អន្តរជាតិ
លោក ច​ន​សុន បន្ត​តំណែង​ពី​លោកស្រី ម៉េ​យ៍​
24, Jul 2019 , 9:45 am        
រូបភាព
នាយករដ្ឋមន្រ្តី បូរីស ចនសុន ។ រូបភាព AFP
នាយករដ្ឋមន្រ្តី បូរីស ចនសុន ។ រូបភាព AFP
​អតីតរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​២៣ ខែកក្កដា បានទទួល​ជោគជ័យ​ក្នុងការ​ប្រជែង​តំណែង​ប្រធាន​បក្ស​អភិរក្សនិយម ដែលជា​បក្ស​កាន់អំណាច​នៅ​អង់គ្លេស ក្រោយ​ផ្ដួល​គូប្រជែង ជេ​រេ​មី ហាន់ ។ លោក ច​ន​សុន នឹង​ស្នង​តំណែង​បន្ត​ពី​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ដែល​នឹង​ចាកចេញ​នៅ​ថ្ងៃទី​២៤ ខែកក្កដា​។ ការងារ​សំខាន់​របស់លោក ច​ន​សុន គឺ​ការចាកចេញ​ពី​សហភាព​អឺរ៉ុប ដែល​សព្វថ្ងៃ​នៅជាប់​គាំង​មិន​ទៅមុខ ខណៈដែល​កាលបរិច្ឆេទ​ចាកចេញ​ចុងក្រោយ​កាន់តែ​ខិតជិត​ហើយ​នោះ​។​

 
​ជាប់ឆ្នោត​ជា​ប្រធាន​បក្ស​កាន់អំណាច លោក បូរី​ស ច​ន​សុន អតីត​អភិបាលក្រុង​ឡុង​ដ៍ នឹង​ក្លាយជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដោយ​ស្វ័យប្រវត្តិ​។ លោក នឹង​ចូលកាន់​តំណែង​ផ្លូវការ​នៅ​ថ្ងៃទី​២៤ ខែកក្កដា​នេះ បន្ទាប់ពី​លោកស្រី ថេ​រ៉េ​សា ម៉េ​យ៍ ប្រគល់​លិខិត​លាលែង​ពី​តំណែង​ថ្វាយ​មហាក្សត្រី​យ៍ Elizabeth ទី​ពីរ​។ សារ​អបអរសាទរ និង​សារ​ព្រមាន​បាន​ធ្លាក់​មកជា​បន្តបន្ទាប់​ក្រោយ​លោក ច​ន​សុន ត្រូវបាន​ប្រកាស​ជា​នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​។​
 
​លោក ច​ន​សុន ទទួលបាន​សំឡេង​ច្រើនជាង​គូប្រជែង គឺ​ប្រមុខ​ការទូត​អង់គ្លេស​សព្វថ្ងៃ ជេ​រេ​មី ហាន់ ក្នុងការ​បោះឆ្នោត​ដោយ​សមាជិក​បក្ស​អភិរក្ស​ចំនួន​១៦​ម៉ឺន​នាក់​មកពី​ទូទាំង​ចក្រភព​អង់គ្លេស​។ រឿង​ធំ​ទីមួយ​ដែល​រង់ចាំ​លោកនាយក​រដ្ឋមន្ត្រី​ថ្មី គឺ​ការដើរ​ចេញពី​សហភាព​អឺរ៉ុប (Brexit) ។ លោក ច​ន​សុន ដែល​ដឹកនាំ​យុទ្ធនាការ​ចាកចេញ​ពី​ក្នុង​ពេលធ្វើ​ប្រជាមតិ​ឆ្នាំ​២០១៦ នោះ មាន​ជំហរ​ដាច់ខាត​ក្នុង​រឿង​ចាកចេញ​នេះ ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង​ក្ដី​។​
 
