ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា សុំ​ឲ្យ​ជប៉ុន បន្ត​ជួយ​លើ​ផ្នែក «​កង​រក្សា​សន្តិភាព​»
24, Jul 2019 , 7:19 pm        
រូបភាព
ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និង​​អនុរដ្ឋមន្ត្រី​​ការ​​ពារ​​ជាតិ​​ជប៉ុន​​ (រូបពីក្រសួង)
ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និង​​អនុរដ្ឋមន្ត្រី​​ការ​​ពារ​​ជាតិ​​ជប៉ុន​​ (រូបពីក្រសួង)
ដោយ: ថ្មីៗ
​កម្ពុជា ស្នើ​ឲ្យ​ជប៉ុន បន្ត​ជួយ​គាំទ្រ​កងកម្លាំង​រក្សា​សន្តិភាព​នៃ​កងយោធពល​ខេមរភូមិន្ទ​។ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពា​ជាតិ​កម្ពុជា លើកសំណើ​នេះ ក្នុងជំនួប​ជាមួយ​លោក Nishida Yasunori អនុរដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៩​។

 
​យោងតាម​ការចុះផ្សាយរ​បស់​ក្រសួងការពារជាតិ​កម្ពុ​ជា សម្តេច ទៀ បាញ់ ចាត់ទុក​វត្តមាន​របស់លោក Nishida ថា បានផ្តល់​ភាពកក់ក្តៅ​ដល់​កម្ពុជា ជាពិសេស​ដល់​កងកម្លាំង​រក្សា​សន្តិភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ព្រមទាំង​ការពង្រឹង​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​។ សម្តេច បាន​អរគុណ​ជប៉ុន ដែល​ជួយឧបត្ថម្ភ​កម្ពុជា​ជា​រៀង​រហូតមក ក្នុងការ​ស្វែងរក​សុខ​សន្តិភាព ការកសាង និង​ការអភិវឌ្ឍ​ប្រទេស ជាពិសេស​ការជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​កងយោធពល​ខេមរភូមិន្ទ​ផ្នែក​កង​រក្សា​សន្តិភាព​។ 
 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នក​នាម​ពាក្យ​ក្រសួងការពារជាតិ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ជំនួយ​ដែល​កម្ពុជា​ស្នើ​ឲ្យ​ជប៉ុន ជួយ​លើ​ផ្នែក​កងកម្លាំង​រក្សា​សន្តិភាព​នេះ មានដូចជា ការហ្វឹកហ្វឺន និង និង​ការបណ្តុះបណ្តាល ជាដើម​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​គេ មាន​បច្ចេកទេស​ជាង​យើង​»​។​
 
​នៅ​ចំពោះមុខ​លោក Nishida សម្តេច ទៀ បាញ់ លើកឡើងថា កម្ពុជា​ធ្លាប់​ទទួល​កងកម្លាំង​ក​ង​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ មកជួយ​ស្វែងរក​សុខសន្តិភាព​នៅ​កម្ពុជា តែ​បច្ចុប្បន្ន​កម្ពុជា បាន​បញ្ជូន​កងកម្លាំង​ជាច្រើន​ទៅ​ចូលរួម​ជាមួយ​អង្គការ​សហប្រជាជាតិ ដើម្បី​ជួយ​ស្វែងរក​សន្តិភាព នៅ​បណ្តា​ប្រទេស​នានា​វិញ​។ រដ្ឋមន្ត្រី​ការពារជាតិ សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​កម្ពុជា​ធ្លាប់​ឆ្លង​សង្គ្រាម ដូចនេះ​កម្ពុជា​ក៏​ចង់បាន និង​ចង់ឃើញ​បណ្តា​ប្រទេស​ដែលមាន​ជម្លោះ​ដទៃទៀត​មាន​សុខសន្តិភាព​ផងដែរ​»​។ 
 
​ក្នុងជំនួប​នោះ លោក Nishida តប​នឹង​សម្តេច ទៀ បាញ់ ថា ជប៉ុន និង​កម្ពុជា មាន​ចំណងមិត្តភាព​ដ៏​ល្អ​នឹង​គ្នា ជាពិសេស​នៅក្នុង​ទស្សវត្សរ៍​៩០ ដែល​ជប៉ុន​បាន​បញ្ជូន​កងកម្លាំង​ចូលរួម​រក្សា​សន្តិភាព​ជាមួយ​កងកម្លាំង​របស់​អង្គការសហប្រជាជាតិ នៅ​កម្ពុជា​។ លោក បន្តថា កន្លងមក វិស័យ​ការពារជាតិ​រវាង​ប្រទេស​ទាំងពីរ មាន​កិច្ចសហប្រតិបតិការ​ល្អ ដូចជា ការចូល​ចត​នាវា​ជប៉ុន​នៅ​កម្ពុជា ការផ្លាស់ប្តូរ​ប្រតិភូ និង​ការបណ្តុះ​បណ្តា​ធនធានមនុស្ស ជាដើម​។ 
 
​អនុរដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​រូបនេះ បញ្ជាក់ថា បច្ចុប្បន្ន ជប៉ុន មាន​ដៃគូ​ជា​ត្រីកោណ​រវាង​ជប៉ុន អង្គការសហប្រជាជាតិ និង​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន នៅលើ​វិស័យ​កង​រក្សា​សន្តិភាព ហើយ​ជប៉ុន នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​តទៅទៀត​នៅក្នុង​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​៕
 

Tag:
 កម្ពុជា​-​ជប៉ុន​
  យោធា​
© រក្សាសិទ្ធិដោយ thmeythmey.com