អន្តរជាតិ
សិស្សសាលា​នៅ​បារាំង​ក្រោម​អាយុ​១៥​ឆ្នាំ លែង​អាច​ប្រើ​ទូរ​សព្ទ​ក្នុង​សាលារៀន
23, Jul 2019 , 9:19 pm        
រូបភាព
ប្រភពរូប៖ Getty Images
ប្រភពរូប៖ Getty Images
ដោយ:
​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ អ្នកវិទ្យាសាស្ត្រ​ជាច្រើន បាន​ព្យាយាម​សិក្សា​ស្រាវជ្រាវ រកមើល​ពី​ឥទ្ធិពល​នៃ​ទូរ​សព្ទ​ឆ្លាត​វៃ​ទៅលើ​ខួរក្បាល​កុមារ ។ មនុស្ស​ជាច្រើន ជាពិសេស អាណាព្យាបាល និង​ឪពុកម្តាយ ស្វាគមន៍​ចំពោះ​ការបង្កើត​ឲ្យ​មាន​បម្រាម​លើ​ការប្រើប្រាស់​ទូរ​សព្ទ​នៅ​សាលារៀន​ថែមទៀត​ផង​។ ជា​ដំណឹង​រីករាយ  បារាំង បាន​ចេញមុខ​ធ្វើជា​គំរូ​សម្រាប់​ប្រទេស​ដទៃ ដោយបាន​អនុវត្ត​ចំណាត់ការ​នេះ​មុនគេ​បង្អស់​។  

 
​ថ្ងៃទី​២២ ខែកក្កដា ជា​ថ្ងៃ​ដំបូង​ដែល​សិស្សសាលា​នៅ​បារាំង​ដែលមាន​អាយុ​ក្រោយ​១៥​ឆ្នាំ មិនអាច​ប្រើប្រាស់​ទូរ​សព្ទ​ក្នុង​សាលារៀន​របស់​ពួកគេ​។ នេះ​បើតាម​ច្បាប់​ថ្មី​ដែល​ត្រូវបាន​អនុម័ត​តាំងពី​ខែកក្កដា ឆ្នាំ​២០១៨ ដោយ​សភា​បារាំង សំដៅ​ហាមឃាត់​ការប្រើប្រាស់​ទូរ​សព្ទ​ឆ្លាត​វៃ​ក្នុង​សាលារៀន​។ ច្បាប់​ថ្មី​នេះ ជាការ​បំពេញបន្ថែម​ច្បាប់​ចាស់​ដែល​ហាមប្រាម​ត្រឹម​ការប្រើប្រាស់​ក្នុងពេល​បន្ទប់រៀន​ប៉ុណ្ណោះ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​អាមេរិក CNN ច្បាប់ ដែលជា​គំនិត​ផ្តួចផ្តើម​របស់លោក​ប្រធានាធិបតី អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង គ្របដណ្តប់​លើ​សិស្ស​ដែល​រៀន​ចាប់ពី​ថ្នាក់បឋមសិក្សា រហូតដល់​ថ្នាក់​ទី ៩ នៅ​ទូទាំងប្រទេស​បារាំង​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ម៉ោង​ញាំ​អាហារ និង​ម៉ោង​សម្រាក ក៏ត្រូវ​រាប់បញ្ចូល​ក្នុង​បម្រាម​នេះ​ផងដែរ​។ 
 
​ច្បាប់​ដែល​បាន​ចូល​ជា​ធរមាន ចាប់តាំងពី​ខែសីហា​ឆ្នាំ​មុននេះ ហាមប្រាម​ការប្រើប្រាស់​ទូ​រ​សព្ទ​គ្រប់​ប្រភេទ រួមទាំង Tablet និង​នាឡិកា​ឆ្លាត​វៃ​ផងដែរ​។ គោលដៅ​នៃ​ការ​បម្រាម​នេះ គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ញៀន​លេង​ទូរ​សព្ទ ហើយ​ភ្លេច​ការសិក្សា​របស់​ក្មេងៗ​សិស្សសាលា​បារាំង​រាប់លាន​នាក់​។ ហើយ វា​ក៏មាន​បំណង​ណែនាំ​ឲ្យ​សិស្ស​ទាំងអស់នោះ ផ្លាស់ប្តូរ​ទម្លាប់​អាក្រក់​នេះ​ចេញ ហើយ​ផ្តើម​ចាប់យក​ទម្លាប់​ល្អៗ​សម្រាប់​សុខភាព​ចិត្ត​ពួកគេ ដោយ​កាត់បន្ថយ​ពេលវេលា​នៅលើ​បណ្តាញ​សង្គម និង​វេ​ប​សាយ​ផ្សេងៗ​។ 
 
​ទាក់ទិន​នឹង​ច្បាប់​ដែល​ចាត់ទុកថា «​ច្បាប់​ប្រចាំ​សតវត្សរ៍​ទី​២១»  រដ្ឋមន្ត្រីក្រសួង​អប់រំ​បារាំង លោក Jean-Michel Blanquer លើកឡើងថា ច្បាប់​នេះ នឹង​ពង្រឹង​វិន័យ​កាន់តែ​ល្អប្រសើរ ក្នុងចំណោម​សិស្ស​វ័យក្មេងៗ​ទាំង ១២​លាន​នាក់​របស់​បារាំង ។ 
 
​ការចេញ​ច្បាប់​ថ្មី​របស់​បារាំង​នេះ ធ្វើឡើង​ក្រោយពី​ការសិក្សា​មួយ ដែល​ចុះផ្សាយ​ដោយ​សាកលវិទ្យាល័យ​រដ្ឋ​របស់​ចក្រភព​អង់គ្លេស ឈ្មោះថា London School of Economics and Political Science រកឃើញថា ការហាម​ប្រាម​ទូរ​សព្ទ​ឆ្លាត​វៃ​ក្នុង​សាលារៀន ធ្វើ​ឲ្យ​សិស្ស​ទទួលបាន​ពិ​ន្ទ​ខ្ពស់ជាង​មុន និង​មាន​ពេល​ច្រើន​បន្ថែម​សម្រាប់​ការសិក្សា​រៀនសូត្រ​។ 
 
​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៦ សិស្ស​បារាំង​ជាង​៩០​ភាគរយ ដែលមាន​អាយុ​ចន្លោះ​ពី ១២ ដល់ ១៧​ឆ្នាំ មាន​ទូរ​សព្ទ​ឆ្លាត​វៃ​ប្រើប្រាស់​។ តួលេខ​នេះ កើនឡើង ៧២​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០០៥ ។ នេះ​បើតាម​និយ័ត​ករ​ទូរគមនាគមន៍​បារាំង ARCEP ៕

Tag:
 បារាំង
 ​សាលារៀន​
  ទូរ​សព្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com