​ថ្លែង​ទៅកាន់​សមាជិក​ក្រោយ​ទទួលបាន​ជ័យជម្នះ លោក ច​ន​សុន និយាយថា អង់គ្លេស​នឹង​សម្រេច​ឲ្យ​បាន Brexit នៅត្រឹម​ថ្ងៃទី​៣១ ខែតុលា ដែលជា​កាលបរិច្ឆេទ​ចុងក្រោយ​។ សព្វថ្ងៃ អង់គ្លេស មាន​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប​ហើយ​លើ​ការចាកចេញ​នេះ ដែលជា​សមិទ្ធ​ផលរប​ស់លោក​ស្រី ម៉េ​យ៍ ប៉ុន្តែ​ឆ្លង​មិន​ផុត​រដ្ឋសភា​ដល់​ទៅ​បី​ដង​ឯណោះ​។ អឺរ៉ុប​វិញ​ក៏​និយាយ​ច្រើនដង​ហើយ​ថា ខ្លួន​នឹងមិន​ចរចា​ជាមួយ​អង់គ្លេស​ទៀត​ទេ​។​
 
​និយាយ​រឿង​ជ័យជម្នះ​របស់លោក ច​ន​សុន វិញ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ជា​មនុស្ស​ដំបូង​គេ​ដែល​បាន​អបអរ​នាយករដ្ឋមន្ត្រី​ថ្មី​រូបនេះ​។ លោក ត្រាំ បាន​សរសេរ​លើ Twitter ថា​៖ «​សូម​សាទរ​លោក បូរី​ស ច​ន​សុន ដែល​ក្លាយជា​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​។ លោក​នឹង​ក្លាយជា​មេដឹកនាំ​ដ៏​អា​ស្ចា​រ្យ​។​» ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង វិញ ក៏​ប្រកាសថា នឹងធ្វើ​ការ​ជាមួយ​លោក ច​ន​សុន ឲ្យ​ជិតស្និទ្ធ​លើ​បញ្ហា​អឺរ៉ុប និង​អ៊ីរ៉ង់​ជាដើម​។​
 
​ទន្ទឹមនឹង​សារ​អបអរ លោក ច​ន​សុន ក៏​ទទួលបាន​សារ​ព្រមាន និង​សារ​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ដែរ​។ អនាគត​ប្រធាន​គណៈកម្មការ​អឺរ៉ុប អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន ដែល​បាន​សាទរ​នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​អង់គ្លេស​ដែរនោះ លើកឡើងថា នៅមាន​បញ្ហា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​រួមគ្នា ហើយ​ពេលវេលា​លំបាក​កំពុង​ឈរ​ខាងមុខ​។ អ៊ីរ៉ង់​ដែល​កំពុង​ទាស់​គ្នា​ជាមួយ​អង់គ្លេស​នោះ ក៏​អបអរ​ការជាប់ឆ្នោតរ​ប​ស់លោក ច​ន​សុន ដែរ​។​
 
​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ មហាម៉ាត់ ចា​វ៉ាដ ហ្សា​រី​ហ្វ បាន​បង្ហោះ​សារ​លើ Twitter អបអរ​លោក ច​ន​សុន ដែលជា​អតីត​សម​ភាគី​របស់លោក​។ យ៉ាងណាមិញ លោក​ក៏​ឆ្លៀត​ផ្ញើ​សារ​ព្រមាន​ដែរ​ថា អ៊ីរ៉ង់​មិន​ចង់​បង្កើត​ការប្រឈមមុខ​អ្វី​ទេ ប៉ុន្តែ​យើង​នឹង​ការពារ​ដែនទឹក​របស់​យើង​។ មន្ត្រី​អ៊ីរ៉ង់​រូបនេះ ចង់​សំដៅ​ដល់​ការឃាត់​កប៉ាល់​ដោយ​ទង់​អង់គ្លេស​នៅ​ច្រក​សមុទ្រ Hormuz ដែល​បង្ក​ទៅជា​ការប្រទាំងប្រទើស​យ៉ាងខ្លាំង​៕ 

Tag:
 អង់គ្លេស​
  បូរី​ស ច​ន​សុន​
  ថេ​រ៉េ​សា ម៉េ​យ៍
© រក្សាសិទ្ធិដោយ thmeythmey.com