អន្តរជាតិ
វៀតណាម​មាន​បណ្តាញ​សង្គម​ថ្មី​ឈ្មោះ Gapo ដែល​ស្រដៀង​ហ្វេ​ស​ប៊ុ​ក
25, Jul 2019 , 8:29 am        
រូបភាព
ការិយាល័យ Gapo នៅទីក្រុងហាណូយ។ រូបថត AFP
ការិយាល័យ Gapo នៅទីក្រុងហាណូយ។ រូបថត AFP
ដោយ:
​បណ្តាញ​សង្គម​ថ្មី ដែលមាន​ទម្រង់​ដូចនឹង Facebook ឈ្មោះថា Gapo ត្រូវ​បានដាក់​ដំណើរការ​ជា​ផ្លូវការ ក្នុងប្រទេស​វៀតណាម នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែកក្កដា ជាមួយ​ទុនវិនិយោគ ២២​លាន​ដុល្លារ​។ ការដាក់​ដំណើរការ​នេះ ធ្វើឡើង​ក្រោយពី​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម បាន​អំពាវនាវ​ឲ្យ​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងស្រុក បង្កើត​បណ្តាញ​សង្គម​ថ្មី ដើម្បី​ជំនួស Facebook និង Google របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​។

 
​ថ្លែង​នៅក្នុង​ពិធី​ដាក់​ដំណើរការ​កម្មវិធី​នេះ លោក Ha Trung Kien នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា G-Group បានបញ្ជាក់​ឲ្យ​ដឹងថា សហគ្រាស និង​អ្នកប្រើប្រាស់​វៀតណាម កំពុង​ពឹងផ្អែក​ខ្លាំងពេក​លើ​បណ្តាញ​សង្គម Facebook ខណៈ​ប្រទេស​វៀតណាម ពុំមាន​បណ្តាញ​សង្គម​ច្រើន​សម្រាប់​ឲ្យ​ពួកគេ​ជ្រើសរើស​ប្រើប្រាស់​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Kien រំពឹងទុក​ថា បណ្តាញ​សង្គម​ថ្មី Gapo ដែល​ផលិត​ក្នុងប្រទេស​វៀតណាម​នេះ អាចមាន​អ្នកប្រើប្រាស់​ដល់​ទៅ ៣​លាន​នាក់ ក្នុង​ឆ្នាំ​២០១៩​នេះ និង​២០​លាន​នាក់ ត្រឹម​ខែមករា ឆ្នាំ​២០២១ ។ 
 
​ស្រដៀង​នឹង Facebook របស់​អាមេរិក​ដែរនោះ កម្មវិធី​ទូរ​សព្ទ Gapo អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​បង្កើត Profile ផ្ទាល់ខ្លួន​, បង្ហោះ​វីដេអូ និង​រូបភាព ព្រមទាំង​ចែករំលែក​ការ​បង្ហោះ​ទាំងនោះ​ទៅកាន់ «News Feed» ដែល​ដូច​ទៅនឹង Facebook ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏មាន​មុខងារ Livestream ក៏ដូចជា​ចំណាយ​តាម​អន​ឡាញ ឬ​ប្រើប្រាស់​សេវាកម្ម​សាធារណៈ​ផ្សេងៗ​ផងដែរ​។​
 
​ការដាក់​ដំណើរការ​បណ្តាញ​សង្គម Gapo ថ្មី​នេះ ធ្វើឡើង​ក្រោយពី​ក្រសួង​ទូរគមនាគមន៍ និង​ព័ត៌មាន បានស្នើ​ឲ្យ​មានការ​បង្កើត​បណ្តាញ​សង្គម​ក្នុងស្រុក ខណៈ​វត្ត​មាននៃ​ក្រុមហ៊ុន​បរទេស កើនឡើង​កាន់តែខ្លាំង​ក្នុង​ទីផ្សារ​វៀតណាម​។ កន្លងទៅ បណ្តាញ​សង្គម​មួយចំនួន​របស់​វៀតណាម ត្រូវបាន​បង្កើតឡើង ដូចជា VietnamTa និង Hahalolo ប៉ុន្តែ​កម្មវិធី​ទាំងនេះ ពុំ​ទទួលបាន​ជោគជ័យ​ឡើយ​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក ដូចជា Facebook និង YouTube កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន ពាក់ព័ន្ធ​នឹង​ការបង់ពន្ធ និង​សន្តិសុខ​ព័ត៌មាន ខណៈ​កំពុង​ប្រតិបត្តិការ​ក្នុងប្រទេស​កុម្មុយនីស្ត​នេះ​។ 
 
