ជាតិ
សង្គមជាតិ
៦​ខែ សមត្ថកិច្ច ជួយ​ក្មេង​អាយុ​ក្រោម​១៥​ឆ្នាំ​បាន​៧០​នាក់ ពី​ការជួញដូរ​និង​អាជីវកម្ម​ផ្លូវភេទ​
23, Jul 2019 , 2:02 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីអំពើជួញដូរមនុស្សក្នុងឆមាសទី១នៃឆ្នាំ២០១៩
សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីអំពើជួញដូរមនុស្សក្នុងឆមាសទី១នៃឆ្នាំ២០១៩
​គិតពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០១៩ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​ជួយ​ជនរងគ្រោះ​២៦៣​នាក់ ពី​អំពើ​ជួញដូរ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​។ ក្នុងនោះ ជនរងគ្រោះ​អាយុ​ក្រោម​១៥​ឆ្នាំ មាន​៧០​នាក់ អាយុ​១៥​ឆ្នាំ​ដល់​១៧​ឆ្នាំ មាន​៣១​នាក់ និង​អាយុ​១៨​ឆ្នាំ​ឡើងទៅ មាន​១៦២​នាក់​។


 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ចុះផ្សាយ​ពី​របាយការណ៍​នេះ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩  ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​របស់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។ 
 
​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ ៧២​នាក់ ត្រូវបាន​ប្រគល់​ឲ្យ​មន្ទីរ​សង្គមកិច្ច និង​១៩១​នាក់ ត្រូវបាន​ប្រគល់​ទៅ​គ្រួសារ​។ របាយការណ៍ ពុំបាន​បញ្ជាក់​ចំនួន​ប្រុស​និង​ស្រី​នោះទេ​។ ចំនួន​នេះ មានការ​កើនឡើង បើ​ធៀប​នឹង​ឆមាស​ទី​១​នៃ​ឆ្នាំ​២០១៨ ដោយមាន​ជនរងគ្រោះ​១០៦​នាក់​។ 
 
​បើតាម​របាយការណ៍ សមត្ថកិច្ច បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​៧៨​ករណី ក្នុង​រយៈពេល​៦​ខែ​នេះ ដោយបាន​ចាប់​ជនល្មើស​៩៧​នាក់ (​ស្រី​២២​នាក់​) ក្នុងនោះ មាន​ជនជាតិ​ចិន​១២ និង​អាមេរិក​២​នាក់​។ 
 
​ដោយឡែក ការបង្ការ និង​ទប់ស្កាត់ ការជួញដូរ​មនុស្ស​តាម​រូបភាព​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៩​នេះ ក្រសួងការបរទេស និង​ក្រសួងមហាផ្ទៃ បានទទួល​ពាក្យ និង​សម្ភាស​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស សរុប​ជាង​១​ពាន់​គូ ដែល​បានដាក់​ពាក្យសុំ​រៀប​អាពាហ៍ពិពាហ៍​តាមផ្លូវ​ច្បាប់​។​
 
​ជាមួយគ្នានេះ ជំនាញ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បានទាក់ទង​និង​សាកសួរ​ព័ត៌មាន​អំពី​នារី​ខ្មែរ​៧៤​នាក់ ដែល​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅក្រៅ​ប្រទេស ដើម្បី​តាមដាន​ស្ថានភាព ដែល​សង្ស័យថា​អាច​កើតមាន​ការជួញដូរ​ម​នុស្ស តាមរយៈ​ការរៀប​អាពាហ៍ពិពាហ៍​៕ 

Tag:
 ជួញដូរ​មនុស្ស​
  អាជីវកម្ម​ផ្លូវភេទ
© រក្សាសិទ្ធិដោយ thmeythmey.com