ជាតិ
សង្គមជាតិ
៦ខែ សមត្ថកិច្ច ជួយក្មេងអាយុក្រោម១៥ឆ្នាំបាន៧០នាក់ ពីការជួញដូរនិងអាជីវកម្មផ្លូវភេទ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីអំពើជួញដូរមនុស្សក្នុងឆមាសទី១នៃឆ្នាំ២០១៩
× គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៩ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានជួយជនរងគ្រោះ២៦៣នាក់ ពីអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។ ក្នុងនោះ ជនរងគ្រោះអាយុក្រោម១៥ឆ្នាំ មាន៧០នាក់ អាយុ១៥ឆ្នាំដល់១៧ឆ្នាំ មាន៣១នាក់ និងអាយុ១៨ឆ្នាំឡើងទៅ មាន១៦២នាក់។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះផ្សាយពីរបាយការណ៍នេះ ដែលត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងឆមាសទី១ នៃឆ្នាំ២០១៩ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ក្នុងចំណោមជនរងគ្រោះទាំងនោះ ៧២នាក់ ត្រូវបានប្រគល់ឲ្យមន្ទីរសង្គមកិច្ច និង១៩១នាក់ ត្រូវបានប្រគល់ទៅគ្រួសារ។ របាយការណ៍ ពុំបានបញ្ជាក់ចំនួនប្រុសនិងស្រីនោះទេ។ ចំនួននេះ មានការកើនឡើង បើធៀបនឹងឆមាសទី១នៃឆ្នាំ២០១៨ ដោយមានជនរងគ្រោះ១០៦នាក់។
បើតាមរបាយការណ៍ សមត្ថកិច្ច បានបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ៧៨ករណី ក្នុងរយៈពេល៦ខែនេះ ដោយបានចាប់ជនល្មើស៩៧នាក់ (ស្រី២២នាក់) ក្នុងនោះ មានជនជាតិចិន១២ និងអាមេរិក២នាក់។
ដោយឡែក ការបង្ការ និងទប់ស្កាត់ ការជួញដូរមនុស្សតាមរូបភាពអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ក្នុងឆមាសទី១ នៃឆ្នាំ២០១៩នេះ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃ បានទទួលពាក្យ និងសម្ភាសពលរដ្ឋខ្មែរ និងជនបរទេស សរុបជាង១ពាន់គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់។
ជាមួយគ្នានេះ ជំនាញនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានទាក់ទងនិងសាកសួរព័ត៌មានអំពីនារីខ្មែរ៧៤នាក់ ដែលទៅរស់នៅជាមួយស្វាមីនៅក្រៅប្រទេស ដើម្បីតាមដានស្ថានភាព ដែលសង្ស័យថាអាចកើតមានការជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍៕
Tag:
ជួញដូរមនុស្ស
អាជីវកម្មផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com