ចិន ដឹក​រថយន្ត​មួយ​ទឹក ៩​គ្រឿង​មកលក់នៅ​កម្ពុជា​តម្លៃ ១៦​ម៉ឺន​ដុល្លារ​
អន្តរជាតិ
ចិន ដឹក​រថយន្ត​មួយ​ទឹក ៩​គ្រឿង​មកលក់នៅ​កម្ពុជា​តម្លៃ ១៦​ម៉ឺន​ដុល្លារ​
24, Jul 2019 , 4:10 pm        
រូបភាព
មន្ត្រីគយចិន បានចុះពិនិត្យរថយន្តមួយទឹក នៅថ្ងៃទី២៤ កក្កដា ដែលនឹងត្រូវដឹកទៅក្រៅប្រទេស (Chinadaily)
មន្ត្រីគយចិន បានចុះពិនិត្យរថយន្តមួយទឹក នៅថ្ងៃទី២៤ កក្កដា ដែលនឹងត្រូវដឹកទៅក្រៅប្រទេស (Chinadaily)
​រថយន្ត​មួយ​ទឹក​ចំនួន ៩​គ្រឿង ដែល​ស្មើនឹង​ទឹកប្រាក់ ១,១​លាន​យ៉​ន់ ឬ​១៦០ ៥៨៣​ដុល្លារ ត្រូវបាន​ដឹក​ចេញពី​តំបន់​ពាណិជ្ជកម្ម​សេរី Nanshan ក្នុង​ខេត្ត Guangdong ភាគ​ខាង​អាគ្នេយ៍​នៃ​ប្រទេស​ចិន ឆ្ពោះទៅកាន់​ប្រទេស​កម្ពុជា ។ ការបញ្ជូន​រថយន្ត​ប្រើប្រាស់​ហើយ​សម្រាប់​លក់​ទាំងនេះ ធ្វើឡើង​ក្រោយពី​ទទួលបាន​ភ្លើង​បៃតង​ពី​អាជ្ញាធរ​កម្ពុជា​។

 
​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ពុធ​ទី ២៤ កក្កដា នាយកដ្ឋាន​គយ​ទីក្រុង Guangzhou  នៃ​ខេត្ត Guangdong បានបញ្ជាក់​ឲ្យ​ដឹងថា រថយន្ត​ទាំង​៩​គ្រឿង​នេះ ដែលជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​ចិន  នឹងត្រូវ​ដឹក​តាម​នាវា​ទៅកាន់​ប្រទេស​កម្ពុជា ក្រោយពី​ក្រុមហ៊ុន​នេះ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា កាលពីដើមឆ្នាំ ២០១៩​នេះ​។ 
 
​រថយន្ត​ទាំង​៩​គ្រឿង​នេះ ជា​ផ្នែក​មួយ​នៃ​រថយន្ត​ចំនួន​៣០០​គ្រឿង ដែល​ត្រូវ​លក់​ទៅ​ឲ្យ​ប្រទេស​ផ្សេង ដែលមាន​តម្លៃ​សរុប​២,៥​លាន​ដុល្លារ​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត​ចិន China Daily រថយន្ត​ដែល​ដឹក​មកកាន់​កម្ពុជា​នេះ ត្រូវបាន​ពិនិត្យ​លើ​គុណភាព​រួចរាល់ នៅឯ​ស្ថានីយ៍​មួយកន្លែង ក្នុង​ទីក្រុង Guangzhou កាលពី​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១៩ ។ សេចក្តីថ្លែងការណ៍​ដដែល​នេះ គូសបញ្ជាក់​ទៀតថា នេះ​ជា​លើកទីមួយ​ដែល​រថយន្ត​មួយ​ទឹក មាន​ប្រភពពី​ខេត្ត Guangdong នឹង​ត្រូវបាន​បញ្ជូនទៅ​លក់​នៅ​បរទេស​។ 
 
​សូមបញ្ជាក់ថា ខេត្ត Guangdong  រំពឹង​នឹង​លក់​រថយន្ត​មួយ​ទឹក​ប្រមាណ ៣​ពាន់​គ្រឿង​ទៅ​ក្រៅប្រទេស ក្នុង​ឆ្នាំ​២០១៩​នេះ​។  ហើយ​ទិសដៅ​នៃ​ការលក់​រថយន្ត​ទាំងនេះ គឺមាន​ដូចជា កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ វៀតណាម រុស្ស៊ី និង​បណ្តា​ប្រទេស​ផ្សេងទៀត ដែលជា​សមាជិក​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិថី​៕ 

Tag:
 ចិន​
  កម្ពុជា​
  រថយន្ត​មួយ​ទឹក
© រក្សាសិទ្ធិដោយ thmeythmey.com