ជាតិ
សង្គមជាតិ
អ្នកសារព័ត៌មាន ត្រូវចូលរួម​ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា​
23, Jul 2019 , 6:17 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ក្រុម​អ្នកសារព័ត៌មាន​អាជីព​នៅ​គ្រប់​ស្ថាប័ន មាន​តួនាទី​ផលិត​ព័ត៌មាន ធ្វើ​សេចក្តីរាយការណ៍  និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា ដើម្បី​ជួយ​ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ​ទៅកាន់​ទីផ្សារ​បរទេស និង​អភិរក្ស​សត្វព្រៃ​។ លោក ពុ​យ គា អគ្គលេខាធិការ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា បានចាត់ទុក អ្នកសារព័ត៌មាន ជា​ដៃគូ​ដ៏​សំខាន់​ជាមួយនឹង​អង្គការ​អភិរក្ស​សត្វព្រៃ (WCS) សម្រាប់​ផ្សព្វផ្សាយ​ពី​ការជួញដូរ​សត្វព្រៃ​។


 
​លោក ពុ​យ គា អ្នកកាសែត​ចាស់វស្សា​ម្នាក់ និង​ជា​អគ្គលេខាធិការ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​លើកឡើងថា អ្នកសារព័ត៌មាន​អាជីព​នៅ​មិនទាន់​ទទួលបាន​ព័ត៌មាន​ដែល​ទាក់ទង​នឹង​ការជួញដូរ​សត្វព្រៃ​ឲ្យ​ទូលំទូលាយ​ដូចនឹង​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​។ មូលហេតុ​ដោយសារតែ​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ ជា​អ្នក​ដែល​រស់នៅក្នុង​តំបន់​ការជួញដូរ​នោះ ហើយក៏​ជា​អ្នកតាមដាន​នូវ​បទល្មើស​ការជួញដូរ​ស​ត្វ​ព្រៃ​បាន​ល្អិតល្អន់ និង​ទាន់​ហេតុការណ៍ មិន​ចាញ់​អ្នកសារព័ត៌មាន​អាជីព​ឡើយ​។ 
 
​ជុំវិញ​បញ្ហា​នេះ លោក ពុ​យ គា ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​អាជីព​ពង្រឹង​កិច្ចការងារ និង​យកចិត្តទុកដាក់​ទៅលើ​ការរាយការណ៍​អំពី​ការជួញដូរ​សត្វព្រៃ សម្រាប់​ជួយ​រារាំង​ការដូ​ញ​ដូរ​សត្វព្រៃ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ក្នុង​សិក្ខាសាលា​មួយ ស្តីពី​តួនាទី​របស់​អ្នកសារព័ត៌មាន​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការជួញដូរ​សត្វព្រៃ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា នា​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២0១៩ អគ្គលេខាធិការ​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា​រូបនេះ បាន​បញ្ជាក់ថា​៖«​អ្នក​ដែល​ស្រឡាញ់​អាជីព​ជា​អ្នកសារព័ត៌មាន​នៅ​ជំនាន់​ក្រោយ សូម​ឲ្យ​គិតគូរ ពង្រឹង​វិជ្ជាជីវៈ​ក្រុម​សីលធម៌​អ្នកសារព័ត៌មាន ហើយនឹង​សមត្ថភាព ដើម្បី​រាយការណ៍​ព័ត៌មាន​ឲ្យ​មាន​លក្ខណៈ​លម្អិត​ជូន​ពលរដ្ឋ​»​។ 
 
​លោក ស្រី Sarah Brook ទីប្រឹក្សាបច្ចេកទេស​ទប់​ស្កាត់​ការជួញដូរ​សត្វព្រៃ បាន​និយាយថា ការជួញដូរ​សត្វព្រៃ គឺជា​បទល្មើស​ឆ្លងដែន​ដែល​អាច​រកចំណូលបាន​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក ដែល​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​ចន្លោះ​ពី​៧​ពាន់​លាន ទៅ​២៣​ពាន់​លាន​ដុល្លារ​នៃ​ចំណូល​ខុសច្បាប់​ក្នុង​មួយឆ្នាំៗ​។ 
 
