អន្តរជាតិ
លោក ប្រាយុទ្ធ ស្នើឲ្យចិន ឡាវនិងមីយ៉ាន់ម៉ា បើកបង្ហូរទឹកបន្ថែម ប្រភពរូប៖ The Nation
× រដ្ឋាភិបាលថៃ បានស្នើឲ្យប្រទេសនៅតាមដងទន្លេមេគង្គប៉ែកខាងលើដូចជា ចិន ឡាវ និងមីយ៉ាន់ម៉ា បើកបង្ហូរទឹកបន្ថែមចូលទៅកាន់ទន្លេ ដើម្បីជួយបន្ធូរបន្ថយភាពរាំងស្ងួតក្នុងប្រទេសថៃ។ បើតាមលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ប្រទេសទាំងនេះ បានយល់ព្រមសហការ។
នៅថ្ងៃទី២៤ ខែកក្កដា លោក ប្រាយុទ្ធ បានបញ្ជាក់ឲ្យដឹងថា លោកបានជជែកពិភាក្សាជាមួយភាគីចិន ឡាវ និងមីយ៉ាន់ម៉ា និងបានស្នើឲ្យពួកគេបើកបង្ហូរទឹកបន្ថែមទៀត ដូច្នេះ វានឹងហូរតាមបណ្តោយខ្សែទឹកទៅដល់ប្រទេសថៃ។ ត្រង់នេះ មេដឹកនាំរូបនេះ ចង់សំដៅទៅដល់តំបន់ដែលកំពុងប្រឈមបញ្ហារាំងស្ងួតធ្ងន់ធ្ងរ។
តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ លោកនាយករដ្ឋមន្ត្រីវ័យ៦៥ឆ្នាំរូបនេះ លើកឡើងថា ប្រទេសទាំងបីនេះ កំពុងសហការយ៉ាងល្អជាមួយអាជ្ញាធរថៃ ទោះបីជាពួកគេ មានបរិមាណទឹកកំណត់ក្នុងអាងស្តុកទឹកខ្លួនក៏ដោយ។ បន្ថែមពីនេះ លោកប្រាយុទ្ធ អះអាងទៀតថា ក្រសួងការបរទេសថៃ និងការិយាល័យធនធានទឹកជាតិ នឹងបន្តការចរចាទៅមុខទៀតជាមួយភាគីទាំងបីនេះ។
ទន្ទឹមនឹងគ្នានេះ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានបង្ហាញក្តីព្រួយបារម្ភពីជីវភាពរបស់ប្រជាកសិករថៃ ដោយពោលថា ដីសម្រាប់ធ្វើស្រែចម្ការត្រឹម ៤០ភាគរយប៉ុណ្ណោះ ទទួលបានការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់។ លោក ប្រាយុទ្ធ គូសបញ្ជាក់បែបនេះ៖ «ខ្ញុំ ព្រួយបារម្ភពីប្រជាកសិករ ព្រោះពួកគេ បានចំណាយលុយច្រើនណាស់ ប៉ុន្តែវា កើតបញ្ហាខ្វះទឹក។ ធារាសាស្ត្រយើង មានចំនួនកំណត់ ដើម្បីផ្តល់ទឹកឲ្យពួកគេសម្រាប់ការធ្វើកសិកម្ម។ ទោះជាបែបនេះក្តី រដ្ឋាភិបាល នឹងជួយជ្រោមជ្រែងដើម្បីសម្រាលការខូចខាតនេះ»។
ម្យ៉ាងវិញទៀត នាយកដ្ឋានអង្ករថៃ បានបញ្ជាក់ឲ្យដឹងថា ការខ្សត់ភ្លៀងធ្លាក់ បានប៉ះពាល់ដល់ផ្ទៃដីដាំដុះស្រូវ ១,៦លានហិកតាក្នុងខេត្តចំនួន ២០ ក្នុងភូមិភាគខាងជើង ភាគឦសាន និងកណ្តាល នៃប្រទេសថៃ។
សមាគមនាំចេញអង្ករថៃ បានព្រមានថា ប្រសិនបើគ្មានភ្លៀងធ្លាក់នាដើមខែសីហាខាងមុខទេនោះ បញ្ហាកង្វះទឹក នឹងកាត់បន្ថយផលិតកម្មអង្ករ ហើយតម្លៃអង្ករ នឹងកើនឡើងនាត្រីមាសទី៣ ឆ្នាំ២០១៩នេះ៕
Tag:
ថៃ
ចិន
ឡាវ
មីយ៉ាន់ម៉ា
ប្រាយទ្ធចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com