អន្តរជាតិ
លោក ត្រាំ សរសើរ​ចិន​ក្នុងការ​ដោះស្រាយ​បាតុកម្ម​នៅ​ហុងកុង​
23, Jul 2019 , 7:39 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២២ ខែកក្កដា បាន​និយាយ​លើកសរសើរ​ចិន​ក្នុងការ​ដោះស្រាយ​ស្ថានការណ៍​អំឡុងពេល​បាតុកម្ម​ដែល​កំពុង​ធ្វើ​ឲ្យ​រំជើបរំជួល​ទីក្រុង​ហុងកុង​។ ទោះជា​ការប្រមូលផ្ដុំ​ធ្វើឡើង​ដោយ​អហិង្សា​ក្ដី ជារឿយៗ​ការតវ៉ា​នេះ​តែង​បញ្ចប់​ទៅវិញ​ជាមួយ​ការផ្ទុះ​អំពើហិង្សា​រវាង​បាតុករ​វ័យក្មេង និង​មន្ត្រីប៉ូលិស​ហុងកុង​។ លោក ត្រាំ ថា បាតុកម្ម​នៅ​ហុងកុង​នឹង​ខ្ចប់​មិន​ខាន បើ​ចិន​ចង់​ឲ្យ​ចប់​នោះ​។​

 
​ជាង​ពីរ​ខែ​មកនេះ ទីក្រុង​ហុងកុង រង​ភាព​ញាប់​ញ័រ​ដោយសារ​ការតវ៉ា​ផ្ទួនៗ​របស់​បាតុករ​គ្រប់​ស្រទាប់វណ្ណៈ​។ ពី​ការប្រឆាំង​សេចក្ដីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន បាតុកម្ម​ក្នុង​ទី​ក្រិ​ង​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​នេះ ប្រែ​រូបរាង​ទៅជា​ការទាមទារ​ឲ្យ​មាន​កំណែទម្រង់​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​ការទប់ស្កាត់​ការធ្លាក់ចុះ​សេរីភាព​របស់​ប្រជាជន​ដែល​ក្រុង​ប៉េកាំង​ធានា​ការពារ​ពេល​ទទួលយក​ទីក្រុង​នេះ​ពី​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧ ។​
 
​ពី​សេត​វិមាន លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និយាយថា ស្ថានភាព​នៅ​ហុងកុង​ដូច​បច្ចុប្បន្ន ជា​រឿង​សំខាន់​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ លោក ត្រាំ ថែមទាំង​និយាយថា ការធ្វើ​បាតុកម្ម​នៅ​ហុងកុង ធ្វើឡើង​ដោយ​អហិង្សា​ផង ទោះ​ជាមាន​របាយការណ៍​ពី​មនុស្ស​របួស​ជាង​៤០​នាក់​ក្នុង​ការប្រមូល​កាលពី​ចុង​សប្ដាហ៍​មុន​ក្ដី​។ ប៉ូលិស​ហុងកុង បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់ ដែល​ជាប់​សង្ស័យថា នៅ​ពីក្រោយ​អំពើហិង្សា ហើយ​ពួកគេ​មាន​ប្រវត្តិ​ជា​អ្នកលេង​ផង​។​
 
«​បើ​ចិន​អាច​បញ្ចប់​បាន បើ​ពួកគេ​ចង់​។​» នេះ​ជា​សម្ដី​របស់លោក ត្រាំ ដែល​ទំនង​មានន័យថា ការធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់​នេះ អាច​ចប់សព្វគ្រប់​មិន​ខាន បើ​មាន​បញ្ជា​ឲ្យ​បង្ក្រាប​ពី​អាជ្ញាធរ​ហុងកុង ឬ​ពី​ប៉េកាំង​។ នា​ជំនួប​នៅ​បន្ទប់​ពងក្រពើ​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន អ៊ី​ម​រ៉ា​ន ខាន់ នៅ​ថ្ងៃទី​២២ ខែកក្កដា ប្រធានាធិបតី​អាមេរិក​រូបនេះ​ក៏​គិតថា ប្រធានាធិបតី​ចិន បាន​ដោះស្រាយ​បញ្ហា​ដោយមាន​ការទទួលខុសត្រូវ​យ៉ាងខ្លាំង និង​សង្ឃឹមថា លោក ស៊ី នឹងមាន​ចំណាត់​ត្រឹមត្រូវ​មិន​ខាន​។​
 
​បាតុកម្ម​មួយរយៈ​ពេល​ចុងក្រោយ​នេះ មាន​ប្រជាជន​ហុងកុង​ចូលរួម​យ៉ាងច្រើន ដែលជា​រឿង​កម្រ​មាន​ក្នុង​តំបន់​រដ្ឋបាល​ពិសេស​មួយ​យ​នេះ​។ វា​ជា​សញ្ញា​បង្ហាញ​ពី​ការមិន​ពេញចិត្ត​កាន់តែខ្លាំង​របស់​ប្រជាជន​ក្នុង​ទីក្រុង​នេះ​លើ​អ្វីដែល​ពួកគេ​អះអាងថា ជាការ​លូកដៃ​ចូល​ចាត់ចែង​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​ដោយ​រដ្ឋាភិបាល​ប៉េកាំង​។ ទោះ​ស្ថិតក្រោម​អធិបតេយ្យ​របស់​ចិន​មែន ពលរដ្ឋ​ហុងកុង​តែង​ប្រកាន់​អត្តសញ្ញាណ​មួយ​ដោយឡែក​ពី​ទឹកដី​ឯទៀត​របស់​ចិន​។​
 
​កន្លងមក អាមេរិក​ក៏​ធ្លាប់មាន​ប្រតិកម្ម​លើ​ការធ្វើ​បាតុកម្ម​ហុងកុង​នេះ តែ​ជាការ​រិះគន់​ធ្ងន់​លើ​ចិន​ជុំវិញ​ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​ប្រមូលផ្ដុំ​។ ប៉េកាំង ក៏​ធ្លាប់​ប្រាប់​ឲ្យ​វ៉ាស៊ីនតោន​ឈប់​កកូរកកាយ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ទៀត​។ យ៉ាងណាមិញ ការនិយាយ​បែប​លើកសរសើរ​របស់លោក ត្រាំ ពេលនេះ ទំនង​ទទួលបាន​ការឆ្លើយតប​វិជ្ជមាន​វិញ​ពី​សំណាក់​ប៉េកាំង​៕  
 

Tag:
 អាមេរិក​
  ចិន​
  ហុងកុង​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com