ONE Championship
កីឡាជាតិ
ជាតិ
ហេតុផល​សំខាន់ ៤ ដែល​អ្នកគាំទ្រ​កម្ពុជា​គួរ​តាមដាន​ការប្រកួត​នៅ​សង្វៀន ONE: DAWN OF HEROES
23, Jul 2019 , 10:19 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី 
 
​មាន​ហេតុផល​សំខាន់ៗ​៤​ដែល​អ្នកគាំទ្រ​នៅ​កម្ពុជា​គួរ​តាមដាន​ការប្រកួត​នៅ​សង្វៀន ONE: DAWN OF HEROES នៅ​ថ្ងៃទី​២ ខែសីហា ឆ្នាំ ២០១៩ ខាងមុខ​នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។


 
​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion  កីឡាករ Eddie Alvarez និង EDUARD FOLAYANG ចូលខ្លួន​មក​ប្រកួត​ក្នុង​កម្មវិធី ONE Lightweight World Grand Prix វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់ពី Timofey Nastyukhin ដកខ្លួន​ដោយសារ​របួស​។ ជើង​ខ្លាំង​គ្រង​ខ្សែក្រវាត់​ជាច្រើន​ខាង​គុន​ចម្រុះ សញ្ជាតិ​អាមេរិក Demetrious  Johnson ជួប​ជើង​ខ្លាំង​ជប៉ុន TATSUMITSU WADA​។ ចំណែក Koyomi Matsushima ចូលខ្លួន​មក​ដណ្ដើម​ខ្សែក្រវាត់​នឹង​កីឡាករ​ម្ចាស់​ខ្សែក្រវាត់​កូនកាត់​វៀតណាម​អូស្ត្រាលី Martin Nguyen​។ រីឯ Rodtang Jitmuangnon ដែល​អ្នកគាំទ្រ​កម្ពុជា​ស្គាល់​ច្បាស់​ថា​ផ្ដួល សុខ ធី ឲ្យ​ចុះចាញ់​កាល​ខែ ឧសភា នោះ​ត្រូវ​ណ្ដើ​ម​ខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ពី Jonathan Haggerty​។ 


 
១-​កីឡាករ Eddie Alvarez និង EDUARD FOLAYANG ចូលខ្លួន​មក​ប្រកួត​ក្នុង​កម្មវិធី ONE LIGHTWEIGHT World Grand Prix វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​
 
​ម្ចាស់​ខ្សែក្រវាត់​ច្រើន​របស់​អាមេរិក Eddie Alvarez ត្រូវ​តតាំង​នឹង​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE Lightweight World Champion សញ្ជាតិ​ហ្វីលីពីន EDUARD FOLAYANG​។ ជើងឯក Lightweight World Champion ៤​សម័យកាល​គឺ​កីឡាករ​គុន​ចម្រុះ​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​។ Alvarez រំពឹងថា​នឹង​ឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​ហ្វីលីពីន​ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ខាងលើ​។

ចំណែក FOLAYANG ក៏​មិនមែន​ធម្មតា​ដែរ ព្រោះ​គេ​ធ្លាប់​គ្រង​ខ្សែក្រវាត់ ONE Lightweight World Champion​។ អ្នកស្រុក Baguio ចូលរួម​ក្រុម​ជម្រើសជាតិ​ហ្វីលីពីន និង ឈ្នះ​មេដាយមាស​ជាច្រើន​ហើយ​ក្លាយជា​វីរបុរស​នៃ​ប្រទេស​នេះ​។ កូនសិស្ស​មកពី​ក្លិប Team Lakay ឈ្នះ​ជើងឯក Filipino Welterweight Championship កាល​ឆ្នាំ ២០០៧ និង បង្ហាញខ្លួន​ជា​គូ​ឯក​នៅ ONE CHAMPIONSHIP នៅ​ឆ្នាំ ២០១១​។ អ្នកឈ្នះ​រវាង​គូ​នេះ នឹង​ឡើង​ជួប Saygid Guseyn Arslanaliev នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់ ONE LIGHTWEIGHT WORLD GRAN PRIX​។ 
 
២-​ជើង​ខ្លាំង​អាមេរិក Demetrious  Johnson ប៉ះ TATSUMITSU WADA
 
​មិនមែនជា​រឿង​ធម្មតា​ទេ ជើង​ខ្លាំង​សញ្ជាតិ​អាមេរិក Demetrious  Johnson មាន​ប្រវត្តិ​ល្អ​ខ្លាំង​ក្នុង​ពិភព​គុន​ចម្រុះ និង ឈ្នះ​ខ្សែក្រវាត់​ជាច្រើន​ត្រូវ ប៉ះ TATSUMITSU WADA មកពី​ជប៉ុន​។ បុរស​វ័យ ៣២ ឆ្នាំ​រូបនេះ​មានបទពិសោធន៍​ជោកជាំ​។ មុន​ជំនួប​នេះ  Johnson ឈ្នះ Yuya Wakamatsu កាល​ចុងខែ មីនា នៅ​សង្វៀន ONE: A NEW ERA​។ ចំណែក TATSUMITSU WADA មិនមែន​ចេះតែ​ស៊ី​បាន​តាមចិត្ត​ទេ ពោល ឈ្នះ ២១ និង ចាញ់ ១០ ដង​ក្នុង​ការប្រកួត​នៅ​សង្វៀន​គុន​ចម្រុះ​។ រវាង Johnson និង WADA ត្រូវគេ​ចាត់ទុកជា​គូ​កក្រើក និង ល្អមើល​នា​ថ្ងៃទី ២ ខែ សីហា ខាងមុខ​។
 
