កីឡាអន្តរជាតិ
អន្តរជាតិ
Van Dijk ថាការឈ្នះ Ballon d'Or ជាកិត្តិយសបំផុត តែត្រូវការកែលម្អខ្លួនច្រើនទៀត
× Virgil van Dijk បានសារភាពពីអារម្មណ៍ពិតរបស់ខ្លួនថាវាពិតជា «មិនគួរឲ្យជឿ» ប្រសិនបើរូបគេឈ្នះ Ballon d'Or ឆ្នាំ ២០១៩នេះ ហើយជាកិត្តិយសដ៏ធំធេងបំផុតបើក្លាយជាការពិត។ ប៉ុន្តែយ៉ាងណា ខ្សែការពារ Liverpool នេះនៅតែផ្តោតខ្លាំងលើការពង្រឹកសមត្ថភាពបន្ថែមដើម្បីជួយក្រុមនារដូវកាលថ្មី។
អាយុ ២៨ ឆ្នាំ ខ្សែការពារសញ្ជាតិហូឡង់រូបនេះបានឈ្នះពានរង្វាន់កីឡាករល្អបំផុតលើលោក World's Best Player of the Years 2019 តាមរយៈការជួយហង្សក្រហម Liverpool លើកពាន Champions League និងជាក្រុមតែមួយគត់ដែលប្រជែងពាន Premier League បើទោះបានត្រឹមរងជើងឯករដូវកាលមុន។
Van Dijk ជាសមាជិកដ៏សំខាន់បំផុតសម្រាប់ក្រុមលោក Jurgen Klopp ចាប់តាំងពីផ្ទេរពី Southampton ក្នុងតម្លៃកំណត់ត្រាខ្សែការពារថ្លៃបំផុត ៧៥លានផោន (៩៣លានដុល្លារអាមេរិក) កាលពីខែមករា ឆ្នាំ២០១៨។
«ប្រសិនបើខ្ញុំឈ្នះ Ballon d'Or តាមរយៈសមិទ្ធផលដែលខ្ញុំមានកាលពីឆ្នាំមុន គឺពិតជាមិនគួរឲ្យជឿនោះទេ ហើយខ្ញុំពិតជាមានមោទកភាពណាស់។ ប៉ុន្តែខ្ញុំមានអារម្មណ៍ថានៅតែមានអ្វីដែលខ្ញុំត្រូវធ្វើជាច្រើនទៀត។ ខ្ញុំអាចទទួលលទ្ធផលល្អជាងនេះសម្រាប់រដូវកាលបន្ទាប់ទៀត»។ Van Dijk លើកឡើងបែបនេះដែលហាក់ដូចមិនមានការជឿជាក់លើខ្លួនឯងសម្រាប់តំណែងពានដ៏អស្ចារ្យមួយនេះ។
ប្រធានក្រុមជម្រើសជាតិងហូឡង់ខាងលើ ត្រូវបានអ្នកតាមដាន និងអ្នកវិភាគកីឡាបាល់ទាត់មួយចំនួននៅជុំវិញពិភពលោក យល់ឃើញថា Van Dijk អាចនឹងឈ្នះ Ballon d'Or ដូចដែល Luka Modric ខ្សែបម្រើ Real Madrid ប្រជែងឈ្នះ Cristiano Ronaldo និង Lionel Messi កាលពីឆ្នាំ២០១៨ដូច្នោះដែរ។
Van Dijk បានបញ្ជាក់ប្រាប់ BBC Sport ដោយដាក់ខ្លួនថា៖«ពិតណាស់វាជាកិត្តិយសដ៏ធំធេងបើខ្ញុំត្រូវគេដាក់ឈ្មោះជាកីឡាករដែលឈ្នះពានរង្វាន់ដ៏មានកិត្យានុភាព ប៉ុន្តែសួរថាតើខ្ញុំអាចធ្វើអ្វីបាន?»
បើទោះបានបង្ហាញភាពលេចធ្លោខ្លាំងក៏ដោយ ប៉ុន្តែអតីតសមាជិកក្រុម Celtic រូបនេះ តែងតែរិះគន់ខ្លួនឯង និងរីករាយឲ្យមនុស្សជុំវិញខ្លួនរិះគន់ពីទម្រង់លេងរបស់គេទៀតផង។ Van Dijk យល់ថា ការរិះគន់នឹងជួយរូបគេអភិវឌ្ឍន៍ខ្លួនកាន់តែប្រសើរឡើង៕
Tag:
បាល់ទាត់
Virgil van Dijk
Ballon d\'Or
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com