ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមហ៊ុន Mekong Strategic Partners (MSP) ដែលជាក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងការវិនិយោគ និងការប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ នៅតំបន់ទន្លេមេគង្គ និងSeedstars World ដែលជាសហគមន៍អន្តរជាតិសម្រាប់សហគ្រិន និងអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យានៅប្រទេសកំពុងអភិវឌ្ឍន៍ និងទីផ្សារដែលមានការរីកលូតលាស់លឿន បានដាក់ដំណើរការកម្មវិធី SmartScale powered by Seedstars ដែលជាកម្មវិធីជួយពន្លឿន និងជំរុញអាជីវកម្មដែលទើបបង្កើតថ្មី នៅក្នុងប្រទេសកម្ពុជា។
កម្មវិធី SmartScale បានជ្រើសរើសអាជីវកម្មបង្កើតថ្មី ដំណាក់កាលដំបូង ចំនួន១១ ដែលទទួលបានការបណ្តុះបណ្តាលរយៈពេល ៣ខែ ដើម្បីពន្លឿនការវិវឌ្ឍន៍អាជីវកម្មរបស់ខ្លួន។ កម្មវិធីនេះ បានទទួលបានការចូលរួមគាំទ្រ ពីសំណាក់គ្រូណែនាំជាតិ និងអន្តរជាតិ ចំនួនជាង២០រូប។ គោលបំណងរបស់កម្មវិធីនេះ គឺដើម្បីជួយអាជីវកម្មបង្កើតថ្មី ត្រៀមខ្លួនសម្រាប់ទទួលការវិនិយោគ ដោយពង្រឹងភាពសាកសម នៃផលិតផលសម្រាប់ទីផ្សារ (Product-Market Fit) និងលទ្ធភាពសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន ។
កញ្ញា Adriana Collini ជា Senior Investment Associate របស់ Seedstars World បានបញ្ជាក់ថា ៖«យើងខ្ញុំមានសេចក្តីរំភើបរីករាយ ដែលមានឱកាសត្រលប់មកកម្ពុជាវិញ បន្ទាប់ពីបានធ្វើការជាមួយអាជីវកម្មបង្កើតថ្មីជាច្រើនកាលពីឆ្នាំមុន ។ តាមរយៈការហឹ្វកហាត់ Bootcamp រយៈពេល ៣ថ្ងៃ និងការប្រកួតប្រជែង ការធ្វើបទបង្ហាញផែនការអាជីវកម្ម ដែលនាំឱ្យ Seedstars វិនិយោគលើអាជីវកម្មបង្កើតថ្មី ផ្នែកដឹកជញ្ជូនក្នុងស្រុក ដែលមានឈ្មោះថា ជូនអ្នក។ ទោះបីជាប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជា ទើបតែមានការចាប់ផ្តើមនៅឡើយ ប៉ុន្តែស្ថាបនិកអាជីវកម្មក្នុងស្រុក មានការតាំងចិត្ត និងឆន្ទៈខ្ពស់ នៅក្នុងការរៀនសូត្រ។ យើងខ្ញុំមានសេចក្តីរំភើបរីករាយ ក្នុងការចូលរួមចំណែកពង្រឹងប្រព័ន្ធ Ecosystem និងការរីកចម្រើនរបស់ក្រុមអាជីវកម្មបង្កើតថ្មីមួយនេះ តាមរយៈកិច្ចសហការជាមួយដៃគូរបស់យើង»។
ទម្រង់នៃកម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើវិធីសាស្ត្ររីកចម្រើនលឿន (Lean and Growth Methodologies) ដើម្បីជួយអាជីវកម្មបង្កើតថ្មី ពង្រីកអាជីវកម្មរបស់ខ្លួនកាន់តែលឿន និងសម្រេចគោលដៅវិនិយោគរបស់ខ្លួន។ កម្មវិធីនេះ មានប្រធានបទដូចជា វិធីសាស្ត្រកំណត់អតិថិជន និងស្វែងយល់បញ្ហារបស់អតិថិជន យុទ្ធសាស្ត្រកំណើន និងការអនុវត្ត AARRR Funnel