ជាតិ
Keisuke Honda ទម្លាក់ទុនឲ្យក្រុមហ៊ុនមួយ ជួយវិស័យកសិកម្មនៅកម្ពុជា
× ភ្នំពេញ៖ ក្រៅពីដឹកនាំក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានសម្រេចចិត្តវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងឥណ្ឌា ជាមួយក្រុមហ៊ុន AGRIBUDDY Limited របស់ជប៉ុន កាលពីថ្ងៃទី ២៣ ខែកក្កដា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Agribuddy ។
មិនត្រឹមតែជាកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែលោក ហុងដា ក៏ជាឥស្សរជនចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌ និងវិស័យអប់រំជាដើម។ ជាក់ស្ដែងលោក ហុងដា បានបង្កើតមូលនិធិមួយដែលមានឈ្មោះថា KSK Angel Fund ក្នុងបំណងធ្វើឲ្យពិភពលោកក្លាយជាទីមនោរម្យសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយឲ្យមនុស្សគ្រប់គ្នាទទួលបានការអប់រំដោយស្មើភាពគ្នា។ ក្រៅពីនេះលោក ហុងដា ក៏បានបង្កើតសាលាហ្វឹកហាត់បាល់ទាត់ចំនួន ៨០ កន្លែងទូទាំងសកលលោកទៀតផង។ ជាជំហានបន្ទាប់ពីសកម្មភាពមនុស្សធម៌ និងវិស័យអប់រំ អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ ក៏បានសម្រេចចិត្តទម្លាក់ទុនវិនិយោគនៅក្នុងវិស័យកសិកម្ម ដែលគាំទ្រទៅអាជីវកម្មបង្កើតថ្មីៗ (Start Up) ជាមួយក្រុមហ៊ុនជប៉ុន Agribuddy ផងដែរ។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Agribuddy ដែលបានស្រង់សម្តីគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជារូបនេះ (Keisuke Honda) យ៉ាងដូច្នេះថា៖«យើងបានមើលឃើញនូវសក្ដានុពលជាច្រើនរបស់ Agribuddy ក្នុងការផ្ដល់សេវា(ប្រឹក្សាយោបល់)ដល់កសិករឲ្យបានកាន់តែប្រសើរ តាមរយៈប្រតិបត្តិការសម្របសម្រួលហិរញ្ញប្បទានដល់កសិកម្ម និងការស្វែងរកទីផ្សារឲ្យបានច្រើនសម្រាប់កសិផលរបស់កសិករ។ ទាំងអស់នេះមានភាពស៊ីគ្នាទៅនឹងបេសកកម្មរបស់យើង»។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Agribuddy លោក Kengo Kitaura បាននិយាយថា កីឡាករបាល់ទាត់ដ៏ល្បីរូបនេះ នឹងជួយធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនលោក កាន់តែរឹងមាំថែមទៀតក្នុងការលើកកម្ពស់កសិករ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីទំហំនៃការវិនិយោគរបស់លោក ហុងដា នោះទេ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក Kengo Kitaura បាននិយាយថា៖«នេះជាដំណឹងដ៏គួរឲ្យរំភើបចិត្តសម្រាប់ពួកយើង ស្របពេលដែលយើងកំពុងតែខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍កសិករឲ្យបានរឹងមាំ និងលូតលាស់រីកចម្រើន តាមរយៈការជួយសម្របសម្រួលសកម្មភាពផលិតកម្មកសិករ និងការគ្រប់គ្រងចង្វាក់តម្លៃកសិកម្ម»។
នាយកប្រតិបត្តិនៃក្រុមហ៊ុន Agribuddy រូបនេះ សង្ឃឹមយ៉ាងមុតមាំថា កសិករនឹងទទួលបានផលប្រយោជន៍បន្ថែមទៀត ក្រោមការជួយគាំទ្រ និងការវិនិយោគពីលោក ហុងដា នេះ។ ក្រៅពីបោះទុនវិនិយោគ លោក ហុងដា ក៏ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន Agribuddy ផងដែរ។
ក្រុមហ៊ុន Agribuddy ជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ដែលបានបង្កើតឡើងនៅកម្ពុជា កាលពីឆ្នាំ២០១៥ ដែលផ្ដល់ការប្រឹក្សាយោបល់ វាយតម្លៃ និងជួយរកទីផ្សារដល់កសិករ។ ក្រុមហ៊ុននេះ បានធ្វើការងារយ៉ាងជិតស្និទជាមួយនឹងកសិកររាប់ពាន់នាក់ នៅក្នុងបណ្ដាខេត្តចំនួន៧ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ធំ ដើម្បីជំរុញការដាំដុះលើដាំណាំស្រូវ ដំឡូង និងពោត និងការលើកកម្ពស់ជីវភាពរបស់កសិករជាដើម៕
Tag:
ហុងដា
កសិកម្ម
កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com