​តាមរយៈ​របាយការណ៍​ស្រាវជ្រាវ​ទីផ្សារ​មួយចំនួន Facebook និង YouTube គ្របដណ្តប់​ស្ទើរ ៧០​ភាគរយ​នៃ​ប្រាក់ចំណូល​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្នុង​ឆ្នាំ​២០១៨​។ ហើយ​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម ក្នុង​ឆ្នាំ​២០១៨ ដដែល បាន​ចុះផ្សាយ​ថា ក្នុងចំណោម​ប្រជាជន​វៀតណាម​សរុប ៩៧​លាន​នាក់ ជនជាតិ​វៀតណាម​ប្រមាណ ៤២​លាន​នាក់ កំពុង​ប្រើប្រាស់ Facebook ជា​រៀងរាល់ថ្ងៃ​។ 
 
​ទោះបីជា​បានធ្វើ​កំណែទម្រង់សេដ្ឋកិច្ច និង​បើកចំហ​កាន់តែ​ទូលាយ​សម្រាប់​ការផ្លាស់ប្តូរ​សង្គម គណបក្ស​កុម្មុយនីស្ត​វៀតណាម​ដ៏​មាន​ឥទ្ធិពល នៅតែ​រឹត​ប​ន្តឹ​ត​ខ្លាំង​លើ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ស និង​មិន​សន្តោស​ប្រណី​សោះឡើយ​ចំពោះ​ការបញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​។ 
 
​សកម្មជន និង​មនុស្ស​ដែលមាន​និន្នាការ​ប្រឆាំងនឹង​គោលនយោបាយ​របស់​បក្ស​កុម្មុយនីស្ត​វៀតណាម​កាន់​តែ​ច្រើន ត្រូវបាន​ឃាត់ខ្លួន ឬ​កាត់ទោស ក្នុង​រយៈពេល​១​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​ការ​បង្ហោះ​សារ​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​រដ្ឋាភិបាល​វៀតណាម ចាត់ទុកថា «​ប្រឆាំង​រដ្ឋ​»​។ 
 
​អង្គការ Amnesty អន្តរជាតិ បានបញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​កាណ៍​កាលពី​ខែឧសភា​ថា ប្រមាណ ១០​ភាគរយ​នៃ​អ្នកទោស​ចំនួន ១២៨​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុងប្រទេស​វៀតណាម​ក្រោម​បទ​ចោទ បញ្ចេញមតិ​ប្រឆាំង ត្រូវបាន​ដាក់​ពន្ធ​ធនាគារ ដោយសារ ពួកគេ បាន​បង្ហោះ​មតិ​រិះគន់​ប្រឆាំង​រដ្ឋាភិបាល​លើ​បណ្តាញ​សង្គម ដូចជា Facebook ជាដើម​។​
 
​ម្យ៉ាងវិញទៀត វៀតណាម ក៏បាន​ចាប់ផ្តើម​ដាក់​ស​ម្ពា​ធ​លើ​ក្រុមហ៊ុន​បរទេស ដូចជា Google និង Facebook ដោយ​អនុម័ត​ច្បាប់​សន្តិសុខ​អ៊ីនធឺណិត​ដ៏​ចម្រូងចម្រាស​មួយ ដែល​បាន​ចូល​ជា​ធរមាន កាលពី​ខែមករា ដើមឆ្នាំ​២០១៩​កន្លងទៅ​។ ច្បាប់​នេះ តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​ទាំងអស់ បង្កើត​ការិយាល័យ​ក្នុងប្រទេស​វៀតណាម និង​រក្សា​ទិន្នន័យ​អ្នកប្រើប្រាស់​នៅ​ទីនោះ​តែម្តង​៕

Tag:
 ​វៀតណាម​
  បណ្តាញ​សង្គម​
  ហ្វេ​ស​ប៊ុ​ក
© រក្សាសិទ្ធិដោយ thmeythmey.com