អន្តរជាតិ
ពលរដ្ឋ និង​ព្រះសង្ឃ​ស្រីលង្កា ធ្វើបាតុកម្ម​មុខ​ស្ថានទូត​អង់គ្លេស ទាមទារ​ឲ្យ​ដឹក​សំរាម​ទៅវិញ​
25, Jul 2019 , 2:15 pm        
រូបភាព
 ប្រភពរូប៖ BBC
ប្រភពរូប៖ BBC
ដោយ:
ត្រឹម​មួយថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​អាជ្ញាធរ​ស្រីលង្កា បាន​ប្រាប់​ឲ្យ​ចក្រភព​អង់គ្លេស​ទទួលយក​ទៅវិញ​នូវ​កុងតឺន័រ​ចំនួន​ជាង​១០០​ទូ ដែល​ផ្ទុក​ទៅដោយ​សំរាម​គ្រោះថ្នាក់ បាតុកម្ម​ទ្រង់ទ្រាយ​តូច​មួយ បាន​ផ្ទុះឡើង​នៅមុខ​ស្ថាន​តំណាង​អង់គ្លេស​ប្រចាំ​ស្រីលង្កា​។​

 
​រូបភាព និង​វីដេអូ​របស់​មន្ត្រី​គយ​ស្រីលង្កា កំពុង​ចុះ​ត្រួតពិនិត្យ​កុងតឺន័រ​ទាំង​១១១​ទូ នៅ​កំពង់ផែ​កូឡុំបូ ត្រូវបាន​អ្នកប្រើប្រាស់ Facebook នៅ​ស្រីលង្កា​ចែករំលែក​យ៉ាង​សុសសាយ  កាលពី​ថ្ងៃ​អង្គារ​ទី​២៣ កក្កដា​។ ដោយសារ​កំហឹង​នឹង​រឿងនេះ នៅ​ថ្ងៃទី​ពុធ ទី​២៤ ខែកក្កដា សង្ឃ និង​ក្រុម​អ្នក​បរិស្ថាន​មួយក្រុម​តូច បានធ្វើ​បាតុកម្ម​នៅក្រៅ​ស្ថានទូត​អង់គ្លេស​ប្រចាំ​ទីក្រុង​កូឡុំបូ​។ 
 
«​ស្រីលង្កា ពុំមែន​ជា​ធុងសំរាម​របស់​អ្នក​ឡើយ​», «​ចក្រភព​អង់គ្លេស យក​សំរាម​អ្នក​ទៅវិញ​», «​ចក្រភព​អង់គ្លេស កំពុង​បំពុល​ទិសដៅ​ទេសចរណ៍​ទីមួយ​របស់​ពិភពលោក​»​។ នេះ​ជា​អ្វីដែល​ក្រុមបាតុករ​ស្រីលង្កា​បាន​សរសេរ​ដាក់​លើ​បដា​ពេល​ឈរ​នៅមុខ​ស្ថានទូត​អង់គ្លេស​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន BBC លោកស្រី Manjuri Sumitrarachi បាតុករ​ម្នាក់ ដែល​នាំ​ទាំង​គ្រួសារ​មក​ចូលរួម​ក្នុង​បាតុកម្ម​នេះ​ផង​នោះ បាន​និយាយថា​៖ «​ខ្ញុំ ធ្វើ​រឿងនេះ ដើម្បី​ការពារ​អនាគត​ប្រទេស​ខ្ញុំ និង​កូនៗ​ខ្ញុំ​»​។ លោកស្រី អះអាង​ទៀតថា​៖ «​ស្រីលង្កា ជា​ប្រទេស​តតិយលោក ដែល​មិនសូវ​អភិវឌ្ឍ ហើយ​បច្ចុប្បន្ន យើង កំពុង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ណាស់​ទៅហើយ​។  តើ​យើង​អាច​ទទួលខុសត្រូវ​ចំពោះ​សំរាម​ប្រទេស​ដទៃ​ដោយ​របៀប​ណា​?»​
 
​នៅក្នុង​ទូ​កុងតឺន័រ ដែល​បាន​ទុកចោល​នៅ​កំពង់ផែ​ក្រុង​កូឡុំបូ តាំងពី​ជាង​២​ឆ្នាំមុន មន្ត្រី​គយ​ស្រីលង្កា នៅ​ថ្ងៃ​អង្គារ​ទី ២៣ កក្កដា បាន​ប្រទះឃើញ សារធាតុ​ដែល​ពួកគេ​ចាត់ទុកថា​គ្រោះថ្នាក់​បំផុត លាយឡំ​ក្នុង​សំណល់​ប្លា​ស្ទិ​ក និង​វេជ្ជសាស្ត្រ​។​
 
ទាក់ទិន​នឹង​បញ្ហា​នេះ លោក Avishka Sendanayake សកម្មជន​បរិស្ថាន​ស្រីលង្កា​ម្នាក់ ដែល​ចូលរួម​ក្នុង​បាតុកម្ម​នេះ បាន​ប្រាប់ BBC ថា​៖ «​យើង​ដឹងថា សំណល់​ទាំងនេះ មាន​ផ្ទុក​សារធាតុ​គីមី​ខ្លះ​។ តាមរយៈ​វីដេអូ យើង​មើលឃើញ កាកសំណល់​នោះ មាន​ហូរ​ទឹក​ចេញមកក្រៅ​ទូ​កុងតឺន័រ​»​។ លោក បន្តថា លោក​ចង់​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ទទួល​ខុសត្រូវ​ចំពោះ​បញ្ហា​នេះ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្រីលង្កា​បញ្ជូន​សំរាម​ទាំង​១១១​ទូ​នោះ​ត្រឡប់​ទៅ​ប្រភពដើម​វិញ​។ 
 
​ទោះជា​បែបនេះ​ក្តី ភ្នាក់ងារ​បរិស្ថាន​អង់គ្លេស គូសបញ្ជាក់ថា ខ្លួន អាច​ទទួលយក​សំណល់​ទាំងអស់នេះ​វិញ ប្រសិនបើ​មាន​ភស្តុតាង​បញ្ជាក់ថា សំរាម​នេះ ត្រូវបាន​នាំចេញ​ដោយ​ខុសច្បាប់​ដោយផ្ទាល់​ពី​ប្រទេស​អង់គ្លេស​។ ហើយ​ចំណាត់ការ នឹងត្រូវ​ដាក់​ចេញពី​សំណាក់​រដ្ឋាភិបាល​ក្រុង​ឡុង​ដ៍ ប្រសិនបើ​បុគ្គល ឬ​ក្រុមហ៊ុន ដែល​បាន​នាំចេញ​សំរាម​ទាំងនោះ ពុំ​ត្រូវបាន​អាជ្ញាធរ​ស្គាល់​អត្តសញ្ញាណ ឬ​បដិសេធ​ក្នុង​ការនាំ​ត្រឡប់មក​ប្រភពដើម​វិញ​ទេ​៕

Tag:
 ស្រីលង្កា​
  ចក្រភព​អង់គ្លេស​
  សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com