អន្តរជាតិ
អាមេរិក បញ្ជូន​នាវាចម្បាំង​ទៅ​កៀក​តៃវ៉ាន់ ខណៈ​ចិន​ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម​
25, Jul 2019 , 11:14 am        
រូបភាព
នាវាចម្បាំងអាមេរិក USS ANTIETAM ដែលបើកកាត់ច្រកសមុទ្រតៃវ៉ាន់។ រូបភាពពីវេបសាយ​ www.shipnostalgia.com
នាវាចម្បាំងអាមេរិក USS ANTIETAM ដែលបើកកាត់ច្រកសមុទ្រតៃវ៉ាន់។ រូបភាពពីវេបសាយ​ www.shipnostalgia.com
​យោធា​ជើង​ទឹក​អាមេរិក នៅ​ថ្ងៃទី​២៤ ខែកក្កដា និយាយថា ខ្លួន​បាន​បញ្ជូន​នាវាចម្បាំង​មួយគ្រឿង​ឲ្យ​បើក​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ខណ្ឌ​ចែក​រវាង​ចិនដីគោក និង​កោះ​តៃវ៉ាន់​។ សម្រាប់​អាមេរិក​នេះ ការធ្វើដំណើរ​នេះ ស្របតាម​ច្បាប់​អន្តរជាតិ និង​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​។ គេ​មិនដឹងថា ពេលវេលា​ជាក់លាក់​នៃ​ដំណើរ​នាវា​អាមេរិក​ឡើយ តែ​ថ្ងៃទី​២៤ ដដែល​នេះ ចិន​បាន​ព្រមាន​ពី​ការផ្ទុះ​សង្គ្រាម បើ​តៃវ៉ាន់​ចង់បាន​ឯករាជ្យ​នោះ​។​

 
​នាវាចម្បាំង​អាមេរិក USS Antietam បាន​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ដើម្បី​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​។ នេះ​ជាការ​ប្រកាស​របស់​អ្នកនាំពាក្យ​កង​នាវាចរណ៍​ទី​៧ នៃ​កងទ័ពជើងទឹក​អាមេរិក​នៅ​ថ្ងៃទី​២៤ ខែកក្កដា​។ ដូច​សព្វដង​ដែរនោះ វត្តមាន​នាវាចម្បាំង​អាមេរិក​លើក​នេះ នឹងធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ក្ដៅស្លឹកត្រចៀក​មិន​ខាន ដ្បិត​ចាត់ទុក​សកម្មភាព​នេះ​ជាការ​បំពាន​នយោបាយ​ចិន​តែមួយ​។ 
 
​អ្នកនាំពាក្យ​កង​នាវាចរណ៍​ទី​៧ Clay Doss និយាយ​ក្នុង​សេចក្ដីប្រកាស​ទៀតថា កងទ័ពជើងទឹក​អាមេរិក នឹង​បន្ត​ហោះហើរ បើក​ឆ្លងកាត់ និង​ធ្វើ​ប្រតិបត្តិការ​នៅ​គ្រប់កន្លែង​ដែល​ច្បាប់​អន្តរជាតិ​អនុញ្ញាត​។ សេរីភាព​នាវាចរណ៍​ក្រោម​ច្បាប់​អន្តរជាតិ​នេះ ជា​មូល​ហេតុដែល​អាមេរិក​តែង​ប្រើប្រាស់​ក្នុងការ​បញ្ជូន​នាវាចម្បាំង ឬ​យន្តហោះ​ចម្បាំង​របស់ខ្លួន​ទៅ​តំបន់​ដែលមាន​ភាព​តានតឹង​ដូចជា​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​នេះ​ជាដើម​។​
 
​នៅ​ថ្ងៃ​ដដែល​នេះ ពី​ទីក្រុង​ប៉េកាំង ក្រសួងការពារជាតិ​ចិន ក៏​ចេញមុខ​ព្រមាន​ពី​ការកើត​សង្គ្រាម បើ​តៃវ៉ាន់​ប្រឹងរក​ឯករាជ្យ​នោះ​។ នា​ពិធី​ប្រកាស​សៀវភៅ​ស​ការពារជាតិ​នៅ​ថ្ងៃទី​២៤ ខែកក្កដា លោក Wu Qian អ្នកនាំពាក្យ​ក្រសួងការពារជាតិ​និយាយ​ច្បាស់​ថា ចិន នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​ការបង្រួបបង្រួម​ជាម​យ​តៃវ៉ាន់​ដោយ​សន្តិសុខ តែបើ​មាន​អ្នកណា​ហ៊ាន​បំបែក​តៃវ៉ាន់​ពី​ចិន កងទ័ព​ចិន​ត្រៀមខ្លួន​ធ្វើសង្គ្រាម​ដើម្បី​ការពារ​ទឹកដី និង​អធិបតេយ្យ​ជាតិ​របស់ខ្លួន​។​
 
​សំណុំរឿង​តៃវ៉ាន់ ស្ថិតក្នុង​ចង្កោម​បញ្ហា​រាប់​ជំពូក​នៃ​ទំនាក់ទំនង​ចិន និង​អាមេរិក​។ ក្រុង​ប៉េកាំង មិន​សប្បាយចិត្ត​ឡើយ នឹង​ការណ៍​ដែល​ក្រុង​វ៉ាស៊ីនតោន​បន្ត​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ទាំង​ទទួល​ខ្លួន​ជា​តំណាង​ស្របច្បាប់​តែមួយគត់​របស់​ចិន​ទាំងមូល​នោះ​។ លោក Wu Qian ក៏​ឆ្លៀត​រិះគន់​អាមេរិក​ជាថ្មីទៀត​ជុំវិញ​ការលក់​អាវុធ​មានតម្លៃ​សន្ធឹកសន្ធាប់​ឲ្យ​កោះ​រឹងរូស​មួយ​នេះ ទាំង​បាន​ផ្ដាច់ទំនាក់ទំនង​ការទូត​ជា​៤០​ឆ្នាំ​មកហើយ​ក្ដី​។  
 
​តាមពិត​ទៅនោះ អាមេរិក​ទោះ​មិន​ទទួលស្គាល់​តៃវ៉ាន់​ក្ដី ក៏​នៅតែ​បន្ត​ផ្ដល់​ទំនុកបម្រុង​នានា​ឲ្យ​សម្ព័ន្ធមិត្ត​មួយ​នេះ​ក្នុងពេល​ចាំបាច់​ដដែល ព្រោះ​មានច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ជួយ​តៃវ៉ាន់​ក្នុង​គ្រាអាសន្ន​។ ភាពមិន​ដាច់ស្រេច​បែបនេះហើយ ដែល​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ ហើយ​ដែល​ប៉ះពាល់​មិនតិច​ឡើយ​ក្នុង​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​នេះ​៕ 
 

Tag:
 អាមេរិក​
  តៃវ៉ាន់​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com