និងយុទ្ធសាស្ត្រកៀងគរទុន។ កម្មវិធីនេះ មានវគ្គថ្មីៗមួយចំនួនដូចជា សិក្ខាសាលាជាមួយគ្រូណែនាំក្នុងស្រុក និងក្រៅស្រុក, កិច្ចប្រជុំមួយទល់មួយជាមួយគ្រូផ្នែកសហគ្រិនភាព (Entrepreneur in Residence), អាហារពេលល្ងាចជាមួយដៃគូនៅក្នុងប្រព័ន្ធ Ecosystem , ការសម្តែងធ្វើបទសម្ភាសន៍ជាមួយអតិថិជន និងពេលវេលាជំនួយបន្ថែម សម្រាប់ដោះស្រាយបញ្ហាទាក់ទិននឹងអាជីវកម្មរបស់ខ្លួន។
លោក កឹម បូរ៉ា នាយកក្រុមហ៊ុន Mekong Strategic Partners បានមានប្រសាសន៍ថា៖«ការផ្តល់ការណែនាំ និងជំនួយផ្នែកបច្ចេកទេស មានសារៈសំខាន់ខ្លាំង សម្រាប់ភាពជោគជ័យក្នុងរយៈពេលវែងរបស់អាជីវកម្មបង្កើតថ្មីមួយ។ តាមរយៈកម្មវិធី SmartScale យើងខ្ញុំបានផ្តល់ជូនអាជីវកម្មបង្កើតថ្មី នូវការណែនាំពីគ្រូដែលបទពិសោធន៍ខ្ពស់ និងកម្មវិធីអន្តរជាតិដ៏ល្អ សម្រាប់អាជីវកម្មបង្កើតថ្មី។ យើងខ្ញុំសង្ឃឹមថាកម្មវិធីនេះ នឹងអាចទាក់ទាញចំណាប់អារម្មណ៍វិនិយោគិននៅក្នុងតំបន់ មកលើអាជីវកម្មបង្កើតថ្មីនៅកម្ពុជា ហើយអាជីវកម្មថ្មីនៅកម្ពុជា អាចបង្ហាញមុខនៅលើឆាកអន្តរជាតិ»។
កម្មវិធីនេះ នឹងបិទបញ្ចប់ដោយការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នៅថ្ងៃទី២៥ ខែកក្កដា ។ នៅថ្ងៃបិទបញ្ចប់នេះ នឹងមិនត្រឹមតែផ្តល់ឱកាស ដល់វិនិយោគិនជាតិ និងអន្តរជាតិ បានស្គាល់អាជីវកម្មបង្កើតថ្មី របស់កម្មវិធី SmartScale ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងបង្កើតជាវេទិកាដ៏ល្អមួយ សម្រាប់ភាគីពាក់ព័ន្ធ នៅក្នុងប្រព័ន្ធEcosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជា ទំនាក់ទំនងគ្នា ដែលរួមមានអាជីវកម្មបង្កើតថ្មី វិនិយោគិន កម្មវិធីពន្លឿនអាជីវកម្ម សាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងរាជរដ្ឋាភិបាលផងដែរ។
លោក Feiruz Ikhwan ជានាយកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានថ្លែងថា៖«ក្រុមហ៊ុន Smart រំពឹងថា ខ្លួននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍន៍ និងការវិនិយោគលើប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជា។ កម្មវិធីផ្សេងៗដូចជា កម្មវិធី SmartScale នេះរួមមានធាតុផ្សំជាច្រើនដែលចាំបាច់ក្នុងការជំរុញគំនិត និងពង្រឹងសមត្ថភាពអាជីវកម្មនៅក្នុងស្រុក ឱ្យកាន់តែប្រសើរឡើង។ ខ្ញុំសង្ឃឹមថា ការធ្វើបទបង្ហាញផែនការអាជីវកម្ម(Demo Day) នឹងបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ ពី អាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យា ដែលកំពុងមានការរីកលូតសាស់យ៉ាងឆាប់រហ័ស នៅកម្ពុជា»។
