វីតាមីនចម្រុះច្រើនតែត្រូវបានគ្រូពេទ្យជាច្រើនចេញឲ្យអ្នកជំងឺប្រើប្រាស់ផ្សំគ្នានឹងថ្នាំព្យាបាលជំងឺនានាជាច្រើន។ យ៉ាងណាមិញ មនុស្សមួយចំនួនជឿថា ថ្នាំវីតាមីនចម្រុះអាចជួយដល់សុខភាព បង្កើនការបាយបាន និងបន្ថយការប្រឈមជំងឺរុាំរ៉ៃ។
ប៉ុន្តែខាងក្រោមនេះគឺជាការពិតមួយចំនួនអំពីថ្នាំវីតាមីនចម្រុះ៖
វីតាមីនចម្រុះ និងជំងឺបេះដូង
ជំងឺបេះដូងគឺជាមូលហេតុនាំឲ្យមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោកនេះ។ មនុស្សជាច្រើនជឿថា ការលេបថ្នាំវីតាមីនចម្រុះអាចជួយបង្ការជំងឺបេះដូង ប៉ុន្តែអំណះអំណាងដូចមិនច្បាស់សោះ។ ការសិក្សាខ្លះនិយាយទៀតថា វីតាមីននេះមានទំនាក់ទំនងក្នុងការបន្ថយការប្រឈមជំងឺគាំងបេះដូង និងស្លាប់។ ជាក់ស្តែងតាមការសិក្សាទៅលើមនុស្សវ័យកណ្តាល ដែលជាគ្រូពេទ្យភេទប្រុសប្រមាណ ១៤០០០នាក់ ដូចជាមិនបានឃើញ មានការថយចុះបែបនេះឡើយ។ ប៉ុន្តែការលេបថ្នាំវីតាមីនចម្រុះយ៉ាងហោចណាស់ ៣ឆ្នាំ អាចបន្ថយការស្លាប់ដោយសារតែជំងឺបេះដូងបាន ៣៥ភាគរយដែរ។
វីតាមីនចម្រុះ និងជំងឺមហារីក
ការសិក្សាខ្លះបានបញ្ជាក់ថា វាមិនមានឥទ្ធិពលអ្វីទៅលើការប្រឈមជំងឺមហារីកឡើយ ខណៈពេលដែលទំនាក់ទំនងខ្លះទៀតបង្ហាញថា វីតាមីនចម្រុះធ្វើឲ្យប្រឈមនឹងមហារីកកាន់តែខ្លាំងទៅវិញ។ តាមការសិក្សាគេបានរកឃើញថា បុរសដែលប្រើថ្នាំវិតាមីនចម្រុះ អាចបន្ថយការប្រឈមនឹងមហារីកបាន ៣១ភាគរយ ខណៈពេលដែលស្ត្រីមិនមានឥទ្ធិពលបែបនេះឡើយ។
ថ្នាំវីតាមីនចម្រុះអាចមានគ្រោះថ្នាក់ខ្លាំងលើករណីខ្លះដែរ
កម្រិតប្រើប្រាស់គឺជាកត្តាដ៏សំខាន់មួយដែលត្រូវគិត។ ថ្វីបើការលេបថ្នាំនេះក្នុងកម្រិតខ្ពស់ វាក៏អាចបង្កគ្រោះថ្នាក់ក្នុងកម្រិតខ្ពស់ដែរ។ យ៉ាងណាមិញ កម្រិតថ្នាំដែលសមស្របច្រើនតែអាស្រ័យទៅតាមភាពរលាយរបស់វា ដែលគេចែកទៅតាមពីរប្រភេទដូចជា៖
• រលាយក្នុងទឹក
• រលាយក្នុងខ្លាញ់
សម្រាប់វីតាមីនដែលរលាយក្នុងខ្លាញ់មានដូចជា A, D, E និង K។ ខណៈពេលដែលវីតាមីន E និង K ច្រើនតែមិនបង្កជាភាពពុល តែវីតាមីន A និង D អាចមានឥទ្ធិពលពុលបានបើសិនជាញ៉ាំច្រើន។ ស្ត្រីមានផ្ទៃពោះត្រូវតែប្រុងប្រយ័ត្នជាពិសេសចំពោះការលេបថ្នាំវីតាមីន A ព្រោះកាលណាលេបច្រើនអាចធ្វើឲ្យកូនកើតមកខូចអវៈយវៈបាន។
បើសិនជាលេបថ្នាំវីតាមីនចម្រុះ ហើយញ៉ាំអាហារមានជីវជាតិខ្លាំងទៀត នោះវាងាយនឹងលើសតម្រូវការជីវជាតិក្នុងខ្លួនណាស់។ ចំពោះអ្នកជក់បារីគួរតែចៀសវាងការលេបថ្នាំវីតាមីនចម្រុះណាដែលមានចំនួនវីតាមីន A ឬ Beta Carotene ខ្ពស់ ព្រោះវានឹងបង្កើនការប្រឈមនឹងជំងឺមហារីកសួតបាន។
តើមនុស្សប្រភេទណាដែលគួរលេបថ្នាំវីតាមីនចម្រុះទៅ?
ថ្នាំវីតាមីនចម្រុះមិនមែនស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នាប្រើប្រាស់នោះទេ។ យ៉ាងណាមិញ មនុស្សដែលអាចទទួលបានប្រយោជន៍ពីវីតាមីនចម្រុះគួរតែជា៖
• មនុស្សវ័យចំណាស់៖ ការបឺតស្រូបរបស់វីតាមីន B12 នឹងថយចុះនៅពេលអាយុកាន់តែច្រើន។ មនុស្សចាស់ក៏ប្រហែលជាត្រូវការជាតិកាលស្យូម និងវីតាមីន D កាន់តែច្រើនដែរ។
• អ្នកញ៉ាំអាហារបួស៖ នៅពេលវីតាមីន B12 ត្រូវបានគេរកឃើញថាមានតែក្នុងអាហារសាច់ ដូច្នេះអ្នកញ៉ាំអាហារបួសគឺប្រឈមនឹងការកង្វះវីតាមីន B12 នេះណាស់។ អ្នកក៏ប្រហែលជាកង្វះជាតិកាលស្យូម ស័ង្កសី ជាតិដែក វីតាមីន D និងអូមេហ្គាបីផង។
• ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន៖ ស្ត្រីទាំងនេះគួរតែពិគ្រោះជាមួយគ្រូពេទ្យថាតើជីវជាតិណាខ្លះដែលល្អ និងណាខ្លះដែលមិនល្អ។ ឧទាហរណ៍ ការញ៉ាំវីតាមីន A ច្រើនអាចធ្វើឲ្យកូនកើតមកខូចអវៈយវៈបាន៕
ត្រួតពិនិត្យដោយ www.health.com.kh