ជាតិ
សត្វ​ផ្សោត​មួយ​ក្បាល​ទម្ងន់​១០៤​គីឡូក្រាម​ងាប់​នៅ​ខេត្តក្រចេះ
23, Jul 2019 , 7:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF
រូបភាពពីហ្វេសប៊ុកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF
​ភ្នំពេញ​៖ សត្វ​ផ្សោត​មួយ​ក្បាល​ងាប់​នៅ​ខេត្តក្រចេះ ដែល​ត្រូវបាន​គេ​សង្ស័យថា ងាប់​ដោយសារ​ជាប់​ម៉​ង ។ នេះ​ជាការ​សន្និដ្ឋាន​បឋម របស់​រដ្ឋបាល​ជលផល និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF ដែល​ប្រទះឃើញ​សត្វ​ផ្សោត​ងាប់​នោះ មាន​ជាប់​ស្នាម​ម៉​ង​នៅ​កន្ទុយ​។​

 
​អង្គការ WWF បាន​បញ្ជាក់ថា សត្វ​ផ្សោត​ដែល​ងាប់​ជា​ផ្សោត​ឈ្មោល មាន​ប្រវែង​១.៩៨​ម៉ែត្រ និង​មាន​អាយុ​ប្រហែល​១៥​ទៅ​១៨​ឆ្នាំ​។ សាកសព​សត្វ​ផ្សោត​នេះ បាន​រក្សាទុក​ក្នុង​ទូរ​ទឹកកក​នៅ​ការិយាល័យ​WWF ដើម្បី​ធ្វើ​កោសល្យវិច័យ​។ សត្វ​ផ្សោត​ដែល​ងាប់​នេះ ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ភូមិ​កា​កុ​ត ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​២២​កក្កដា ឆ្នាំ​២០១៩​។  
 
​បើតាម​អង្គការ WWF  ការដាក់​ម៉​ង​របស់​ពលរដ្ឋ​ក្នុង​តំបន់​អភិរក្ស ជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​សត្វ​ផ្សោត​តាម​ទន្លេមេគង្គ​។ ជាមួយគ្នានេះ​អង្គការ WWF អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​អភិរក្ស ដើម្បី​ការពារ​សត្វ​ផ្សោត ដែលជា​បេតិកភណ្ឌ​មាន​ជិវិត​នៅ​កម្ពុជា​
 
​គិត​ចាប់ពី​ដើមឆ្នាំ​២០១៩​មក មាន​សត្វ​ផ្សោត​៥​ក្បាល​ហើយ ដែល​បាន​ងាប់ ។ រីឯ​កូន​សត្វ​ផ្សោត​៩​ក្បាល​ទៀត បានកើត​។ នេះ​បើតាម​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ WWF៕

Tag:
 សត្វ​ផ្សោត​
© រក្សាសិទ្ធិដោយ thmeythmey.com