មន្ត្រីយោធា​២​នាក់ បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ​បាក់​ស្ពាន​នៅ​ខេត្តស្ទឹងត្រែង​
ជាតិ
សង្គមជាតិ
មន្ត្រីយោធា​២​នាក់ បាត់​ខ្លួន​ក្នុង​ឧបទ្ទវហេតុ​បាក់​ស្ពាន​នៅ​ខេត្តស្ទឹងត្រែង​
25, Jul 2019 , 3:37 pm        
រូបភាព
ប្រភពរូបថត៖ វ៉ិបសាយក្រសួងព័ត៌មាន
ប្រភពរូបថត៖ វ៉ិបសាយក្រសួងព័ត៌មាន
​ភ្នំពេញ​៖ មកដល់ពេលនេះ ពោលគឺ​រយៈពេល​២​ថ្ងៃ​ទៅហើយ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​នៅតែ​មិនទាន់​រកឃើញ​មន្ត្រី​យោធា​ពីររូប​ដែល​បាត់​ខ្លួន​ជាមួយ​ម៉ូតូ ក្នុង​ឧបទ្ទវហេតុ​បាក់​ស្ពាន​នោះឡើយ​។ គ្រោះថ្នាក់​បានកើត​ឡើង​កាលពី​ថ្ងៃរសៀល​ថ្ងៃទី​២៤ ខែកក្កដា ដោយ​ជនរងគ្រោះ​បាននាំគ្នា​ជិះ​ម៉ូតូ​កាត់ ចំពេល​ដែល​ដី និង​ស្ពាន​បាន​បាក់​ដោយសារតែ​កម្លាំង​ទឹក​បុក​ខ្លាំង​។ នេះ​បើតាម​រូបភាព​វីដេអូ​ខ្លី​មួយ ដែល​ថត​បាន​ដោយ​ចៃដន្យ​។​

 
​លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង បានបញ្ជាក់​ប្រាប់​សារព័ត៌មាន ThmeyThmey ថា ស្ពាន​ឆ្លងកាត់ «​អូរ​ម៉ា​» ដែល​ស្ថិតនៅ​ក្នុងភូមិ​ញុំ​ង​ស៊ុ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​នោះ ជា​ស្ពាន​បណ្តោះអាសន្ន​ដើម្បី​ឲ្យ​ពលរដ្ឋ​ឆ្លងកាត់​ប្រចាំថ្ងៃ​ខណៈដែល​ស្ពាន​ថ្មី​ធ្វើ​ពី​ថ្ម​សាងសង់​មិនទាន់រួច​នៅឡើយ​។ 

 
 
​លោកស្នងការ​ខេត្ត បាន​បន្ថែមថា មន្ត្រី​យោធា​ទាំង​ពីររូប ដែលមាន​ឈ្មោះ សុខ សុវណ្ណ​ឌី និង ភី ណាក់​ដា​លី ជា​មន្ត្រី​យោធា បម្រើ​ការងារ​ជួរមុខ​ក្នុង​អង្គ​ភាពវរ​សេនា​តូច ប្រចាំការ​នៅ​ភូមិសាស្ត្រ​អូរ​អាឡៃ​នៃ​ព្រំដែន​កម្ពុជា​-​ឡាវ​។ ពួកគាត់​ស្ថិតក្នុង​ដំណើរ​ទៅកាន់​មន្ទីរពេទ្យ មុនពេល​ជួប​គ្រោះថ្នាក់​ដោយ​ចៃដន្យ​។​
 
​គិត​ត្រឹម​ម៉ោង​ជិត​៤​រសៀល ថ្ងៃទី​២៥​កក្កដា​នេះ មិន​ត្រឹមតែ​យុវជន​ទាំង​២​នាក់​នោះ រក​មិនទាន់​ឃើញ​ទេ សូម្បីតែ​ម៉ូតូ ដែល​បាន​ធ្លាក់​នៅក្នុង​អូរ​ម៉ា ក៏​មិនទាន់​រកឃើញ​ដែរ​។ លោក ម៉ៅ តារា បាន​និយាយ​ដូច្នេះ​៖«​រយៈពេល​៣-៤​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​ទឹកអូរ​ម៉ា​នេះ ក៏​ហូរ​ខ្លាំងណាស់​ផងដែរ​។ មូលហេតុ​នៃ​ការបាក់​ស្ពាន​នេះ គឺ​បណ្តាលមកពី​ភ្លៀង ធា្ល​ក់​ខ្លាំងពេក​ធ្វើឱ្យ​ច្រោះ​ដី​ផ្នែក​ខាងក្រោម ហើយ​ស្រប​នឹង​ទម្ងន់​ទាំង​២​នាក់​នោះ រួមជាមួយ​ទម្ងន់​ម៉ូតូ ស្រាប់តែ​បណ្តាល​ឲ្យ​បាក់ស្រុត ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់ចូល​ទឹក​ទាំង​មនុស្ស និង​ម៉ូតូ​តែម្តង​»៕

Tag:
 ឧបទ្ទវហេតុ​
  ស្ពាន
© រក្សាសិទ្ធិដោយ thmeythmey.com