អន្តរជាតិ
អាមេរិក បញ្ជូននាវាចម្បាំងទៅកៀកតៃវ៉ាន់ ខណៈចិនព្រមានពីការផ្ទុះសង្គ្រាម នាវាចម្បាំងអាមេរិក USS ANTIETAM ដែលបើកកាត់ច្រកសមុទ្រតៃវ៉ាន់។ រូបភាពពីវេបសាយ www.shipnostalgia.com
× យោធាជើងទឹកអាមេរិក នៅថ្ងៃទី២៤ ខែកក្កដា និយាយថា ខ្លួនបានបញ្ជូននាវាចម្បាំងមួយគ្រឿងឲ្យបើកកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែករវាងចិនដីគោក និងកោះតៃវ៉ាន់។ សម្រាប់អាមេរិកនេះ ការធ្វើដំណើរនេះ ស្របតាមច្បាប់អន្តរជាតិ និងការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ គេមិនដឹងថា ពេលវេលាជាក់លាក់នៃដំណើរនាវាអាមេរិកឡើយ តែថ្ងៃទី២៤ ដដែលនេះ ចិនបានព្រមានពីការផ្ទុះសង្គ្រាម បើតៃវ៉ាន់ចង់បានឯករាជ្យនោះ។
នាវាចម្បាំងអាមេរិក USS Antietam បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ។ នេះជាការប្រកាសរបស់អ្នកនាំពាក្យកងនាវាចរណ៍ទី៧ នៃកងទ័ពជើងទឹកអាមេរិកនៅថ្ងៃទី២៤ ខែកក្កដា។ ដូចសព្វដងដែរនោះ វត្តមាននាវាចម្បាំងអាមេរិកលើកនេះ នឹងធ្វើឲ្យក្រុងប៉េកាំងក្ដៅស្លឹកត្រចៀកមិនខាន ដ្បិតចាត់ទុកសកម្មភាពនេះជាការបំពាននយោបាយចិនតែមួយ។
អ្នកនាំពាក្យកងនាវាចរណ៍ទី៧ Clay Doss និយាយក្នុងសេចក្ដីប្រកាសទៀតថា កងទ័ពជើងទឹកអាមេរិក នឹងបន្តហោះហើរ បើកឆ្លងកាត់ និងធ្វើប្រតិបត្តិការនៅគ្រប់កន្លែងដែលច្បាប់អន្តរជាតិអនុញ្ញាត។ សេរីភាពនាវាចរណ៍ក្រោមច្បាប់អន្តរជាតិនេះ ជាមូលហេតុដែលអាមេរិកតែងប្រើប្រាស់ក្នុងការបញ្ជូននាវាចម្បាំង ឬយន្តហោះចម្បាំងរបស់ខ្លួនទៅតំបន់ដែលមានភាពតានតឹងដូចជានៅសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់នេះជាដើម។
នៅថ្ងៃដដែលនេះ ពីទីក្រុងប៉េកាំង ក្រសួងការពារជាតិចិន ក៏ចេញមុខព្រមានពីការកើតសង្គ្រាម បើតៃវ៉ាន់ប្រឹងរកឯករាជ្យនោះ។ នាពិធីប្រកាសសៀវភៅសការពារជាតិនៅថ្ងៃទី២៤ ខែកក្កដា លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិនិយាយច្បាស់ថា ចិន នឹងធ្វើគ្រប់យ៉ាងដើម្បីការបង្រួបបង្រួមជាមយតៃវ៉ាន់ដោយសន្តិសុខ តែបើមានអ្នកណាហ៊ានបំបែកតៃវ៉ាន់ពីចិន កងទ័ពចិនត្រៀមខ្លួនធ្វើសង្គ្រាមដើម្បីការពារទឹកដី និងអធិបតេយ្យជាតិរបស់ខ្លួន។
សំណុំរឿងតៃវ៉ាន់ ស្ថិតក្នុងចង្កោមបញ្ហារាប់ជំពូកនៃទំនាក់ទំនងចិន និងអាមេរិក។ ក្រុងប៉េកាំង មិនសប្បាយចិត្តឡើយ នឹងការណ៍ដែលក្រុងវ៉ាស៊ីនតោនបន្តទំនាក់ទំនងជាមួយតៃវ៉ាន់ ទាំងទទួលខ្លួនជាតំណាងស្របច្បាប់តែមួយគត់របស់ចិនទាំងមូលនោះ។ លោក Wu Qian ក៏ឆ្លៀតរិះគន់អាមេរិកជាថ្មីទៀតជុំវិញការលក់អាវុធមានតម្លៃសន្ធឹកសន្ធាប់ឲ្យកោះរឹងរូសមួយនេះ ទាំងបានផ្ដាច់ទំនាក់ទំនងការទូតជា៤០ឆ្នាំមកហើយក្ដី។
តាមពិតទៅនោះ អាមេរិកទោះមិនទទួលស្គាល់តៃវ៉ាន់ក្ដី ក៏នៅតែបន្តផ្ដល់ទំនុកបម្រុងនានាឲ្យសម្ព័ន្ធមិត្តមួយនេះក្នុងពេលចាំបាច់ដដែល ព្រោះមានច្បាប់មួយដែលតម្រូវឲ្យរដ្ឋាភិបាលជួយតៃវ៉ាន់ក្នុងគ្រាអាសន្ន។ ភាពមិនដាច់ស្រេចបែបនេះហើយ ដែលធ្វើឲ្យចិនខឹងសម្បារ ហើយដែលប៉ះពាល់មិនតិចឡើយក្នុងទំនាក់ទំនងរវាងមហាអំណាចទាំងពីរនេះ៕
Tag:
អាមេរិក
តៃវ៉ាន់
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com