​របាយការណ៍​ទាក់ទង​នឹង​ការជួញដូរ​សត្វព្រៃ ដែល​បង្ហាញ​ដោយ​លោកស្រី  Sarah Brook បាន​កត់សម្គាល់ថា កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា ជា​ប្រទេស​ឆ្លងដែន​ដ៏​ធំ​សម្រាប់​ការនាំយក​សត្វព្រៃ​ដូចជា កុយ រមាស និង​ភ្លុក​ដំរី​អាហ្វ្រិក​ជា​លក្ខណៈ​សាកល ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ដទៃ ដែល​អ្នកពាក់ព័ន្ធ​ត្រូវតែ​ពង្រឹង​ការយកចិត្តទុកដាក់​ទ​ប់​ស្កាត់​បទល្មើស​នេះ​។ 
 
​ទីប្រឹក្សាបច្ចេកទេស​ទប់​ស្កាត់​ការជួញដូរ​សត្វព្រៃ​រូបនេះ​អះអាង​ដូច្នេះ​ថា​៖«​យើង​កំពុងតែ​សហការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល រដ្ឋបាល​ព្រៃឈើ ក្រសួងបរិស្ថាន មន្ត្រី​គយ អាជ្ញាធរ និង​ក្រសួងយុត្តិធម៌ ដើម្បី​ពង្រឹង​ការអនុវត្ត​ច្បាប់​លើ​ការជួញដូរ​សត្វព្រៃ​ឲ្យ​មាន​ប្រសិទ្ធភាព​។ លើសពីនេះ​យើង​ក៏ត្រូវ​ចាំបាច់​ចោទប្រកាន់ និង​ផ្តន្ទាទោស​អ្នកជួញដូរ​សត្វព្រៃ ព្រមទាំង​ដាក់ពិន័យ​ទៅតាម​ទំហំ​នៃ​ទោសកំហុស​របស់​ពួកគេ​ផងដែរ​»​។​
 
​បើតាម​លោកស្រី Sarah Brook អ្នកសារព័ត៌មាន​ក៏​ជា​ដៃគូ​សំខាន់​សម្រាប់​ផ្សព្វផ្សាយ​អំពី​ការជួញដូរ​សត្វព្រៃ ដើម្បី​ជួយ​ធ្វើយ៉ាងណា​ឲ្យ​មានការ​យកចិត្តទុកដាក់​កាន់តែ​ទូលំទូលាយ​ពី​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​។ 
 
​សូមបញ្ជាក់ថា តំបន់​គោលដៅ​ដែល​អង្គការ​អភិរក្ស​ស​ត្វ​ព្រៃ (WCS) កំពុងតែ​យកចិត្តទុកដាក់​ទប់ស្កាត់​ការជួញដូរ​សត្វព្រៃ​នៅ​កម្ពុជា មាន ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី និង​ក្រចេះ ដែនជម្រកសត្វព្រៃ​ឆែប តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង និង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ខេត្តព្រះវិហារ តំបន់ការពារធម្មជាតិ​អាង​ត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ តំបន់​ព្រែក​ទ័ល​រាំ​សា ខេត្តបាត់ដំបង តំបន់ការពារធម្មជាតិ​ភាគ​ខាងជើង​ទន្លេសាប ខេត្តសៀមរាប និង​កំពង់ធំ និង​តំបន់​អភិរក្ស​អណ្តើក​ហ្លួង ខេត្តកោះកុង​៕
 

Tag:
 អ្នកសារព័ត៌មាន​
  សត្វព្រៃ​
  WCS
© រក្សាសិទ្ធិដោយ thmeythmey.com