ជាតិ
​​​ន​យោ​បាយ​ជាតិ​
វៀតណាម ស្នើ​ឲ្យ​ទ័ព​កម្ពុជា អនុវត្ត​កិច្ចព្រមព្រៀង​ឲ្យ​មាន​ប្រសិទ្ធភាព​
25, Jul 2019 , 11:57 am        
រូបភាព
ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និង អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម នៅភ្នំពេញ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)
ជំនួបរវាងរដ្ឋមន្រ្តីការពារជាតិកម្ពុជា និង អនុរដ្ឋមន្រ្តីការពារជាតិវៀតណាម នៅភ្នំពេញ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ (រូបពីក្រសួងការពារជាតិ)
ដោយ: ថ្មីៗ
​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​វៀតណាម លោក ង្វៀង ជី​វិញ  (Nguyen Chi Vinh) បានស្នើ​រដ្ឋមន្ត្រី​ការពារជាតិ​កម្ពុជា សម្តេច ទៀ បាញ់ ឲ្យ​ដឹកនាំ​អង្គភាព​កងទ័ព អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ពិធីសារ ផែនការ និង កិច្ចព្រមព្រៀង​ប្រចាំឆ្នាំ ដែល​បាន​ចុះហត្ថលេខា​ជាមួយគ្នា​កន្លងមក​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម (Vietnam News Agency)



ជំនួប​រវាង​សម្តេច ទៀ បាញ់ និង លោក ង្វៀង ជី​វិញ ធ្វើឡើង​នៅ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៩​។ ទស្សនកិច្ច​របស់លោក ង្វៀង ជី​វិញ នៅ​កម្ពុជា គឺ​បញ្ចប់​នៅ​ថ្ងៃទី​២៤ ខែកក្កដា​។
 
​ក្នុងជំនួប​នោះ ភាគ​ទាំងពីរ បាន​ពិភាក្សាគ្នា​ពី​សន្តិសុខ និង​ស្ថានការណ៍​នយោបាយ ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក​។ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម ផ្សាយ​ថា វៀតណាម​និង​កម្ពុជា បាន​ឯកភាពគ្នា​លើ​ការយល់ឃើញ​ពី​បញ្ហា​យុទ្ធសាស្ត្រ ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ និង​នយោបាយ​នៃ​ប្រទេស​ទាំងពីរ ហើយ​បានបញ្ជាក់​រៀងខ្លួន​ថា គួរតែ​ពង្រឹង​ទំនាក់ទំនង​ផ្នែក​ការពារជាតិ ព្រមទាំង​បន្ត​រក្សា និង​លើកកម្ពស់​ចំណងមិត្តភាព​។ 
 
​ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម សរសេរ​ដូច្នេះ​ថា​៖«​ភាគី​ទាំងពីរ ឯកភាព​ថា កិច្ចចរចា​លើ​គោលនយោបាយ​ការពារជាតិ គឺជា​កត្តា​ដ៏​សំខាន់ ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​»​។​
 
​លើសពីនេះ ទីភ្នាក់ងារសារព័ត៌មាន​វៀតណាម សរសេរ​ទៀតថា វៀតណាម​-​កម្ពុជា បាន​យល់ព្រម​ជាមួយគ្នា ដើម្បី​ពង្រឹង​ការអនុវត្ត​ផែនការ​ប្រចាំឆ្នាំ ដែល​ផ្តោត​សំខាន់​លើ​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិ​នយោបាយ​ក្នុង​វិស័យ​យោធា ដោយ​ត្រូវ​ប្រឆាំងនឹង «​ការ​បំផ្លើស​ព័ត៌មាន​ខុស​ការពិត ក្នុង​គោលបំណង​បំផ្លិចបំផ្លាញ» ​ពី​សំណាក់​កម្លាំង​សត្រូវ​ នៅតាម​បណ្តាញ​សង្គម​នានា។​
 
​ចំណែក ក្រសួងការពារជាតិ​ក​ម្ពុ​ជា ផ្សាយ​ថា សម្តេច ទៀ បាញ់ លើកឡើង​ពី​ការរួមចំណែក​ដ៏​ធំធេង​ទាំង​ស្មារតី​និង​សម្ភារ​របស់​កងទ័ព​វៀតណាម​តាំងពីដើម​មក ក្នុង​ការកសាង​យោធពលខេមរភូមិន្ទ​កម្ពុជា​។ សម្តេច លើកឡើង​ទៀតថា កងទ័ព​ជន​វៀតណាម ថែមទាំង​បាន​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ក្នុង​កងយោធពល​ខេមរភូមិន្ទ​ផងដែរ​។ 
 
​ក្រសួងការពារជាតិ បាន​សរសេរ​ពីស​ម្តី​របស់​សម្តេច​រដ្ឋ​មន្ត្រី ដូច្នេះ​ថា​៖«​ជាក់ស្តែង​នៅក្នុង អនុស្សារណៈ​ស្តីពី​ផែនការ​កិច្ចសហប្រតិបត្តិការ​ឆ្នាំ​២០១៩ រវាង​ក្រសួងការពារជាតិ​នៃ​ប្រទេស​យើង​ទាំងពីរ បាន​បង្ហាញថា រដ្ឋាភិបាល និង​កងទ័ព​ប្រជាជន​វៀ​ណា​ម នៅតែ​បន្ត​យកចិត្តទុកដាក់​ជួយ​ដល់​កងយោធពល​ខេមរភូមិន្ទ ជា​រៀងរហូត​»៕ 
 

Tag:
 កម្ពុជា​-​វៀតណាម​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com