៣-​អ្នកលេង​គុន​ចម្រុះ​កំពុង​ឡើង​កូដ Koyomi Matsushima ត្រូវ​ប្រជែង​ខ្សែក្រវាត់​ជាមួយ​កូនកាត់​វៀតណាម​អូស្ត្រាលី Martin Nguyen
 
​នេះ​ជាការ​រង់ចាំ​រយៈពេល​១ ឆ្នាំ​ទើប​ជើង​ខ្លាំង​សញ្ជាតិ​ជប៉ុន Koyomi Matsushima ឬ ហៅ «Moushigo» បាន​ជួប​គូប្រកួត​ដែល​គេ​ទន្ទឹង​ជា​យូរ​មកហើយ​។ ជើង​ខ្លាំង​គុន​ចម្រុះ​សញ្ជាតិ​ជប៉ុន​នឹង​ឡើងមក​ដណ្ដើម​ខ្សែក្រវាត់ ONE Featherweight World Title ពី កីឡាករ​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ONE, Martin Nguyen​។ បុរស​វ័យ ២៦ ឆ្នាំ​មកពី Yokohama  ឡើង​ប៉ះ​ជើង​ខ្លាំង​នេះ​បន្ទាប់ពី​រូបគេ​ទទួលលទ្ធផល​ល្អ​ដោយ​ផ្ដួល​ប្រុស​ស្អាត​មកពី​កូរ៉េខាងត្បូង Kwon Won Il នៅ​ទឹក​ទី​៣​នាពេល​កន្លងទៅ​។ យ៉ាងណាក្ដី Matsushima ជឿជាក់ថា​គេ​សម​នឹង​ទទួល​ការប្រកួត​ដ៏​សំខាន់​នេះ​បន្ទាប់ពី​បង្ហាញខ្លួន​ដំបូង​នៅ​សង្វៀន ONE ពេល​វាយ Marat “Cobra” Gafurov អតីត​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ONE Featherweight World Champion ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​។ «Moushigo» ថ្លែង​បែបនេះ ៖«​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​រីកចម្រើន​ដោយសារ​ក្ដី​ស្រលាញ់​។ ខ្ញុំ​នៅមាន​អារម្មណ៍​ដក់​ជាប់​ពេល​វ៉ៃ​ជាមួយ Gafurov​។ យ៉ាងណាក៏ដោយ ខ្ញុំ​មាន​លក្ខណៈ​ល្អប្រសើរ ពេល​ហាត់​រាល់ថ្ងៃ​។ ខ្ញុំ​ពិតជា​ខ្លាំង​ជាង​កាល ១ ឆ្នាំមុន​»​។ តើ​កូនកាត់​វៀតណាម​អូស្ត្រាលី Martin Nguyen អាច​ការពារ​ខ្សែក្រវាត់​ទល់នឹង Koyomi Matsushima បានទេ​?
 
៤-​រីឯ​ជើង​ខ្លាំង​អ្នកគាំទ្រ​នៅ​កម្ពុជា​ទទួលស្គាល់​នោះ Rodtang Jitmuangnon ដែល​ផ្ដួល សុខ ធី ឲ្យ​ចុះចាញ់​កន្លងមក​ត្រូវ​ដណ្ដើម​ខ្សែក្រវាត់ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP

មុន​ឡើងមក​ដណ្ដើម​ខ្សែក្រវាត់​នេះ ពី Jonathan Haggerty ជើង​ខ្លាំង​ប្រដាល់ Kickboxing របស់​ថៃ  Rodtang Jitmuangnon បានឈ្នះ ៤ ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន ONE​។ Rodtang ដែលមាន​រហស្សនាម​ថា​មនុ​ស្សដែក ឬ «Iron Man» នេះ​បាន​វាយ ជើង​ខ្លាំង​កម្ពុជា សុខ ធី ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​២ ប៉ុណ្ណោះ​ដោយ​ទាត់​ជើង​ក្រោម​កាល​ខែ ឧសភា​។ ចំណែក Haggerty មិនមែន​ធម្មតា​ទេ ហើយ​បច្ចុប្បន្ន​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​៣ ស្ថាប័ន ដូចជា ONE Flyweight Muay Thai Championship, WBC Muay Thai Super Featherweight Champion, និង ISKA World Super Featherweight Champion​។ កីឡាករ​មកពី​ចក្រភព​អង់គ្លេស​រូបនេះ​បាន ឈ្នះ SAM A ដើម្បី​គ្រង​ខ្សែក្រវាត់ ONE Flyweight Muay Thai Championship កាល​ខែ ឧសភា កន្លងទៅ​។ តើ ម្ចាស់​ខ្សែក្រវាត់ ONE Flyweight Muay Thai Championship ថ្មី​ជា​អ្នកណា​? 

© រក្សាសិទ្ធិដោយ thmeythmey.com