អន្តរជាតិ
លោក ត្រាំ ប្រើ​អំណាច​វ៉េតូ​ដើម្បី​បន្ត​គម្រោង​លក់​អាវុធ​ឲ្យ​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​
25, Jul 2019 , 8:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត នាពេលកន្លងមក។ រូបភាព AFP
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នាជំនួបជាមួយរជ្ជទាយាទអារ៉ាប៊ីសាអូឌីត នាពេលកន្លងមក។ រូបភាព AFP
​នៅ​ថ្ងៃទី​២៤ ខែកក្កដា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ប្រើ​អំណាច​វ៉េតូ​លើ​ដំណោះស្រាយ​ចំនួន​បី​របស់​សភា​ហាមឃាត់​រដ្ឋាភិបាល​អាមេរិក​លក់​អាវុធ​ឲ្យ​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​។ លោក ត្រាំ ប្រាប់​សភា​ថា ទំនាក់ទំនង​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​ដូចជា​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជាដើម នឹងរង​ផលប៉ះពាល់ បើ​គម្រោង​លក់​អាវុធ​នេះ​ត្រូវ​ផ្អាក​នោះ​។ ប៉ុន្តែ​រដ្ឋបាល​លោក ត្រាំ ទំនង​មិនបាន​គិតដល់​វិនាសកម្ម​នៅ​យេ​ម៉ែន ដែល​កើតចេញពី​អាវុធ​ទាំង​នេះឡើយ​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅកាន់​ព្រឹទ្ធសភា​អាមេរិក ដើម្បី​បង្ហាញ​ជំហរ​បដិសេធ​ដំណោះស្រាយ​របស់​ស្ថាប័ន​នី​តប​ញ្ញត្តិ​ដែល​រឹតត្បិត​ការលក់​អាវុធ​ឲ្យ​មិត្តភក្តិ​នៅ​មជ្ឈិមបូព៌ា​។ ក្នុង​សំបុត្រ​ថ្ងៃទី​២៤ ខែកក្កដា លោក ត្រាំ ប្រាប់​សភា​អាមេរិក​ថា ដំណោះស្រាយ​ចំនួន​បី​នោះ ធ្វើ​ឲ្យ​សមត្ថភាព​ប្រកួតប្រជែង​សាកល​របស់​អាមេរិក ទន់ខ្សោយ និង​បំផ្លាញ​ទំនាក់ទំនង​ដ៏​សំខាន់​រវាង​អាមេរិក និង​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​។ 
 
​នេះ​ជា​លើក​ទី​បី​ហើយ​ដែល​លោក ត្រាំ ប្រើ​អំណាច​វ៉េតូ​ប្រឆាំង​ការសម្រេច​របស់​សភា ចាប់​តាំង​ចូលកាន់​តំណែង​នៅ​ឆ្នាំ​២០១៧ មក​។ លើ​រឿង​លក់​អាវុធ​នេះ រដ្ឋបាល​លោក ត្រាំ ក្នុង​ខែឧសភា​កន្លងទៅ បានប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដើម្បី​អាច​លក់​អាវុធ​បាន​។ តាមពិតទៅ នេះ​ក៏​ជា​រឿង​កម្រ​មាន​ដែរ​នៅពេល​រដ្ឋាភិបាល​អាមេរិក ប្រកាស​ភាពអាសន្ន​ដើម្បី​គ្រាន់តែ​បើកផ្លូវ​ដល់​ការលក់​អាវុធ ដោយ​មិន​ឆ្លងកាត់​សភា​។ 
 
​សភា​ទាំងពីរ​របស់​អាមេរិក បាន​បោះឆ្នោត​ជា​បន្តបន្ទាប់​ប្រឆាំង​គម្រោង​លក់​អាវុធ​មានតម្លៃ​ជាង​៨​ពាន់​លាន​ដុល្លារ​នេះ ក្រោម​ក្ដីបារម្ភ​ថា វា​នឹងធ្វើ​ឲ្យ​សង្គ្រាម​នៅ​យេ​ម៉ែន​កាន់តែ​យ៉ាប់យ៉ឺន ហើយ​អាវុធ​របស់​អាមេរិក​នឹង​ចូលក្នុង​មហន្តរាយ និង​វិបត្តិ​មនុស្ស​ធ​ម៏​ធំ​មួយ​នេះ​។ នេះ​ក៏​ព្រោះតែ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ជា​មេដឹកនាំ​នៃ​សម្ព័ន្ធមិត្ត​ចម្រុះ​ដែល​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នៅ​យេ​ម៉ែន តទល់​នឹង​ក្រុម​ឧទ្ទាម​ហ៊ូ​ទី​គាំទ្រ​ដោយ​អ៊ីរ៉ង់​។​
 
​ជា​នីតិវិធី​បន្ទាប់ សភា​អាមេរិក​ត្រូវ​រក​សំឡេង​ឲ្យ​ពីរភាគបី​ដើម្បី​បដិសេធ​អំ​ណា​វ៉េតូ​របស់លោក ត្រាំ បើ​ចង់​បិទផ្លូវ​គម្រោង​លក់​អាវុធ​នេះ​។ បើ​មិនអាច​ប្រមូល​សំឡេង​គ្រប់​ពីរភាគបី​ទេនោះ រដ្ឋាភិបាល​លោក ត្រាំ នឹង​អាច​លក់​អាវុធ​ឲ្យ​សម្ព័ន្ធមិត្ត​នៅ​មជ្ឈិមបូព៌ា​បានតែ​ម្ដង​។ 
 
​វិបត្តិ​នៅ​យេ​ម៉ែន​ដែលមាន​អាយុ​ជាង​៧​ឆ្នាំ​មកហើយ​នោះ រក​ច្រកចេញ​មិនទាន់​ឃើញ​ឡើយ ទោះជា​មនុស្ស​ជាច្រើន​បាន​ស្លាប់ ហើយ​រាប់ម៉ឺន​នាក់​ទៀត បាត់បង់​ផ្ទះសម្បែង​ក៏ដោយចុះ​។ មិនមែន​រឿង​នៅ​យេ​ម៉ែន​នេះឡើយ ឃាតកម្ម​អ្នកកាសែត Jamal Kashoggi ក៏​ជា​រឿង​ដែល​ធ្វើ​ឲ្យ​សមាជិកសភា​អាមេរិក​មិន​ពេញ​ចិត្តនឹង​អា​រ៉ា​ប៊ី​សា​អូឌីត​ដែរ​។ មកទល់ពេលនេះ ពន្លឺយុត្តិធម៌​មាន​តិចតួច ឯ​មេក្លោង​ក៏​រក​មិនឃើញ​ដូចគ្នា​ដែរ ទោះ​ក្រុង​រី​យ៉ា​ដ​ចាត់ការ​មនុស្ស​ជាច្រើន​ហើយ​ក្ដី​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  អា​រ៉ា​ប៊ី​សា​អូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com