ជាតិ
រដ្ឋមន្ត្រីដែនដី ស្នើឲ្យអភិបាលរាជធានី-ខេត្ត ចាត់ការក្រុមហ៊ុននិងម្ចាស់សំណង់គ្មានច្បាប់ រូបពីហ្វេសប៊ុកក្រសួង៖ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់
× ភ្នំពេញ៖ លោក ជា សុផារ៉ា ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និង សំណង់ បានស្នើទៅគ្រប់អភិបាលរាជធានី-ខេត្ត ឲ្យចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនសាងសង់ ដែលគ្មានវិញ្ញាបនបត្របញ្ជាក់ពីអាជីវកម្មសាងសង់ និងម្ចាស់សំណង់ ដែលគ្មានលិខិតអញ្ញាតពីអាជ្ញាធរ។ សំណើនេះ ធ្វើឡើងតាមរយៈសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។
លោករដ្ឋមន្ត្រីដែនដី បញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា ការចាត់វិធានការនេះ គឺដើម្បីធានាការសាងសង់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស។ លើសពីនេះ គឺដើម្បីធានាឲ្យបានសុវត្ថិភាពសំណង់ និងការពារទ្រព្យសម្បតិ្តរបស់របស់អ្នកប្រើប្រាស់និងសាធារណជន។
ជុំវិញបញ្ហានេះសារព័ត៌មានថ្មីៗ មិនអាចសុំការបំភ្លឺបន្ថែមពីលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដីបានទេ នាថ្ងៃទី២៤ ខែកក្កដានេះ ដោយលោកអះអាងថា កំពុងជាប់រវល់។
កាលពីពេលថ្មីៗនេះ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យអភិបាលរាជធានី-ខេត្ត ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដ្ឋានសំណង់ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាថាគ្រប់សំណង់ទាំងអស់ មានច្បាប់អនុញ្ញាត។
ចំណែក លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បានណែនាំដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំងអស់ថា មិនត្រូវអនុញ្ញាតឲ្យសំណង់ខុសច្បាប់ តភ្ជាប់ និងប្រើប្រាស់បណ្ដាញលូសាធារណៈឡើយ។ លោកបានឲ្យមន្ត្រី ពិនិត្យតាមដានឡើងវិញនូវការស្នើសុំតភ្ជាប់ និងប្រើប្រាស់បណ្ដាញលូសាធារណៈ។
គួររម្លឹកថា ចាប់ពីឆ្នាំ២០០០ ដល់ពាក់កណ្តាលឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី បានចេញលិខិតអនុញ្ញាតសាងសង់ជាង៤,៥ម៉ឺនគម្រោង ដែលមានផ្ទៃសាងសង់ជាង១២០លានម៉ែត្រការ៉េ ជាមួយនឹងតម្លៃវិនិយោគប៉ាន់ស្មានជាង៤៥ពាន់លានដុល្លារ។ ដោយឡែក ក្នុងឆ្នាំ២០១៨ កម្ពុជា បានផ្តល់ការអនុញ្ញាត លើគម្រោងសាងសង់ជិត៣ពាន់គម្រោង មានតម្លៃជាង៥ពាន់ លានដុល្លារ៕
© រក្សាសិទ្ធិដោយ thmeythmey.com