ជាតិ
សង្គមជាតិ
ACU បញ្ជូនប៉ូលិស៣នាក់ ដែលរត់ការដោះលែងជនល្មើសចិន ទៅតុលាការវិញ សកម្មភាពមន្រ្តី ACU បញ្ជូននគរបាលទាំង៣នាក់ ចេញពីតុលាការភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ទៅសួរនៅ ACU
× នគរបាល៣នាក់ ដែលរត់ការដោះលែងជនល្មើសចិន១៨នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនត្រឡប់ទៅតុលាការភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។ ជនជាតិចិនទាំងនោះ ត្រូវបានឃាត់ខ្លួន ពីបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីធឺណេត នៅខេត្តកំពង់ស្ពឺ។
នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនបានឃាត់ខ្លួននគរបាលទាំង៣នាក់ កាលពីថ្ងៃទី២១កក្កដាឆ្នាំ២០១៩ ហើយក៏បញ្ជូនទៅតុលាការ។ បន្ទាប់មក តុលាការ ក៏បញ្ជូនទៅឲ្យ ACU ដើម្បីស៊ើបអង្កេត។ ACU មិនទាន់បង្ហាញពីអត្តសញ្ញាណនិងព័ត៌មានលម្អិតអំពីនគរបាលទាំង៣នាក់នោះទេ។
នគរបាលទាំង៣នាក់នោះ គឺ អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មន្ត្រីការិយាល័យអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និង មន្ត្រីការិយាល័យអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កម្លាំងនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែកក្កដា បានចាប់ខ្លួនជនជាតិចិន និងតៃវ៉ាន់១៨នាក់ នៅភូមិចារ ឃុំសាយចចឹប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ លោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មាន ThmeyThmey ថា អ្នកទាំងនោះ ជាជនសង្ស័យពាក់ព័ន្ធនឹងបទជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត (VOIP)៕
Tag:
ACU
ចិន
នគរបាល
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com