អន្តរជាតិ
លោក ឌូ​ទើ​តេ បញ្ជា​ឲ្យ​ព្យួរ​តំណែង​ចៅហ្វាយខេត្ត​-​ក្រុង​ដែល​មិន​ព្រម​រំដោះ​ផ្លូវ​ក្នុង​ទឹកដី​របស់ខ្លួន​
23, Jul 2019 , 3:59 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នាឱកាសថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ។ រូបភាព AFP
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ នាឱកាសថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ។ រូបភាព AFP
​នៅ​ថ្ងៃទី​២២ ខែកក្កដា ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​មហាផ្ទៃ ព្យួរ​តំណែង​អភិបាលខេត្ត ឬ​ក្រុង​ទាំងឡាយណា​ដែល​មិន​អនុវត្ត​បញ្ជា​ក្នុង​ការរំដោះ​ផ្លូវ​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ឯកជន​។ លោក ឌូ​ទើ​តេ អះអាងថា មន្ត្រី​ទាំងនោះ មិន​ព្រម​ចាត់ការ​តាម​បញ្ជា ដើម្បី​តែ​បំពេញចិត្ត​អ្នកបោះឆ្នោត​ក្នុង​តំបន់​របស់​ពួកគេ​។

 
​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង និង​ខេត្ត​នានា​នៅ​ហ្វីលីពីន ពិសេស​រដ្ឋធានី​ម៉ានីល​នៅតែ​មិនទាន់​ស្រាកស្រាន្ត ទោះ​ជាមាន​បញ្ជា​ពី​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។ នៅ​ថ្ងៃទី​២២ ខែកក្កដា លោក ឌូ​ទើ​តេ ប្រកាស​ចាត់វិធានការ​ក្ដៅ​លើ​ថ្នាក់ដឹកនាំ​ខេត្ត និង​ក្រុង​នានា​ដែល​មិន​ព្រម​រំដោះ​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង ដែល​ត្រូវបាន​រំលោភបំពាន​ដោយ​ឯកជន​។ 
 
​នាឱកាស​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ​លើក​ទី​បួន​នៅ​វិមាន​រដ្ឋសភា​ក្នុង​ទីក្រុង​ម៉ានីល លោក ឌូ​ទើ​តេ ដាក់​បញ្ជាក់ថា ត្រូវតែ​ដណ្ដើមយក​ផ្លូវ​សាធារណៈ​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ដោយ​ឯកជន​មកវិញ​ឲ្យ​បាន​ទាំងអស់​។ លោក ឌូ​ទើ​តេ ក៏បាន​ណែនាំ​ឲ្យ​រដ្ឋមន្ត្រី​មហាផ្ទៃ Eduardo Año តាមដាន​កិច្ចការ​នេះ និង​ដាក់ពិន័យ​ចៅហ្វាយខេត្ត ឬ​ក្រុង​ដែល​មិន​អនុវត្តតាម​បញ្ជា​ទេនោះ​។ 
 
«​ប្រសិនបើ​មាន​អភិបាលខេត្ត ឬ​ក្រុង ឬ​អ្នក​ក៏ដោយ លោក Año ព្យួរ​តំណែង​ពួកគេ​ទៅ​។​» នេះ​ជា​បញ្ជា​របស់លោក ឌូ​ទើ​តេ ចំពោះមុខ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា និង​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​ទៀត​។ ប៉ុន្តែ​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ ក៏បានផ្ដល់​ឱកាស​ឲ្យ​ចៅហ្វាយខេត្ត ឬ​ក្រុង​ទាំងនោះ ធ្វើការ​របស់​ពួកគេ ហើយ​បើ​ធ្វើ​មិនកើត លោក​សំណូមពរ​ឲ្យ​ពួកគេ ទៅ​សម្រាក​ទៅ​។ 
 
​សម្រាប់​លោក ឌូ​ទើ​តេ រឿង​មិន​ព្រម​រំដោះ​ផ្លូវ​នេះ កើតឡើង​ក្នុង​តំបន់​ដែល​មន្ត្រី​រដ្ឋាភិបាល​ចូលចិត្ត​។ សម្រាប់​ករណីបែបនេះ មន្ត្រី​ទាំងនោះ អាច​អនុញ្ញាត​ឲ្យ​មានការ​លក់ដូរ​ដោយ​ខុសច្បាប់​លើផ្លូវ​សាធារណៈ ហើយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​ផង ដែល​នេះ​ឲ្យ​មានការ​បិទផ្លូវ​ធ្វើដំណើរ​ទៅមក​សម្រាប់​ប្រជាជន​ឯទៀត​។ 
 
​ឆ្លៀតឱកាស​នោះ លោក ឌូ​ទើ​តេ ដែលមាន​កេរ្តិ៍ឈ្មោះ​ល្អ​ពេល​ធ្វើជា​ចៅហ្វាយក្រុង Davao ជាង​ម្ភៃ​ឆ្នាំមុន​ក្លាយជា​ប្រធានាធិបតី ក៏​បង្គាប់​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ចរាចរណ៍​ក្នុង​រដ្ឋធានី​ម៉ានីល​ផងដែរ​។ បើតាម​លោក ឌូ​ទើ​តេ ការកកស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​ដ៏​ធំ និង​មមាញឹក​មួយ​នេះ​ធ្វើ​ឲ្យ​ខាតបង់​ថវិកា​ប្រមាណ​៣,៥​ពាន់​លាន​ដុល្លារ​ពឺ​សូ​ក្នុង​មួយថ្ងៃ ដែល​ស្មើនឹង​ជាង​៦៤​លាន​ដុល្លារ​ឯណោះ​។ ដូចនេះ លោក​ចង់​រំឭក​ពីបទ​បញ្ជា​រដ្ឋាភិបាល​ទៅកាន់​អភិបាលខេត្ត​-​ក្រុង​នានា​ឲ្យ​ដោះស្រាយ​បញ្ហា​ចរាចរណ៍ សំដៅ​សម្រួលការ​ធ្វើដំណើរ​៕

Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com