អន្តរជាតិ
ក្រសួងការពារជាតិ​ចិន​៖ បើ​មាន​សំណើ​ពី​ហុងកុង កងទ័ព​ចិន​អាច​ចេញ​ជួយ​ដោះស្រាយ​បាតុកម្ម​
24, Jul 2019 , 8:39 pm        
រូបភាព
កងទ័ពរំដោះប្រជាជនចិននៅក្នុងបន្ទាយហុងកុង។
កងទ័ពរំដោះប្រជាជនចិននៅក្នុងបន្ទាយហុងកុង។
​យោធា​ចិន នៅ​ថ្ងៃទី​២៤ ខែកក្កដា អះអាងថា កងទ័ព​រំដោះប្រជាជន​ចិន (PLA) អាច​ត្រូវ​ពង្រាយ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម​ក្នុង​ទីក្រុង​ហុងកុង បើ​មាន​សំណើ​ពី​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​មួយ​នេះ​។ ការលើកឡើង​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​អំពើហិង្សា​បាន​ផ្ទុះ​ឡើងជា​បន្តបន្ទាប់​អំឡុងពេល​បាតុកម្ម​នៅ​ហុងកុង​នៅ​រយៈពេល​ចុងក្រោយ​នេះ ដែល​ឈានដល់​ការអុកឡុក​អាគារ​ការិយាល័យ​តំណាង​រដ្ឋាភិបាល​ប៉េកាំង​ក្នុង​ទីក្រុង​នេះ​ទៀតផង​។​

 
«​យើង​តាមដាន​យ៉ាង​ដិតដល់​ការវិវត្ត​នៅ​ហុងកុង ពិសេស​ការវាយប្រហារ​ដោយ​ហិង្សា​លើ​ការិយាល័យ​តំណាង​រដ្ឋាភិបាល​មជ្ឈិម​ដោយ​ក្រុម​ជ្រុលនិយម​នៅ​ថ្ងៃទី​២១ ខែកក្កដា​។​» នេះ​ជាការ​លើកឡើង​របស់លោក​វរសេនីយ៍ Wu Qian អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន​នៅ​ថ្ងៃទី​២៤ ខែកក្កដា ដែល​ចាត់ទុក​សកម្មភាព​រប​ស់​បាតុករ​ជ្រុលនិយម​នេះ ជាការ​តតាំង​ដោយផ្ទាល់​នឹង​អំណាចរដ្ឋាភិបាល​មជ្ឈិម និង​គោលនយោបាយ «​ប្រទេសមួយ ប្រព័ន្ធ​ពីរ​»​។ 
 
​នៅ​យប់​ថ្ងៃទី​២១ ខែកក្កដា បាតុករ​វ័យក្មេង​ជាច្រើន​ដែល​មិនទាន់​ចែកផ្លូវ​ក្រោយ​ការរំសាយ​បាតុកម្មអហិង្សា​នោះ បាន​ចូល​អុកឡុក​បរិវេណ​ខាងមុខ​អាគារ​ការិយាល័យ​តំណាង​ក្រុង​ប៉េកាំង ដោយ​ខ្លះ​គប់​ពង​ដាក់​អាគារ ខ្លះទៀត​គូសវាស​របង ហើយ​កាន់តែ​ធ្ងន់ធ្ងរ​នោះ រូប​សញ្ញា​ជាតិ​របស់​ចិន ក៏ត្រូវ​បាន​បាតុករ​យក​ថ្នាំ​ពណ៌​ខ្មៅ​បាញ់​ពីលើ​ទៅទៀត​។ ទង្វើ​នេះ ត្រូវបាន​ប៉េកាំង​រិះគន់​យ៉ាងខ្លាំង និង​ចាត់ទុក​ជាការ​មាក់ងាយ​ប្រជាជន​ដទៃទៀត​។​
 
​មកទល់​ពេល ប៉ូលិស​ហុងកុង ជា​អ្នកទទួលខុសត្រូវ​លើ​ការរក្សា​សណ្ដាប់ធ្នាប់​ក្នុង​ទីក្រុង និង​នៅពេល​មាន​រៀបចំ​ធ្វើបាតុកម្ម​នានា​។ ប៉ុន្តែ​ទំហំ​នៃ​អ្នកចូលរួម​ដែល​ពេលខ្លះ​ហក់​ដល់​ខ្ទង់លាន​នាក់​នោះ គឺជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​អាជ្ញាធរ​ហុងកុង​។ ត្រង់ចំណុច​នេះ អ្នកសារព័ត៌មាន​បាន​សួរ​លោក Wu Qian អំឡុង​ការប្រកាស​សៀវភៅ​ស​ការពារជាតិ ថា ក្រសួងការពារជាតិ​ចិន នឹង​ដោះស្រាយ​បញ្ហា​នៅ​ហុងកុង និង​ក្រុមហ៊ុន​មាន​និន្នាការ​ឯករាជ្យ​ដោយ​របៀប​ណា​។​
 
​តប​នឹង​សំណួរ​នេះ អ្នកនាំពាក្យ​ខាងលើ ចង្អុល​ទៅ​មាត្រា​១៤ នៃ​ច្បាប់​ស្ដីពី​ការតាំង​ទ័ព​នៅ​ហុងកុង​។ ច្បាប់​នេះ ចូល​ជាធរ​មាននៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​១៩៩៧ ពេល​អង់គ្លេស​ផ្ទេរ​ហុងកុង​ឲ្យ​ចិន​។ មាត្រា​១៤ ចែងថា រដ្ឋាភិបាល​ហុងកុង ដោយយោង​លើ​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង អាច​ស្នើសុំ​ការ​ជំនួយ​ពី​រដ្ឋាភិបាល​មជ្ឈិម​តាមរយៈ​ការបញ្ចេញ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ឲ្យ​ជួយ​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ និង​គ្រោះធម្មជាតិ​។ 
 
​ក្នុងករណី​ខាងលើ បើ​សំណើ​របស់​រដ្ឋបាល​តំបន់​ស្វយ័ត​មួយ​នេះ ត្រូវបាន​យល់ព្រម នោះ​កងទ័ព​ចិន​នៅ​ហុងកុង អាច​ចេញ​ជួយ​ក្រោម​លក្ខខណ្ឌ​ដូចខាងលើ ហើយ​ពេល​ចប់​ភារកិច្ច ត្រូវ​ត្រឡប់​ចូល​បន្ទាយ​វិញ​ភ្លាម​។ នេះ ជា​រឿង​កម្រ​មួយ​ដែល​ក្រុង​ប៉េកាំង​លើកឡើង​ពី​លទ្ធភាព​ដែល​កងទ័ព​ចិន​អាច​ចេញពី​បន្ទាយ​ដើម្បី​ធ្វើការ​អ្វីមួយ ខណៈ​ជា​ប្រពៃណី យោធា​ចិន​ដែល​ប្រចាំការ​នៅ​បន្ទាយ​ហុងកុង មិន​លូកលាន់​កិច្ចការ​ហុងកុង​អ្វី​ឡើយ​៕  

Tag:
 ចិន​
  ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com