កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកប្រដាល់រុស្ស៊ី Dadashev ស្លាប់ ក្រោយរងរបួសក្បាលធ្ងន់ធ្ងរនាជំនួបដណ្តើមខ្សែក្រវាត់ កីឡាករប្រដាល់រុស្ស៊ី Maxim Dadashev ស្លាប់ក្នុងអាយុ២៨ឆ្នាំ ក្រោយរងរបួសពេលប្រកួត។ រូបថត Getty Images
× អ្នកប្រដាល់រុស្ស៊ី Maxim Dadashev បានទទួលមរណភាពក្នុងអាយុ២៨ឆ្នាំ បន្ទាប់ពីរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរនាជំនួបដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាល IBF ជាមួយកីឡាករព័រតូរីកូ Subriel Matias។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធកីឡាប្រដាល់រស្ស៊ី កាលពីថ្ងៃអង្គារ។
Dadashev និង Matias បានប្រកួតដណ្តើមខ្សែក្រវាត់ IBF នៅរដ្ឋ Maryland សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។ របាយការណ៍បានបង្ហាញថា Dadashev មិនអាចដើរចូលទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ដោយខ្លួនឯងបានឡើយ បន្ទាប់ពីលោក Buddy McGirt ដែលជាគ្រូបង្វឹក បានបញ្ឈប់ការប្រកួតរបស់គេនៅចុងទឹកទី១១។
កីឡាកររូបនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ ប៉ុន្តែនៅតែមិនអាចស្រោចស្រង់ជីវិតបាននោះឡើយ។ លោក Umar Kremlev អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់រុស្ស៊ី សំដែងការសោកស្តាយចំពោះមរណភាពកីឡាករវ័យក្មេង និងពោរពេញទៅដោយសមត្ថភាព ដោយលោកលើកឡើងថា ការស៊ើបអង្កេតលើករណីនេះ កំពុងដំណើរការ។
លោក Kremlev បានគូសបញ្ជាក់ថា៖ «ករណីបែបនេះ កើតឡើងគ្រប់ប្រភេទកីឡា ប៉ុន្តែខ្ញុំគិតថា ពេលខ្លះវាជារឿងដែលមនុស្សតាំងចិត្តបង្កើតឡើង ដែលអាចចាត់ទុកជាទង្វើបែបហិង្សា»។
Dasashev ដែលមានមូលដ្ឋាននៅអាមេរិក បានឈ្នះ១៣លើកកន្លងមក ប៉ុន្តែបានចាញ់ប្រៀបកីឡាករព័រតូរីកូ Matias ហើយបានស្ថិតក្នុងស្ថានភាពរបួសដ៏ធ្ងន់ធ្ងរ មុនពេលដែលលោក McGirt សម្រេចសុំបញ្ចប់ការប្រកួត។ កីឡាករប្រដាល់អាជីពលើពិភពលោកសុទ្ធតែបង្ហាញនូវការសោកស្តាយចំពោះមរណភាពកីឡាករវ័យក្មេងរុស្ស៊ីរូបនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com