ជាតិ
ឧតុនិយម​៖ មូសុង​និរតី​ក្នុង​កម្រិត​មធ្យម​ធ្វើ​ឲ្យ​ធាតុអាកាស​កម្ពុជា​ល្អ​រហូតដល់​ចុងខែ​
24, Jul 2019 , 7:59 am        
រូបភាព
​ដោយ​៖ សុវណ្ណ ស្រី​ពេជ្រ​
 
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​ថា ចាប់ពី​ថ្ងៃទី​២៣-២៩ កក្កដា​នេះ កម្ពុជា​នឹងមាន​អាកាសធាតុ​វិជ្ជមាន​ឡើងវិញ  ដែល​ធ្វើ​ឲ្យ​តំបន់​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក ដែល​ចេញផ្សាយ​នា​ថ្ងៃទី​២៣ កក្កដា​នេះ​។​


 
​បើតាម​សេចក្ដីប្រកាស​របស់​ក្រសួង​ធនធានទឹក  មូលហេតុ​ដែល​នាំ​ឲ្យ​អាកាសធាតុ​ត្រឡប់មក​ល្អប្រសើ​វិញ​នោះ គឺ​ដោយសារតែ​ជ្រលង​សម្ពាធ​ទាប ដែល​ស្ថិតនៅ​ភាគ​ខាងលើ​កម្ពុជា​បច្ចុប្បន្ន បាន​រំកិល​ចុះមក​ក្រោម ទន្ទឹមនឹង​ខ្យល់មូសុង​និរតី ដែល​កំពុងមាន​ឥទ្ធិពល​ក្នុង​កម្រិត​មធ្យម​។​
 
​ក្រសួង​ធនធានទឹក បញ្ជាក់ថា បណ្ដា​ខេត្ត​មួយចំនួន​នៅ​ភាគ​ខាងលើ  នឹងមាន​ភ្លៀង​ធ្លាក់​បានល្អ​ពី​កម្រិត​មធ្យម​ទៅ​ច្រើន ហើយ​ភាព​រាយប៉ាយ​ក៏​ប្រសើរ​ផងដែរ​។ 
 
​ដោយឡែក​នៅតាម​បណ្ដា​ខេត្ត  និង​រាជធានី​នៃ​ទំនាប​កណ្ដាល​ភាគ​ខាងក្រោម នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ខណៈ​បណ្ដា​ខេត្ត​ជាប់​សមុទ្រ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​។ ឯ​បាតុភូត រន្ទះ និង​ខ្យល់​កន្ត្រាក់ មាន​សភាព​ធូរស្រាល​ជាង​មុន​ផងដែរ​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com