ជាតិ
ប្រធាន​ជលផល​៖ បទល្មើស​នេសាទ​បង្កឡើង​ដោយ​ជន​ឆ្លៀតឱកាស​
23, Jul 2019 , 8:19 pm        
រូបភាព
​សៀមរាប​៖ បណ្ដាញ​កម្ពុជា​ស្ដីពី​ជលផល បានរៀបចំ​កិច្ចប្រជុំ​ប្រចាំឆមាស​ទី​១ ឆ្នាំ​២០១៩ ដោយមាន​ការចូលរួម​ពី​រដ្ឋបាល​ជលផល អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​នេសាទ​៣​តំបន់ រួមមាន​តំបន់​ទន្លេសាប តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​មេគង្គ​។ កិច្ចប្រជុំ​នេះ​ផ្តោតជាសំខាន់​លើ​ការទប់ស្កាត់​បទល្មើស​ជ​ល​ផល ដែល​បន្ត​កើតឡើង​ក្នុង​ដែន​នេសាទ​តាម​បណ្ដា​សហគមន៍​នេសាទ ដែល​បង្ក​ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាជន​។ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល លោក អេង ជា​សាន មើលឃើញថា បទល្មើស​នេសាទ​នេះ​កើតឡើង​ដោយសារ​ជន​ឆ្លៀតឱកាស​។​

 
​ទាំង​រាជរដ្ឋាភិបាល​និង​សង្គម​ស៊ីវិល សុទ្ធតែ​បានបង្ហាញ​ការយកចិត្តទុកដាក់​លើ​បញ្ហា​ជលផល​។ ការអភិវឌ្ឍ​មួយចំនួន បាន​ប៉ះពាល់​ជាខ្លាំង​ទៅលើ​ធនធាន​ជលផល ដូចជា​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី​ជាដើម​។ ក្នុងនោះ​ការប្រែប្រួល​អាកាសធាតុ​ក៏​ជា​មូលហេតុ​សំខាន់​មួយ​ដែរ​។​


 
​លោក ឱម សាវ៉ាត នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​(FACT) លើកឡើង​ក្នុង​សិក្ខាសាលា​របស់​បណ្ដា​ញក​ម្ពុ​ជា​ស្ដីពី​ជលផល ស្ដីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋបាល​ជលផល និង​អង្គការ​សង្គម​ស៊ីវិល​លើ​ការគ្រប់គ្រង​ធនធាន​ជលផល​នៅក្នុង​ប្រទេស​កម្ពុជា នា​ថ្ងៃទី​២២ កក្កដា ថា ធនធាន​ជលផល​នៅ​កម្ពុជា​កំពុង​ទទួលរង​នូវ​ការគំរាមកំហែង​ពី​សកម្មភាព​របស់​មនុស្ស និង​ការគំរាមកំហែង​ដោយ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ ដែល​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ពិសេស​នៅ​តំបន់​បឹង​ទន្លេសាប​។ លោក​បន្ថែមថា នៅ​រដូវប្រាំង ទឹក​បឹង​ទន្លេ​សា​អាច​នឹង​រាក់​ខុស​ប្រក្រតី ធ្វើអោយ​ទឹក​បឹង​កើនឡើង​កម្តៅ និង​ធ្វើ​ឲ្យ​បាត់បង់​ពូជ​ត្រី​សំខាន់ៗ​ជា​បន្តបន្ទាប់​។ ផ្ទុយទៅវិញ ប្រសិនបើ​បឹង​ទន្លេសាប​ទទួលរង​ឥទ្ធិពល​គ្រោះទឹកជំនន់​ខ្លាំង បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ វា​នឹង​បង្ក​ឲ្យ​កើតមាន​ការហូរ​ចុះ​ខ្លាំង ជា​មូលហេតុ​ធ្វើ​ឲ្យ​បឹង​ទន្លេសាប​កាន់តែ​ឆាប់​គោក​រាក់ ប៉ះពាល់​ដល់​ការរីកលូតលាស់​របស់​មច្ឆា​ជាតិ និង​ជីវៈចម្រុះ​ច្រើន​ប្រភេទ​ទៀត ជាពិសេស​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​បឹង​ទន្លេសាប​។​
 
​នាយក​ប្រតិបត្តិ​អង្គការ FACT  ពន្យល់ថា ការ​ថមថយ​នៃ​ធនធាន​ជលផល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​នេសាទ​ប្រមាណ​២​លាន​នាក់​ដែល​រស់នៅ​និង​ពឹង​អាស្រ័យ​លើ​ធនធាន​ទាំងនេះ ដូចជា​ការបាត់​បង់ប្រាក់​ចំណូល កុមារ​បោះបង់​ការសិក្សា ចំណាកស្រុក អំពើហិង្សា​ក្នុង​គ្រួសារ ទំនាស់​ដណ្ដើម​ធនធានធម្មជាតិ​ក្នុង​សហគមន៍ និង​ជាប់បំណុល​។​ល​។ 


