​ស្នាដៃ​ល្អ​របស់ខ្ញុំ ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​ឧ​ត្ត​ម​សេនីយ៍​ត្រី​»​។​
 
​បន្ថែម​លើ​នេះ​វិស័យ​កីឡា​ប៉េតង់ ក៏បាន​ជួយ​លើកស្ទួយ​ជីវភាព​គ្រួសារ​របស់​កីឡាការិនី​រូបនេះ​ផងដែរ​។ អ្នកស្រី​និយាយថា​៖«​តាំងពី​ខ្ញុំ​បាន​ក្លាយជា​កីឡាការិនី​ឆ្នើម​មួយរូប​មក​គឺ​ជីវភាព​គ្រួសារ​ខ្ញុំ​ធូរធារ​ច្រើន​។ ខ្ញុំ​បាន​ជួយ​បណ្តុះបណ្តាល​កូន និង​កូនសិស្ស​ខ្ញុំ​ក្រៅ​ក្របខណ្ឌ​ចំនួន​២៣​រូប ដើម្បី​ស្នង​ពេល​អត់​រូបខ្ញុំ ហើយ​ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ចាប់​អាជីព​នេះ និង​ក្លាយជា​កីឡាការិនី​ឆ្នើម​ដូច​រូបខ្ញុំ​»​។​
 
​អតីត​កីឡាការិនី​បាល់ទះ​រូបនេះ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​នៅ​ឆ្នាំ​១៩៩៧​។ ក្រោយ​ដើរ​លើ​វិថី​នេះ​អស់​រយៈពេល​២២​ឆ្នាំ អ្នកស្រី​បាន​សាង​ស្នាដៃ​យ៉ាង​ត្រចះត្រចង់​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​៥៥​មេដាយ និង​ធ្លាប់​ឈ្នះ​មេដាយមាស​ពិភពលោក​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​៣​លើក គឺ​នៅ​ឆ្នាំ​២០១៣, ២០១៥ និង ២០១៧៕  



Tag:
 ​ប៉េតង់​
  កែ ឡេង
© រក្សាសិទ្ធិដោយ thmeythmey.com