អន្តរជាតិ
ស្រីលង្កា​ប្រទះឃើញ​បំណែក​សព​មនុស្ស​ក្នុង​កុង​តឺន័​រ​សំរាម​ពី​អង់គ្លេស​
24, Jul 2019 , 5:13 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស បានចាប់ផ្តើម​បើក​ការស៊ើបអង្កេត​ភ្លាមៗ ក្រោយ​អាជ្ញាធរ​ស្រីលង្កា​អះអាងថា ពួកគេ នឹង​បញ្ជូន​ត្រឡប់​ទៅវិញ​នូវ​កុង​តឺ​ន័​រ​ជាង​១០០​ទូ ព្រោះ​រកឃើញ​បំណែក​សាកសព​មនុស្ស​ក្នុងនោះ​។

 
​អាជ្ញាធរ​ស្រីលង្កា បាន​រកឃើញ​រឿង​ដ៏​រន្ធត់​មួយ ខណៈ​ពួកគេ​ចុះ​ត្រួតពិនិត្យ​ក្លិនស្អុយ ដែល​ភាយ​ចេញពី​កុង​តឺ​ន័​រ ១១១​ទូ ដែល​បាន​ទុកចោល​នៅ​កំពង់ផែ​ក្រុង កូឡុំបូ កាលពី​ជាង​២​ឆ្នាំមុន​។ នៅក្នុង​ទូ​កុង​ទឺ​ន័​រ​នោះ មន្ត្រី​គយ​ស្រីលង្ការ បាន​ប្រទះឃើញ សារធាតុ​ដែល​ពួកគេ​ចាត់ទុកថា «​គ្រោះថ្នាក់​បំផុត​» លាយឡំ​ក្នុង​សំណល់​ប្លា​ស្ទិ​ក និង​វេជ្ជសាស្ត្រ​។ 


 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​ម្នាក់​មកពី​ក្រសួង​ហិរញ្ញវត្ថុ​ស្រីលង្កា ដែល​ទទួលខុសត្រូវ​នា​យក​ដ្ឋា​ន​គយ បាន​លើកឡើងថា ខ្លួន នឹង​លើកយក​បញ្ហា​នេះ​ទៅ​ពិភាក្សា​ជាមួយ​អាជ្ញាធរ​អង់គ្លេស ក្រោយពី​បញ្ជូន​កុង​ទឺ​ន័​រ​ផ្ទុក​សំរាម​គ្រោះថ្នាក់ ដោយ​ពុំបាន​ពិនិត្យ​ឲ្យ​បាន​ច្បាស់​ជាមុន ។ 
 
​ក្រោយ​ទទួលដំណឹង​នេះ ក្រសួងបរិស្ថាន​អង់គ្លេស នៅ​យប់​ថ្ងៃទី ២៣ ខែកក្កដា បាន​បើក​ការស៊ើបអង្កេត​ភ្លាមៗ​លើ​របាយការណ៍​ដែល​បាន​ចុះផ្សាយ​ថា បំណែក​សាកសព និង​គ្រឿងក្នុង​មនុស្ស ត្រូវបាន​រកឃើញ​ក្នុង​កុង​ទឺ​ន័​រ ដែលមាន​ប្រភព​ដើមពី​ចក្រភព​អង់គ្លេស​។ យ៉ាងណាមិញ អាជ្ញាធរ​អង់គ្លេស បន្ថែមថា ខ្លួន​នៅ​មិនទាន់​ផ្តល់ដំណឹង​ទៅកាន់​រដ្ឋាភិបាល​ស្រីលង្កា​នៅឡើយ​ទេ ប៉ុន្តែ​កំពុងធ្វើការ​លើ​រឿងនេះ​។  
 
​សូមបញ្ជាក់ថា ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ស្រីលង្កា កើតឡើង​ខណៈ​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ក៏បាន​ប្រកាស​ឲ្យ​ដឹកជញ្ជូន​សំរាម​បរទេស ទៅកាន់​ប្រភពដើម​វិញ​។ តួយ៉ាង កាលពី​២​សប្តាហ៍​មុន ឥណ្ឌូណេស៊ី បានប្រកាស​ប​ញ្ជូ​ម​សំរាម​២១០​តោន ត្រឡប់​ទៅកាន់​អូស្ត្រាលី ហើយ​កាណ​ដា​បាន​យល់ព្រម​ទទួល​សំរាម ៦៩​កុង​ទឺ​ន័​រ ដែល​ខ្លួន​ដឹក​ទៅកាន់​ហ្វីលីពីន ចន្លោះ​ឆ្នាំ​២០១៣ និង ២០១៤៕

Tag:
 ស្រីលង្កា​
  ចក្រភព​អង់គ្លេស​
  សំរាម
© រក្សាសិទ្ធិដោយ thmeythmey.com