 
​ក្នុង​ពិធី​ដែល​ធ្វើ​នៅ​សណ្ឋាគារ សោ​ម៉ា​ទេវី ប្រធាន​រដ្ឋបាល​ជលផល លោក អេង ជា​សាន ថ្លែងថា ការងារ​អភិរក្ស​ធនធាន​ជលផល​សំខាន់​គឺ​យុ​ទ្ឋ​សាស្ត្រ​ផែនការ ការងារ កម្មវិធី​អភិវឌ្ឍ គោលការណ៍​អនុវត្ត​ការងារ​ជាដើម នោះ​ការងារ​នឹង​កាន់​តែមាន​ប្រ​សិ​ទ្ឋ​ភាព​និង​លើកកម្ពស់​បាន​កាន់តែ​ល្អប្រសើរ​ជាង​មុន​។ ប្រធាន​ជលផល​បញ្ជាក់ថា ករណី​បទល្មើស​នេសាទ​ខុសច្បាប់​ដែល​តែងតែ​កើតមានឡើង «​គឺ​សុ​ទ្ឋ​តែ​បង្កឡើង​ដោយ​ជន​ឆ្លៀតឱកាស​ញុះញង់​បង្ក​ឲ្យ​មាន​បទល្មើស​ទាំងនេះ​និង​មាន​បញ្ហា​ជាច្រើន​ទៀត​» ហេតុនេះហើយ​រដ្ឋ​បាលជ​ល​ផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​នឹង​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ជលផល ដើម្បី​គ្រប់គ្រង​ធនធាន​ជលផល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។ 
 
​សម្រាប់​ការធ្វើ​វិសោធនកម្ម​ច្បាប់​ជលផល​នេះ តាម​ការពន្យល់​របស់​លោក អេង ជា​សាន មកដល់ពេលនេះ កំពុង​ពិភាក្សា​កែសម្រួល​និង​បន្ថែម​លើ​មាត្រា​ពាក់​ព័​ន្ឋ​ទៅនឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ទាំង​តំបន់​ទឹកសាប​និង​ទឹកប្រៃ ការគ្រប់គ្រង​សហគមន៍ ការគ្រប់គ្រង​វិស័យ​ជល និង​ផ្នែក​ពាក់​ព័​ន្ឋ​មួយចំនួនទៀត​ដែល​គ្រោង​នឹង​លើក​យកទៅ​ពិភាក្សា​ផ្ទៃក្នុង រួច​នឹងដាក់​ឆ្លងទៅ​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​សម្រេច​និង​អនុម័ត​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ឆ្នាំ​២០២០ ខាងមុខ​។ 
 
​បឹង​ទន្លេសាប ក៏​ជា​តំបន់​មួយ​ដែល​កំពុងមាន​ការគំរាមកំហែង​នៃ​ការបាត់បង់​ធនធាន​ជលផល​ធ្ងន់ធ្ងរ​ផងដែរ​។ យោងតាម​របាយការណ៍​របស់​បណ្ដាញ​កម្ពុជា​ស្ដីពី​ជលផល មាន​ប្រជាពលរដ្ឋ​ប្រមាណ​២​លាន​នាក់​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប ហើយ​ភាគច្រើន​ពឹងផ្អែក​ទាំងស្រុង​លើ​ការនេសាទ​។ ក្នុង​រយៈពេល​ប្រមាណ​២​ទសវត្សរ៍​ចុងក្រោយ​នេះ ធនធាន​ជលផល​មានការ​ថយចុះ​យ៉ាងខ្លាំង​ដោយសារតែ​ការធ្វើ​នេសាទ​ហួសប្រមាណ​។ ទន្ទឹមនឹងនេះ​រដ្ឋាភិបាល​បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាជីវកម្ម​ធ្វើជា​ម្ចាស់​និង​គ្រប់គ្រង​តំបន់​មួយចំនួន​នៃ​បឹង​ទន្លេសាប​ជាដើម​។ បណ្ដាញ​កម្ពុជា​ស្ដីពី​ជលផល​រកឃើញថា មាន​ករណី​ជាច្រើន​ធ្វើ​ឲ្យ​ស្ថានភាព​កាន់តែ​មិនមាន​និរន្តរភាព ព្រោះ​អាជីវកម្ម​ផ្តោត​ខ្លាំង​លើ​ការកេងប្រវ័ញ្ច​ធនធាន​ជលផល​ជាជាង​ការការពារ​៕



Tag:
 ជលផល​
  អេង ជា​សាន​
  បទល្មើស​នេសាទ​
  ប្រជា​សហគមន៍​នេសាទ​
© រក្សាសិទ្ធិដោយ thmeythmey.com