អន្តរជាតិ
អាមេរិក មាន​រដ្ឋមន្ត្រី​ការពារជាតិ​អចិន្ត្រៃយ៍ ក្រោយ​ទំនេរ​ជាង​៧​ខែ​
24, Jul 2019 , 7:39 pm        
រូបភាព
លោក ម៉ាក អេស្ពើ រដ្ឋមន្រ្តីការពារជាតិអាមេរិក និងប្រធានាធិបតី ដូណាល់ ត្រាំ នៅឯសេតវិមាន។ រូបភាព AFP
លោក ម៉ាក អេស្ពើ រដ្ឋមន្រ្តីការពារជាតិអាមេរិក និងប្រធានាធិបតី ដូណាល់ ត្រាំ នៅឯសេតវិមាន។ រូបភាព AFP
​លោក ម៉ាក អេ​ស្ពើ (Mark Esper) នៅ​ថ្ងៃទី​២៣ ខែកក្កដា បាន​ស្បថ​ចូលកាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​របស់​អាមេរិក និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ទី​ពីរ​ក្នុង​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បន្ទាប់ពី​លោក ជេ​ម ម៉ា​ធី​ស ។ វត្តមាន​លោក អេ​ស្ពើ នៅ​មន្ទីរ​បញ្ច​កោណ បានបញ្ចប់​ភាព​ទំនេរ​ជាង​៧​ខែ​នៃ​កៅអី​ប្រមុខ​ការពារជាតិ​អាមេរិក ស្រប​ពេលដែល​វ៉ាស៊ីនតោន​ប្រឈមមុខ​បញ្ហា​ច្រើន​ចាប់ពី​វិបត្តិ​ជាមួយ​អ៊ីរ៉ង់ រហូតដល់​សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

 
​ក្រោយ​ការចាកចេញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក ជេ​ម ម៉ា​ធី​ស នៅ​ដើមឆ្នាំ​២០១៩ មន្ទីរ​បញ្ច​កោណ​គ្មាន​មេ​កើយ​ដល់​ទៅ​៧​ខែ ដែល​នេះ​ជា​រយៈពេល​យូរ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ខណៈ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ ជា​តំណែង​ដ៏​សំខាន់បំផុត​មួយ​របស់​អាមេរិក​។ រយៈពេល​នេះ លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានតែងតាំង​រដ្ឋមន្ត្រី​ស្តីទី​ដល់​ពីរ​នាក់​ដើម្បី​មើល​ការខុសត្រូវ​កិច្ចការពារ​ជាតិ​ដ៏​សំខាន់​នេះ ស្រប​បញ្ហា​កើតមាន​ជា​បន្តបន្ទាប់​។​
 
​ក្រោយ​ទំនេរ​យូរ​គួរសម​មក កៅអី​រដ្ឋមន្ត្រី​ការពារជាតិ​ក៏មាន​ម្ចាស់​អចិន្ត្រៃយ៍​។ ព្រឹទ្ធសភា​អាមេរិក បានអនុម័ត​បេក្ខភាព​លោក ម៉ាក អេ​ស្ពើ ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​ដោយ​សំឡេង​៩០ ទល់​៨ ក្នុង​ដំណើការ​នីតិវិធី​ដ៏​លឿន​មួយ​។ ក្រោយ​ទទួល​ការអនុម័ត​ពី​ព្រឹទ្ធសភា លោក អេ​ស្ពើ ក៏​ទៅ​ស្បថ​ចូលកាន់​តំណែង​ភ្លាម​ដែរនោះ​សេត​វិមាន​នៅ​ថ្ងៃទី​២៣ ខែកក្កដា​។ លោក ត្រាំ ចាត់ទុក​ការស្បថ​ចូលកាន់​តំណែង​នេះ ជា​ថ្ងៃ​ដ៏​សំខាន់​។ 
 
​ដោយ​ចង់​សំដៅ​លោក អេ​ស្ពើ ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា គ្មាន​នរណា​មាន​លក្ខណៈសម្បត្តិ​ល្អ​ជាង​នេះ​ក្នុងការ​ដឹកនាំ​ក្រសួងការពារជាតិ​ឡើយ​។ លោក Mitch McConnell សមាជិក​ជាន់ខ្ពស់​បក្ស​សាធារណរដ្ឋ​ក្នុង​សភា​អាមេរិក បាន​កោតសរសើរ​លោក អេ​ស្ពើ ជា​បេក្ខភាព​ដែលមាន​ការត្រៀម​ទុក​ល្អ និង​ទទួលបាន​ការគោរព​រា​ប់​អាន​ច្រើន​ពី​សហគមន៍​សន្តិសុខ​ជាតិ​អាមេរិក ហើយ​អាចធ្វើ​ការងារ​បានល្អ​។ 
 
​តាមពិតទៅ លោក អេ​ស្ពើ ក៏​មិនមែនជា​មនុស្ស​ប្លែក​ដែរ​នៅ​មន្ទីរ​បញ្ច​កោណ​។ មុន​ត្រូវបាន​លោក ត្រាំ តែងតាំង​បេក្ខភាព​រដ្ឋមន្ត្រី​ការពារជាតិ លោក​កាន់តំណែង​ជា​មន្ត្រី​ស៊ីវិល​ជាន់ខ្ពស់​បំផុត​នៅក្នុង​ជួរ​កងទ័ពជើងគោក​អាមេរិក (Secretary of Army) តាំងពី​ឆ្នាំ​២០១៧ មក​។ ប៉ុន្តែ​ដាក់​គូថ​អង្គុយ​កៅអី​រដ្ឋមន្ត្រី​ការពារជាតិ​ពេលនេះ លោក អេ​ស្ពើ ដែលជា​យោធា​ចូលនិវត្តន៍​ដែរនោះ នឹង​ជួប​បញ្ហា​ស្មុគស្មាញ​ច្រើន​ដែល​ត្រូវ​ដោះស្រាយ​បន្ទាន់​។ 
 
​បញ្ហា​ចម្បង​មួយ​នៅពេល​បច្ចុប្បន្ននេះ គឺ​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​។ ភាព​តានតឹង​នេះ​ចេះតែ​ឡើង​កម្ដៅ​ឥត​ស្រាកស្រាន្ត​នៅ​រយៈពេល​ចុងក្រោយ​នេះ ស្របពេល​មានការ​វាយប្រហារ​បន្ត​បន្ទាប់​លើក​ប៉ាល់​ដឹកទំនិញ ការបាញ់​ទម្លាក់​យន្តហោះ​បញ្ជា​របស់​អាមេរិក និង​ការឃាត់ទុក​កប៉ាល់​ដឹកទំនិញ​អង់គ្លេស​ជាដើម​។ រឿង​តួ​ក​គី​ទិញ S-400 ពី​រុស្ស៊ី ក៏​ជា​បញ្ហា​មួយ​ដែរ ខណៈ​ទំនាស់​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​រុស្ស៊ី និង​ចិន​ក៏​ជា​វិញ្ញាសា​សាកល្បង​សមត្ថភាព​លោក អេ​ស្ពើ ដូចគ្នា​។ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  Mark Esper
© រក្សាសិទ្ធិដោយ thmeythmey.com