អន្តរជាតិ
យោធា​កូរ៉េខាងត្បូង​៖ កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ពីរ​គ្រាប់​ចូល​សមុទ្រ​ជប៉ុន​
25, Jul 2019 , 8:46 am        
រូបភាព
មីស៊ីលចម្ងាយខ្លីដែលកូរ៉េខាងជើងបាញ់ក្នុងខែឧសភា។ កូរ៉េខាងជើង ទំនងបាញ់មីស៊ីលចម្ងាយដដែលនេះនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ។ រូបភាព KCNA
មីស៊ីលចម្ងាយខ្លីដែលកូរ៉េខាងជើងបាញ់ក្នុងខែឧសភា។ កូរ៉េខាងជើង ទំនងបាញ់មីស៊ីលចម្ងាយដដែលនេះនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ ។ រូបភាព KCNA
​យោធា​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៥ ខែកក្កដា បានប្រកាសថា កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លីពីរ​គ្រាប់​ សំដៅ​សមុទ្រ​ខាងកើត ឬ​សមុទ្រ​ជប៉ុន​។ មី​ស៊ី​ល​ទាំងពីរ ​បាន​បាញ់​ចេញពី​តំបន់ឆ្នេរ​ភាគ​ខាងកើត ​​ជាទី​ដែលកូរ៉េខាងជើង ​ធ្លាប់​បាញ់​មី​ស៊ី​ល​កន្លងមក​។​

 
​មី​ស៊ី​ល​ដំបូង​របស់​កូរ៉េខាងជើង ​បាន​បាញ់​ចេញ​នៅ​ម៉ោង​៥ និង​៣៤​នាទី​ព្រឹក និង​មួយ​គ្រាប់​ទៀត ​បាន​បាញ់​នៅ​ម៉ោង​៥ និង​៥៧​នាទី​ព្រឹក ​ថ្ងៃទី​២៥ ខែកក្កដា ចេញពី​ទីតាំង​មួយ​ នៅ​ឧបទ្វីប Hodo ក្បែរ​ទីក្រុង​ឆ្នេរសមុទ្រ Wonsan ។ នេះ​បើតាម​ការប្រកាស​សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​យោធា​កូរ៉េខាងត្បូង​បន្តថា មី​ស៊ី​ល​មួយ​គ្រាប់ ​ហោះ​បាន​ចម្ងាយ​ជាង​៤៣០​គីឡូម៉ែត្រ និង​មួយ​គ្រាប់​ទៀត​ ហោះ​បាន​ឆ្ងាយ​ជាង​នេះ​បន្តិច មុននឹង​ធ្លាក់ចូល​សមុទ្រ​ខាងកើត​។ មី​ស៊ី​ល​ទាំងពីរ​គ្រាប់​នេះ ហោះ​ក្នុង​រយៈកម្ពស់​ប្រមាណ ​៥០​គីឡូម៉ែត្រ​។ មន្ត្រី​នៃ​សេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េខាងត្បូង​ម្នាក់​និយាយថា ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន អាច​កំពុង​ស្ថិតនៅ​តំបន់​នោះ​ផងដែរ ដើម្បី​ត្រួតពិនិត្យ​សមយុទ្ធ​យោធា​រដូវក្ដៅ​មួយ​។​
 
​យោធា​កូរ៉េខាងត្បូង កំពុង​តាមដាន​ពី​ប្រភេទ​មី​ស៊ី​ល​នេះ​ថា ជា​មី​ស៊ី​ល​បាលី​ស្ទិ​កឬ​យ៉ាងណា ហើយ​ដូចគ្នា​នឹង​មី​ស៊ី​ល​ចម្ងាយ​ខ្ លី​ដែល​កូរ៉េខាងជើង​បាញ់ ​កាលពី​ខែឧសភា​ឬទេ​។ អ្នកវិភាគ​ខ្លះ​ជឿថា ក្រុង​ព្យុងយ៉ាង កំពុង​សាកល្បង​មី​ស៊ី​ល​ដែល​ចម្លង​តាម​មី​ស៊ី​ល​បាលី​ស្ទិ​ក Iskandar របស់​រុស្ស៊ី ព្រោះ​មាន​ចម្ងាយ​រត់​ស្រដៀង​គ្នា​ផងដែរ​។ 
 
​មិនមាន​មូលហេតុ​អ្វី​ទាក់ទង​នឹង​រឿងនេះ​ទេ ប៉ុន្តែ​ការបាញ់​នេះ ​ធ្វើឡើង​ស្រប​ពេលដែល​ភាពមិន​មិន​ច្បាស់លាស់​ ក្នុងការ​ចរចា​រវាង​អាម​រិ​ក និង​កូរ៉េខាងជើង​ នៅតែមាន​ដដែល​។ លោក គីម និង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ឯកភាពគ្នា​បើក​ការចរចា​ឡើងវិញ​ ដើម្បី​ជជែក​គ្នា​រឿង​រំសាយ​នុយក្លេអ៊ែរ​។ បើតាម​អ្នកវិភាគ​ខ្លះ ការបាញ់​មី​ស៊ី​ល​នេះ ជាការ​ដាក់​សម្ពាធ​រប​ស់​កូរ៉េខាងជើង ​លើ​អាមេរិក​ ឲ្យ​ធ្វើ​សម្បទាន​ឲ្យ​ខ្លួន​ថែមទៀត​៕ 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com