អន្តរជាតិ
លោក ត្រាំ សរសើរចិនក្នុងការដោះស្រាយបាតុកម្មនៅហុងកុង ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។ រូបភាព AFP
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២២ ខែកក្កដា បាននិយាយលើកសរសើរចិនក្នុងការដោះស្រាយស្ថានការណ៍អំឡុងពេលបាតុកម្មដែលកំពុងធ្វើឲ្យរំជើបរំជួលទីក្រុងហុងកុង។ ទោះជាការប្រមូលផ្ដុំធ្វើឡើងដោយអហិង្សាក្ដី ជារឿយៗការតវ៉ានេះតែងបញ្ចប់ទៅវិញជាមួយការផ្ទុះអំពើហិង្សារវាងបាតុករវ័យក្មេង និងមន្ត្រីប៉ូលិសហុងកុង។ លោក ត្រាំ ថា បាតុកម្មនៅហុងកុងនឹងខ្ចប់មិនខាន បើចិនចង់ឲ្យចប់នោះ។
ជាងពីរខែមកនេះ ទីក្រុងហុងកុង រងភាពញាប់ញ័រដោយសារការតវ៉ាផ្ទួនៗរបស់បាតុករគ្រប់ស្រទាប់វណ្ណៈ។ ពីការប្រឆាំងសេចក្ដីព្រាងច្បាប់ធ្វើបត្យាប័នជាមួយចិន បាតុកម្មក្នុងទីក្រិងហិរញ្ញវត្ថុដ៏ធំមួយនេះ ប្រែរូបរាងទៅជាការទាមទារឲ្យមានកំណែទម្រង់ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការទប់ស្កាត់ការធ្លាក់ចុះសេរីភាពរបស់ប្រជាជនដែលក្រុងប៉េកាំងធានាការពារពេលទទួលយកទីក្រុងនេះពីចក្រភពអង់គ្លេសនៅឆ្នាំ១៩៩៧ ។
ពីសេតវិមាន លោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា ស្ថានភាពនៅហុងកុងដូចបច្ចុប្បន្ន ជារឿងសំខាន់របស់ប្រធានាធិបតីចិន ស៊ី ជិនភីង ។ លោក ត្រាំ ថែមទាំងនិយាយថា ការធ្វើបាតុកម្មនៅហុងកុង ធ្វើឡើងដោយអហិង្សាផង ទោះជាមានរបាយការណ៍ពីមនុស្សរបួសជាង៤០នាក់ក្នុងការប្រមូលកាលពីចុងសប្ដាហ៍មុនក្ដី។ ប៉ូលិសហុងកុង បានចាប់ខ្លួនមនុស្ស៦នាក់ ដែលជាប់សង្ស័យថា នៅពីក្រោយអំពើហិង្សា ហើយពួកគេមានប្រវត្តិជាអ្នកលេងផង។
«បើចិនអាចបញ្ចប់បាន បើពួកគេចង់។» នេះជាសម្ដីរបស់លោក ត្រាំ ដែលទំនងមានន័យថា ការធ្វើបាតុកម្មជាបន្តបន្ទាប់នេះ អាចចប់សព្វគ្រប់មិនខាន បើមានបញ្ជាឲ្យបង្ក្រាបពីអាជ្ញាធរហុងកុង ឬពីប៉េកាំង។ នាជំនួបនៅបន្ទប់ពងក្រពើជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន អ៊ីមរ៉ាន ខាន់ នៅថ្ងៃទី២២ ខែកក្កដា ប្រធានាធិបតីអាមេរិករូបនេះក៏គិតថា ប្រធានាធិបតីចិន បានដោះស្រាយបញ្ហាដោយមានការទទួលខុសត្រូវយ៉ាងខ្លាំង និងសង្ឃឹមថា លោក ស៊ី នឹងមានចំណាត់ត្រឹមត្រូវមិនខាន។
បាតុកម្មមួយរយៈពេលចុងក្រោយនេះ មានប្រជាជនហុងកុងចូលរួមយ៉ាងច្រើន ដែលជារឿងកម្រមានក្នុងតំបន់រដ្ឋបាលពិសេសមួយយនេះ។ វាជាសញ្ញាបង្ហាញពីការមិនពេញចិត្តកាន់តែខ្លាំងរបស់ប្រជាជនក្នុងទីក្រុងនេះលើអ្វីដែលពួកគេអះអាងថា ជាការលូកដៃចូលចាត់ចែងកិច្ចការផ្ទៃក្នុងហុងកុងដោយរដ្ឋាភិបាលប៉េកាំង។ ទោះស្ថិតក្រោមអធិបតេយ្យរបស់ចិនមែន ពលរដ្ឋហុងកុងតែងប្រកាន់អត្តសញ្ញាណមួយដោយឡែកពីទឹកដីឯទៀតរបស់ចិន។
កន្លងមក អាមេរិកក៏ធ្លាប់មានប្រតិកម្មលើការធ្វើបាតុកម្មហុងកុងនេះ តែជាការរិះគន់ធ្ងន់លើចិនជុំវិញការគោរពសិទ្ធិមនុស្ស និងសេរីភាពប្រមូលផ្ដុំ។ ប៉េកាំង ក៏ធ្លាប់ប្រាប់ឲ្យវ៉ាស៊ីនតោនឈប់កកូរកកាយកិច្ចការផ្ទៃក្នុងរបស់ខ្លួនទៀត។ យ៉ាងណាមិញ ការនិយាយបែបលើកសរសើររបស់លោក ត្រាំ ពេលនេះ ទំនងទទួលបានការឆ្លើយតបវិជ្ជមានវិញពីសំណាក់ប៉េកាំង៕
Tag:
អាមេរិក
ចិន
ហុងកុង
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com