កម្មវិធី SmartScale បានទទួលការគាំទ្រពីដៃគូយ៉ាងសំខាន់ រួមមាន គម្រោង Development Innovations របស់ USAID និងក្រុមហ៊ុន Smart Axiata។ កម្មវិធីនេះ បានអនុវត្តរួមគ្នា ដោយក្រុមហ៊ុន Mekong Strategic Partners និង Seedstars World ។
លោកស្រី Kate Heuisler ជា Chief of Party នៃគម្រោង Development Innovations របស់ USAID បានមានប្រសាសន៍ថា៖«ប្រទេសកម្ពុជា ត្រូវការតួអង្គចម្រុះដើម្បីស្វែងយល់ និងបង្កើតដំណោះស្រាយអាទិភាពមួយចំនួន របស់ប្រទេសជាតិ ដូចជា វិស័យការងារ សុខាភិបាល ទេសចរណ៍ និងជំនួញ ខណៈដែលកម្ពុជា កំពុងធ្វើដំណើរឆ្ពោះទៅកាន់ការសម្រេចគោលដៅឌីជីថល ឆ្នាំ២០២៥។ កម្មវិធី SmartScale ត្រូវបានរៀបចំឡើង ដើម្បីជួយគាំទ្រអាជីវកម្មបង្កើតថ្មី ដំណាក់កាលរីកលូតលាស់ និងយើងខ្ញុំមានមោទនភាពណាស់ ដែលបានឃើញអាជីវកម្មបង្កើតថ្មីជាច្រើន បានទទួលផលប្រយោជន៍ពីកម្មវិធីនេះ និងអាជីវកម្មបង្កើតថ្មីទាំងនេះ កាន់តែមានភាពរឹងម៉ាំ ក្នុងការពឹងពាក់លើខ្លួនឯង មានការត្រៀមខ្លួន សម្រាប់ទទួលបានការវិនិយោគ និងមានទំនុកចិត្តលើនិរន្តរភាព និងការពង្រីកអាជីវកម្មរបស់ខ្លួន»។
អាជីវកម្មបង្កើតថ្មី ដែលបានជ្រើសរើសសម្រាប់កម្មវិធី SmartScale ជំនាន់ទីមួយនេះរួមមាន៖
• Bongpheak គឺជាគេហទំព័រការងារដំបូងគេនៅកម្ពុជា ដែលផ្តោតលើការងារជំនាញទាប។
• Buyloy.com គឺជាផ្លេតហ្វម (Platform) ទិញទំនិញអនឡាញ ប្រកបដោយទំនុកចិត្តនៅប្រទេសកម្ពុជា។
• Impact Explorer ផ្សារភ្ជាប់អ្នកធ្វើដំណើរ ជាមួយនឹងបទពិសោធន៍ដំណើរកម្សាន្ត ដែលផ្តល់ផលប្រយោជន៍សម្រាប់សហគមន៍ និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរឡើង តាមរយៈវិស័យទេសចរណ៍។
• DirexPlay បង្កើតហ្គេមចល័ត ដែលពោរពេញដោយភាពសប្បាយរីករាយ និងផ្តល់បទពិសោធន៍លេងហ្គេម ជាមួយមនុស្សដទៃទៀត។
• First Womentech Asia មានបំណងធ្វើទំនើបនីយកម្មប្រតិបត្តិការមន្ទីរពេទ្យ និងអាជីវកម្មផ្នែកសុខាភិបាល។
• Healthogo គឺជាផ្លេតហ្វមសម្រាប់អ្នកជំងឺ ទទួលបានព័ត៌មានផ្នែកសុខភាព និងណាត់ជួបជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ និងគ្លីនិក។
• Kokopon គឺជាផ្លេតហ្វម ដែលផ្តល់ព័ត៌មានអំពីការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃទំនិញ និងសេវាកម្មផ្សេងៗ។
• Muuve ធ្វើឱ្យជីវិតកាន់តែងាយស្រួល តាមរយៈការសម្របសម្រួលការដឹកជញ្ជូនម្ហូបអាហារ។
• RentKH Tech គឺជាផ្លេតហ្វមអនឡាញ សម្រាប់លក់ និងជួលអចលនទ្រព្យ។
• BLOC គឺជាផ្លេតហ្វមក្នុងស្រុក សម្រាប់ការលក់ទំនិញអនឡាញ និងការដឹកជញ្ជូន។
• Wayhome ផ្តល់ដំណោះស្រាយយ៉ាងងាយស្រួល សម្រាប់អ្នកជួល ម្ចាស់អគារ និងភ្នាក់ងារអចលនទ្រព្យ។
(អត្ថបទពាណិជ្ជកម្ម)